អាជ្ញាធរ​ទទូច​ឱ្យ​ពលរដ្ឋ និង​អ្នកទេសចរ​ចូលរួម​សម្អាត​បរិស្ថាន ដើម្បី​និរន្តរភាព​ភ្នំ​គូលែន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ​ទទូច​ឱ្យ​ពលរដ្ឋ និង​អ្នកទេសចរ​ចូលរួម​សម្អាត​បរិស្ថាន ដើម្បី​និរន្តរភាព​ភ្នំ​គូលែន​
28, Dec 2018 , 10:19 pm        
រូបភាព
​សៀមរាប​៖ ភ្នំ​គូលែន ឬ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម គឺជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ការផ្គត់ផ្គង់​ខេត្តសៀមរាប​។ ទឹក​ហូរ​ពី​ភ្នំ ឆ្លងកាត់​តាម​ជប់ បឹង មកដល់​ស្ទឹង​សៀមរាប និង​បន្ត​ធ្លាក់​ដល់​បឹង​ទន្លេសាប​។ រាល់ថ្ងៃ​សម្រាក និង​បុណ្យទាន​ម្ដងៗ ភ្ញៀវទេសចរ​ជាតិ អន្ដរជាតិ តែង​ធ្វើដំណើរ​ទៅ​កម្សាន្ត​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ដ្រ​មួយ​នេះ ដ្បិត​សម្បូរ​ទឹក និង​ដើមឈើ​ត្រជាក់ត្រជំ​។ យ៉ាងណា ដោយសារ​ខ្វះ​ការយល់ដឹង ការ​ទុកដាក់​សំរាម​នៅ​តំបន់​នេះ​មិនសូវ​ល្អ​ឡើយ ដែលជា​ហេតុ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​ទឹក​ប្រើប្រាស់​នៅ​ទីនោះ​ផងដែរ​។ អាជ្ញាធរ​ទទូច​ឱ្យ​ពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ត្រូវ​ចូលរួម​សហការ​សម្អាត​បរិស្ថាន​នៅ​ភ្នំ​គូលែន ដើម្បី​រក្សា​និរន្តរភាព​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​មួយ​នេះ​តទៅ​ថ្ងៃមុខ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​ភ្នំ​គូលែន មាន​ចម្ងាយ​ប្រមាណ​ជាង ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។ ភ្នំ​នេះ​មាន​ភូមិសាស្ដ្រ​ជាប់​នឹង​ស្រុក​ចំនួន​៤ របស់​ខេត្តសៀមរាប មានស្រុក​បន្ទាយស្រី ស្រុក​វ៉ារិន ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រនិគម​។ ភ្នំ​នេះ​មាន​កន្លែង​ពិសេសៗ ដែល​ទេសចរ​តែង​ចូល​ទស្សនា​ដូចជា ព្រះអង្គ​ធំ លិង្គ​មួយ​ពាន់ ទឹកជ្រោះ ស្រះ​ដំរី រោង​ប្រចៀវ​ជាដើម​។​ល​។​


 
​ដោយសារ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ការគ្រប់គ្រង​សំរាម​ជា​បញ្ហា​ដែល​អាជ្ញាធរ​កំពុង​រិះរក​មធ្យោបាយ​ដ៏​ជោគជ័យ​មួយ ដ្បិត​ការ​ទុកដាក់​មិនទាន់បាន​ត្រឹមត្រូវ បង្ក​ជា​ផលប៉ះពាល់​បរិស្ថាន​ខ្លាំង​នៅ​ឧទ្យាន​ជាតិ​មួយ​នេះ​។ កម្មវិធី​សម្អាត​បរិស្ថាន​មួយ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ធ្នូ ដែលជា​យុទ្ធនាការ​បំផុស​ការយល់ដឹង​ដល់​ពលរដ្ឋ អាជីវករ ទេសចរ យល់​ពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​
 
​ថ្លែង​នៅ​ចំពោះមុខ​អ្នកចូលរួម​សម្អាត​បរិស្ថាន​ដែលមាន​ប្រមាណ ៣០០​នាក់ រួមមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អាជ្ញាធរ សិស្សានុសិស្ស ប្រជាពលរដ្ឋ មេឃុំ ខ្នងភ្នំ  លោក ឈឿ​ម តាំង បានឱ្យដឹងថា សកម្មភាព​សម្អាត​បរិ​ស្ថាន​តែង​ធ្វើជា​ហូរហែ​នៅ​ភ្នំ​គូលែន ដោយមាន​ការសហការ​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ​នានា​។ យ៉ាងណា លោក​ទទួលស្គាល់ថា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​បរិស្ថាន​នៅមាន​តិចតួច​ណាស់ ដែលជា​ហេតុ​ធ្វើឱ្យ​អាជ្ញាធរ​តែង​ចុះ​អប់រំ​ទាំង​នៅ​សាលារៀន និង​តាម​ភូមិ​។  ទាក់ទង​នឹង​អាជីវករ​វិញ ពួកគេ​ក៏​មិនសូវ​ចូលរួម​សម្អាត​ដែរ ហើយ​ការ​ទុកដាក់​ទាំងនោះ មិន​ទៅតាម​អ្វីដែល​អាជ្ញាធរ​ចង់បាន​ដែរ​។​


