អន្តរជាតិ
កូរ៉េខាងត្បូង៖ ព័ត៌មានផ្ទាល់ខ្លួនរបស់ជនភៀសខ្លួនកូរ៉េខាងជើងជិត១ពាន់នាក់ ត្រូវបែកធ្លាយ
× ព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិកូរ៉េខាងជើងជិតមួយពាន់នាក់ដែលកំពុងរស់នៅកូរ៉េខាងត្បូង បានបែកធ្លាយ បន្ទាប់ពីកុំព្យូទ័ររបស់មជ្ឈមណ្ឌលទទួលបន្ទុកការតាំងលំនៅ ត្រូវបានគេលួចចូល។ នេះបើតាមការប្រកាសរបស់មន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងនៅថ្ងៃទី២៨ ខែធ្នូ។ ការបែកធ្លាយនេះ ធ្វើឲ្យជនជាតិកូរ៉េខាងជើងទាំងនោះ ប្រឈមមុខនឹងគ្រោះថ្នាក់ដែលអាចបង្កដោយក្រុងព្យុងយ៉ាង បើពួកគេធ្វើសកម្មភាពប្រឆាំងរបបដឹកនាំកុម្មុយនីស្ត។
ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានរបស់ជនភៀសខ្លួនកូរ៉េខាងជើងចំនួន៩៩៧នាក់ ត្រូវបានបែកធ្លាយ បន្ទាប់ពីកុំព្យូទ័រផ្ទាល់ខ្លួនរបស់បុគ្គលិកនៃមជ្ឈមណ្ឌលតាំងលំនៅឡើងវិញ Hana ត្រូវបានគេលួចចូល។ នេះជាលើកដំបូងដែលព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិកូរ៉េខាងជើង បានបែកធ្លាយក្នុងបរិមាណច្រើនបែបនេះ។ យ៉ាងណាមិញ អាជ្ញាធរកូរ៉េខាងត្បូងរកមិនទាន់ឃើញមុខសញ្ញានៅពីក្រោយករណីនេះនៅឡើយទេ។
មជ្ឈមណ្ឌលខាងលើនេះ ជាមជ្ឈមណ្ឌលមួយក្នុងចំណោម២៥ ដែលទទួលខុសត្រូវលើជនជាតិកូរ៉េខាងជើងដែលរត់គេចខ្លួនពីកូរ៉េខាងជើង ដោយជួយពួកគេសម្របនឹងរបៀបរស់នៅថ្មី និងជីវិតក្នុងរបបសេដ្ឋកិច្ចមូលធននិយម ដែលខុសគ្នាទាំងស្រុងនឹងប្រព័ន្ធសេដ្ឋកិច្ចកូរ៉េខាងជើង។ មកទល់ពេលនេះ ជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅកូរ៉េខាងត្បូងក្រោយរត់ភៀសខ្លួនជោគជ័យមានចំនួនប្រមាណ៣ម៉ឺននាក់។
បើតាមក្រសួងបង្រួបបង្រួមដែលជាស្ថាប័នទទួលបន្ទុកកិច្ចការកូរ៉េខាងជើង កុំព្យូទ័រផ្ទាល់ខ្លួននោះ បានឆ្លងមេរោគ បន្ទាប់ពីបុគ្គលិកម្នាក់បើកសារអេឡិចត្រូនិកនៅឯមជ្ឈមណ្ឌល Hana ក្នុងខេត្ត Gyeongsang ខាងជើង។ ក្រសួងដដែលបន្តថា អាជ្ញាធរពាក់ព័ន្ធបានចាប់ផ្ដើមស៊ើបអង្កេតកាលពីថ្ងៃទី១៩ ខែធ្នូ នៅកន្លែងកើតហេតុផ្ទាល់ និងរកឃើញថា ឯកសារក្នុងកុំព្យូទ័រនោះពិតជាបែកធ្លាយមែន ប៉ុន្តែកុំព្យូទ័រផ្សេងទៀតមានសុវត្ថិភាពដដែល។
បន្ទាប់ពីរកឃើញបញ្ហា ក្រសួងខាងលើបានផ្ដល់ដំណឹងពីការបែកធ្លាយព័ត៌មានពាក់ព័ន្ធពួកគេ ខណៈមកទល់ពេលនេះ ក៏មិនទាន់បញ្ហាអ្វីកើតឡើងដែរ។ ក្រសួងបង្រួបបង្រួមកូរ៉េ ក៏បានសុំទោសជនភៀសខ្លួនកូរ៉េខាងជើង និងប្ដេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ និងធ្វើយ៉ាងណាបញ្ចៀសហេតុការណ៍នេះ មិនឲ្យកើតឡើងម្ដងទៀត។
ទោះបញ្ហាមិនទាន់កើតឡើងក៏ដោយ ក្ដីបារម្ភនៅតែមានចំពោះជនជាតិកូរ៉េខាងជើងទាំងនោះ ដ្បិតត្រូបប្រឈមមុខគ្រោះថ្នាក់ដែលកើតចេញពីការគំរាមកំហែងរបស់របបដឹកនាំក្រុងព្យុងយ៉ាង។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងតែងគំរាមជនភៀសខ្លួនកូរ៉េខាងជើងនៅកូរ៉េខាងត្បូង កុំធ្វើសកម្មភាពអ្វីដែលប្រឆាំងខ្លួន។ ជនភៀសខ្លួនម្នាក់ឈ្មោះ Yi Han-yong ជាក្មួយប្រុសភរិយាទីមួយលោក គីម ជុងអ៊ីល ត្រូវគេសម្លាប់ ក្រោយសរសេរសៀវភៅពាក់ព័ន្ធប្រវត្តិត្រកូលគីម៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com