អន្តរជាតិ
អុីស្រាអែល ជំទាស់បំណងប៉ាឡេស្ទីនដែលចង់ក្លាយជាសមាជិក UN អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ជជែកជាមួយតំណាងអ៊ីស្រាអែល Danny Dannon អំឡុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ។ (រូបភាព Reuters)
× គ្រាន់តែឮថា ប៉ាឡេស្ទីនត្រៀមដាក់ពាក្យស្នើសុំទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីក្លាយជាសមាជិកពេញសិទ្ធិ អុីស្រាអែលក៏ចេញជំទាស់ភ្លាម។ បេសកកម្មអុីស្រាអែលប្រចាំ UN អះអាងថា ប៉ាឡេស្ទីនគាំទ្រភេរវករ តែបែរជាចង់ក្លាយជាសមាជិករបស់ UN ទៅវិញ។ អុីស្រាអែលដែលដឹងខ្លួនថា គ្មានអំណាចទប់ស្កាត់ប៉ាឡេស្ទីនបាននោះ នឹងចាប់ដៃជាមួយសម្ព័ន្ធមិត្តអាមេរិកដើម្បីផ្ដាច់ផ្លូវរបស់សត្រូវរបស់ខ្លួន។
ប៉ាឡេស្ទីន នឹងលើកគម្រោងដំឡើងឋានៈពីរដ្ឋសង្កេតការណ៍ទៅជាសមាជិកពេញសិទ្ធិទៅកាន់អង្គការសហប្រជាជាតិនៅខែមករា ឆ្នាំ២០១៩ ខាងមុខ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអុីស្រាអែល Riyad al-Maliki នៅថ្ងៃទី២៦ ខែធ្នូ កន្លងទៅ។ យ៉ាងណាមិញ គូប្រជែងរបស់ប៉ាឡេស្ទីន គឺអុីស្រាអែល កំពុងរង់ចាំប៉ែងជើងប៉ាឡេស្ទីននៅឯអង្គការសហប្រជាជាតិ។
អគ្គរដ្ឋទូតអុីស្រាអែលប្រចាំអង្គការសហប្រជាជាតិ Danny Danon បានប្រកាសថា អុីស្រាអែលកំពុងត្រៀមខ្លួនដើម្បីបញ្ឈប់គំនិតផ្ដួចផ្ដើមនេះ។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួន បេសកជនអុីស្រាអែលរូបនេះបានចោទប៉ាឡេស្ទីនថា បានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមភេរវជន និងលើកទឹកចិត្តឲ្យមានអំពើហិង្សាប្រឆាំងអុីស្រាអែល តែពេលនេះកំពុងស្វះស្វែងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិទៅវិញ។
តាមគោលការណ៍អង្គការសហប្រជាជាតិ មហាសន្និបាតជាស្ថាប័នទទួលបន្ទុកលើពាក្យស្នើសុំចូលជាសមាជិក។ ប៉ុន្តែពាក្យស្នើនេះ ត្រូវឆ្លងក្រុមប្រឹក្សាសន្តិសុខសិន។ ប៉ាឡេស្ទីនត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ចំនួន៩ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ហើយសមាជិកអចិន្ត្រៃយ៍មានអាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ី មិនបោះឆ្នោតប្រឆាំងនឹងពាក្យស្នើនេះឡើយ។ វាអាចជារឿងលំបាកខ្លាំងសម្រាប់ប៉ាឡេស្ទីនដើម្បីឆ្លងផុតដំណាក់កាលនេះ។
ចំណែកឯវិញ អុីស្រាអែល នឹងធ្វើការជាមួយអាមេរិកដើម្បីទាត់ចោលសំណើនេះ។ ទូតអុីស្រាអែលខាងលើអះអាងថា អាមេរិកនឹងបោះឆ្នោតវ៉េតូមិនខាន។ សំឡេងវ៉េតូមួយគត់របស់អាមេរិក គឺគ្រប់គ្រាន់ក្នុងការបញ្ចប់ក្ដីសង្ឃឹមរបស់ប៉ាឡេស្ទីន ទោះជាសមាជិកក្រុមប្រឹក្សាផ្សេងទៀតគាំទ្រក្ដី។
ជាដំណើការនីតិវិធី ក្នុងករណីក្រុមប្រឹក្សាសន្តិសុខឯកភាពតាមសំណើ ពាក្យស្នើនេះត្រូវឆ្លងការបោះឆ្នោតនៅមហាសន្និបាតវិញម្ដង។ ប៉ាឡេស្ទីនត្រូវការសំឡេងគាំទ្រចំនួនពីរភាគបីនៃសមាជិកទាំង១៩៣ប្រទេស ហើយប៉ាឡេស្ទីននឹងក្លាយជារដ្ឋសមាជិកពេញសិទ្ធិភ្លាមតែម្ដង បើទទួលការគាំទ្រគ្រប់គ្រាន់ក្នុងការបោះឆ្នោតនេះ។ ដំណាក់កាលមហាសន្និបាតមិនមែនជារឿងលំបាកសម្រាប់ប៉ាឡេស្ទីនឡើយ ដ្បិតមានការគាំទ្រច្រើនរួចស្រេចទៅហើយ ឯអាមេរិកក៏គ្មានសិទ្ធិវ៉េតូដែរនៅមហាសន្និបាតនោះ។
ជុំវិញវិបត្តិអុីស្រាអែល-ប៉ាឡេស្ទីននេះ ជំហរតាំងពីដើមរបស់អាមេរិក គឺដោះស្រាយបញ្ហារ៉ាំរ៉ៃឲ្យចប់សព្វគ្រប់ និងបង្កើតសន្តិភាពសិន ទើបចាំគិតពីការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យពេញលក្ខណៈ។ ជំហរនេះត្រូវបានរដ្ឋបាលលោក ត្រាំ អនុវត្តកាន់តែតឹងរ៉ឹង ដ្បិតបានកាត់ជំនួយដល់ប៉ាឡេស្ទីន ហើយទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមទាំងមូលជារដ្ឋធានីអុីស្រាអែល ដោយមិនខ្វល់ការទាមទាររបស់ប៉ាឡេស្ទីនលើទឹកដីហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីសម្រាប់ថ្ងៃអនាគតទៅទៀត៕
Tag:
អុីស្រាអែល
អាមេរិក
ប៉ាឡេស្ទីន
UN
© រក្សាសិទ្ធិដោយ thmeythmey.com