ជាតិ
លោក ជា សុផារ៉ា​៖ ឲ្យ​តែ​យើង​បាន​ដោះស្រាយបញ្ហា​ពលរដ្ឋ គឺ​ល្បី​ហើយ មិនចាំបាច់​ផ្សាយ​តាម​ទូរទស្សន៍​ឡើយ​
26, Dec 2018 , 3:11 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រូបពីហ្វេសប៊ុកលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បាន​ប្រាប់​មន្ត្រី​ក្រសួង​ទាំងអស់ ត្រូវតែ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​យុត្តិធម៌ ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​សង្គម​។ លោក ជា សុផារ៉ា កំណត់​ទិសដៅ​៣​ឆ្នាំ​ទៀត ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពលរដ្ឋ​ទូទាំងប្រទេស ឲ្យ​ចប់សព្វគ្រប់​។ រដ្ឋមន្ត្រី​រូបនេះ បាន​ផ្ដាំ​មន្ត្រី​ខ្លួន​ថា កេរ្តិ៍ឈ្មោះ និង​កិត្តិយស កើតចេញពី​ការដោះស្រាយ​បញ្ហា​ពលរដ្ឋ ហើយ​មិនចាំបាច់​ផ្សាយ​តាម​ទូរទស្សន៍​ឡើយ​។​

 
«​បើ​(​អស់លោក​)​ប្រឹង ខ្ញុំ​ថា​តែ​២​ឆ្នាំ​ទេ អាច​ដោះស្រាយ​បញ្ហាដីធ្លី​បាន​ហើយ វា​មិន​ដល់​៣​ឆ្នាំ​នោះទេ »​។ នេះ​ជាការ​លើកឡើង​របស់លោក ជា សុផារ៉ា ដែល​ជំរុញ​ឲ្យ​មន្ត្រី​ជាង​៣​ពាន់​នាក់​របស់​ក្រសួង ត្រូវតែ​គោរព​វិ​ជ្ជា​ជីវៈ​ការងារ និង​ប្រកាន់ខ្ជាប់​នូវ​ឧ​ត្ត​ម​គតិ​របស់ខ្លួន ក្នុងការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ចប់ ដោយ​មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​រង​ទុក្ខ​លើ​បញ្ហាដីធ្លី​តទៅទៀត​ទេ​។​
 
​ក្រៅពី​ដាក់​កំហិត​ដល់​មន្ត្រី​ឲ្យ​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​នេះ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ក៏បាន​រិះគន់​ចំៗ​ថា បញ្ហាដីធ្លី​ពលរដ្ឋ​កន្លងមក គឺ​បណ្ដាលមកពី​ភាព​អសកម្ម​របស់​មន្ត្រី និង​ការដោះស្រាយ​ដោយ​អយុត្តិធម៌​លើ​ករណី​ទំនាស់​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​។ និយាយ​បែបនេះហើយ​លោក ជា សុផារ៉ា ក៏បាន​ផ្ដាំ​ឲ្យ​មន្ត្រី​ខ្លួន ស្ដារ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស តាមរយៈ​ការបំពេញ​ការងារ​ឲ្យ​បានល្អ​ជូន​ពលរដ្ឋ ល្អ​ជាង​ការ​បង្ហាញមុខ​តាមតែ​កញ្ចក់​ទូរទស្សន៍ ។​

សូមស្តាប់ប្រសាសន៍លោក ជា សុផារ៉ា៖



 
​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ថ្មី​ឆ្នាំ​២០១៩​របស់​ក្រសួង ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បំណងប្រាថ្នា និង​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ការដោះស្រាយ​វិវាទ​នេះ សូម​ឲ្យ​លោក​-​លោកស្រី មេត្តា​គិតថា រូបគាត់​ដែលមាន​បញ្ហា សូម​ឲ្យ​យើង​នេះ បាន​ឆ្លើយតប​ជាមួយ​ប្រជាពលរដ្ឋ​ទាន់ពេលវេលា នូវ​អ្វីដែល​ប្រជាពលរដ្ឋ​របស់​យើង​ចង់បាន​។ នេះ​គឺជា​បំណងប្រាថ្នា​របស់​យើង នេះ​ជា​សមត្ថភាព នេះ​ជា​កិត្តិយស​របស់​យើង បើ​ដោះស្រាយ​វិវាទ​នេះ​ជូន​ពួកគាត់​បាន គឺ​គាត់​សប្បាយចិត្ត​ណាស់​។ កេរ្តិ៍ឈ្មោះ កិត្តិយស និង​សមត្ថភាព​ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ អត់​ចាំបាច់​ផ្សាយ​នៅ​ទូរទស្សន៍ CTN ទេ​។ អត់​ចាំបាច់​ទេ​។ ឲ្យ​តែ​យើង​បាន​ដោះស្រាយ(បញ្ហា)​ជូន​ពួកគាត់ គឺ​ល្បី​រន្ទឺ​»​។​
 
