ជាតិ
ក្រោយ​កម្មករ​ធ្វើ​កូដកម្ម ស៊ីន​ទ្រី យល់ព្រម​បន្ថែម​៩​ដុល្លារ លើ​ប្រាក់ខែ​គោល
28, Dec 2018 , 12:59 pm        
រូបភាព
រូបដោយ៖ សៅ សុខអេង
រូបដោយ៖ សៅ សុខអេង
​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ធ្វើ​កូដកម្ម​ពី​កម្មករ​ប្រមូល​សំរាម ក្រុមហ៊ុន​ស៊ីន​ទ្រី បានសម្រេច​ដំឡើង​ប្រាក់​៩ដុល្លារ​បន្ថែម លើ​ប្រាក់ខែ​គោល​។ លោក ទួន ស៊ី​ផេង ប្រធានប្រតិបត្តិការនៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ប្រាក់​បន្ថែម​៩ដុ​លា្ល​រ​នេះ  នឹងត្រូវ​អនុវត្ត ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៩​។

 
​លោក ទួន ស៊ី​ផេង បាន​និយាយថា ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​កូដកម្ម​នេះ  ដោយសារ​កម្មករ​ទាំង​នោះ មិនបាន​យល់​រវាង​ប្រាក់​អតីតភាព និង​ប្រាក់រង្វាន់​អតីតភាព​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បានកំណត់​។​
 
​លោក បាន​បន្តថា ក្រុមហ៊ុន​ឬ​រោងចក្រ​សហគ្រាស​ទាំងអស់ ដែល​ស្ថិតនៅក្រោម​ឱវាទ​របស់​ក្រសួង​ការងារ ត្រូវតែ​អនុវត្ត​នូវ​សកម្មភាព​ពីរ​ចំណុច​នេះ​។ ដូច្នេះ កម្មករ​មិនបាច់​នាំគ្នា​តវ៉ា ធ្វើ​កូដកម្ម ក៏​ក្រុមហ៊ុន​ត្រូវប្រគល់​ប្រាក់​ទាំងពីរ​ចំណុច​ខាងលើ​ឲ្យ​ដែរ​។ 
 
​ប្រាក់ខែ​គោល​របស់​កម្មករ​ស៊ីន​ទ្រី​បច្ចុប្បន្ន គឺ​១៦៨​ដុល្លារ​។ ជាមួយគ្នានេះ ក៏មាន​ការ​បូក​បន្ថែម​លើ​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​ផងដែរ ដែលមាន​កម្មករ​សរុប​២,១៨០​នាក់​។ នេះ​បើតាម​លោក ទួន ស៊ី​ផេង ដដែល​។​
 
​សូម​រម្លឹកថា ក្រុមកម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ជិត​២០០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម នៅ​កា​រ៉ា​ស​រថយន្ត​ស៊ីន​ទ្រី ដែល​ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​ថ្ងៃទី​២៧​ធ្នូ​ ដើម្បីសុំដំឡើងប្រាក់១២ដុល្លារបន្ថែម។ ប៉ុន្តែ ជាលទ្ធផល ក្រុមហ៊ុនស៊ីនទ្រី បានយល់ព្រមដំឡើងឲ្យតែ៩ដុល្លារប៉ុណ្ណោះ៕ 

Tag:
 ជាតិ​
 ​សេដ្ឋកិច្ច​
  ប្រាក់ខែ​
  សំរាម​
 ​កូដកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com