​ដើម្បី​បំពេញការងារ​នេះ​ឲ្យ​បានល្អ លោក ជា សុផារ៉ា ស្នើ​ឲ្យ​មន្ត្រី​ថ្នាក់​ខេត្ត​ទាំងអស់ ធ្វើ​បច្ចុប្បន្នភាព​ពី​បញ្ហា​ទំនាស់​ដីធ្លី​ឲ្យ​បាន​ញឹ​កញាប់ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ទាំងនោះ ឲ្យ​ទាន់ពេលវេលា ពោលគឺ​មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រត់​ចុះ​រត់ឡើង​នោះទេ​។ «​មើល​អង្គហេតុ​ឲ្យ​ច្បាស់ ដី​របស់គាត់ ហេតុអ្វី​ថា​ជា​ដី​របស់​អ្នកនោះ​។ ហើយ​អ្នកនោះ​អត់​មាន​ដី​ទេ ចុះ​ហេតុអ្វី​បានជា​យើង​ធ្វើ​សេចក្ដី​សន្តិ​ដ្ឋា​ន នៅក្នុង​អង្គហេតុ ថា​អ្នកនោះ​មាន​ដី​ទៅវិញ នេះ​ជា​អំពើ​អយុត្តិធម៌ មួយ​ដែល​ប្រជាពលរដ្ឋ  ទាំង​យើង ទាំង​គេ ចងចាំ​ត​ត្រកូល មិនអាច​បំភ្លេច​បានទេ នូវ​អំពើ​អ​យុតិធម៌​របស់​យើង​ចំពោះ​ប្រជាពលរដ្ឋ​។ ខ្ញុំ​សុំ​ឲ្យ​មន្ត្រី​ជាង​៣​ពាន់​នាក់​នៅក្នុង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចាត់ទុកថា មិនចាំបាច់​ទៅ​ហែរ​កឋិន ដាក់​បិណ្ឌ​ដាក់​បាត្រ​អី​​នោះទេ ព្រោះ​ខាង​សាសនា​គឺត្រូវអ៊ី​ចឹ​ង​ហើយ ខ្ញុំ​មិន​បដិសេធ​នោះទេ ប៉ុន្តែ​ដែល​បាន​បុណ្យ​ជាងគេ​នោះ គឺ​អំពើ​ល្អ​របស់​យើង ដែល​តាមរយៈ​ឧ​ត្ត​គតិ  និង​គោរព​វិ​ជ្ជា​ជីវៈ សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​»​។ នេះ​ជាការ​ជំរុញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​។​
 
​បច្ចុប្បន្ននេះ​ក្រសួង​ដែនដី បានទទួល​ពាក្យបណ្តឹង​ចំនួន ៨,៣២២​ករណី ដោយ​ក្នុងនោះ​ក្រសួង​បាន​ដោះស្រាយ​ប​ពា្ច​ប់​ចំនួន ៣,៩៣៨​ករណី ដែលមាន ២០,៩៣៧​គ្រួសារ ស្មើនឹង​ផ្ទៃដី​ចំនួន ៦,៣០៤.៨៤​ហិកតា​។ ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ច្រានចោល​ពាក្យបណ្តឹង ដែល​ខុសពី​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​ចំនួន ២,៦៨៩​ករណី​, សុំ​ដក​ពាក្យបណ្តឹង​ចំនួន ៨៦៩​ករណី និង​កំពុង​ដោះស្រាយ​ចំនួន ៨២៦​ករណី​។ 
 
​ក្រៅពីនេះ​ក៏មាន​លទ្ធផល​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត ចំនួន​៣,២៦០​ករណី ដែល​ក្នុងនោះ​មានការ​ដោះស្រាយ​បញ្ចប់​ចំនួន ១,៦៨៧​ករណី​, ច្រានចោល​ចំនួន ៨៨១​ករណី​, ដក​ពាក្យ​ចំនួន ៤២១​ករណី និង​បញ្ជូនទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ចំនួន ២៧១​ករណី​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ថ្មី​ឆ្នាំ​២០១៩​របស់​ក្រសួង​។​
 
​របាយការណ៍​បានបង្ហាញ​ទៀតថា ក្រសួង​បានធ្វើការ​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ ផលិត​ស្ករ​នាំចេញ ក្នុង​ខេត្តកោះកុង ៩៦០​គ្រួសារ​, ព្រះវិហារ ៥៧​សលាក​ប​ត្រ​, ឧ​ត្ត​រ​មានជ័យ ៤១២​គ្រួសារ​, និង​ខេត្តកំពង់ស្ពឺ ៩​ករណី​៕
 

Tag:
 វិវាទ​ដីធ្លី​
  ក្រសួង​ដែនដី​
  ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com