 
​បរិស្ថាន​នៅ​ភ្នំ​គូលែន គឺមាន​លក្ខណៈពិសេស​ត្រង់​ថា ភ្នំ​នេះ​ជា​ប្រភពទឹក​សំខាន់​សម្រាប់​ការប្រើប្រាស់​ទាំងមូល​រប​ស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​រហូតដល់​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។ លោក​មេឃុំ​ខ្នងភ្នំ​លើកឡើងថា នៅពេល​គេ​ថែរក្សា​បរិស្ថាន​មិនបាន​ល្អ វា​បណ្ដាលឱ្យ​ទឹក​ប្រែជា​ពណ៌​ក្រហម និង​បង្ក​ជា​មេរោគ​ផ្សេៗ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​។ លោក​មេឃុំ​សំណូម​ឱ្យ​ពលរដ្ឋ​សហការ និង​យល់​ពី​ហានិភ័យ​ទាំងនេះ ធ្វើយ៉ាងណា​រក្សា​និរន្ដរភាព​បរិស្ថាន​នៅ​ភ្នំ​គូលែន​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃក្រោយ​។​
 
​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ស៊ុន គង់ ក៏​យល់ឃើញ​ដូច​លោក​មេឃុំ​ខ្នងភ្នំ​ដែរ គឺ​ការ​ទុកដាក់​សំរាម​នៅ​តំបន់​ឧទ្យាន​ជាតិ​នេះ​មិនទាន់​ល្អប្រសើរ​ឡើយ ដូច្នេះ​ចាំបាច់​ត្រូវការ​ការគៀងគរ ដើម្បី​ការចូលរួម​សម្អាត​អនាម័យ​ទាំងអស់គ្នា​។ យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​នៅថ្ងៃនោះ​មានការ​ចូលរួម​ពី​មន្ទីរ​បរិស្ថាន អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​មូលដ្ឋាន បំផុស​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​
 
 
​ដោយសារ​មើលឃើញ​ពី​ទំហំ​ប៉ះពាល់​របស់​សំរាម កាលពី​ឆ្នាំទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បានផ្តល់​នូវ​ឡ​ដុត​សំរាម​មួយ​តាម​បច្ចេកទេស​ទំនើប ដែលមាន​លទ្ធភាព​អាច​ដុត​សំរាម​ក្នុង​មួយថ្ងៃ​ចន្លោះ​ពី​៥ ទៅ​៨​តោន ក្រោម​កម្ដៅ ៨០០​អង្សា​សេ ដែល​ឡ​នេះ​អាច​បំ​លែង​ផ្សែង​មិនឱ្យ​មាន​សារធាតុពុល​ខ្ពស់​។ 


 
​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​នេះ ក្រៅពី​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ក៏ដូចជា​ទឹក​ហើយ​នោះ វា​ក៏​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ផងដែរ​។ បុរាណ​វិទូ លោក សា​ឃឿន សក្កា នៃ​អង្គការ ADF បាន​លើកឡើងថា បរិស្ថាន និង​បុរាណ​ដ្ឋា​ន ពិតជា​មិនអាច​ដាច់ពីគ្នា​បានទេ ហើយ​មាន​បុរាណ​ដ្ឋា​ន​ជាច្រើន​នៅលើ​ភ្នំ​គូលែន ដែល​ត្រូវការ​ការយកចិត្តទុកដាក់​បំផុត​។ លោក​បន្ថែមថា ការប្រែប្រួល​អាកាសធាតុ​អាច​ប៉ះពាល់​ដល់​ប្រាសាទ តួ​យ៉ាងដូច​ប្រាសាទ​សង់​ពី​ឥដ្ឋ និង​ថ្ម វា​នឹងរង​កម្លាំង និង​ភ្លៀង​អាស៊ីតខ្លាំង​ដោយផ្ទាល់ ប្រសិនបើ​គ្មាន​ព្រៃឈើ​ជួយ​ទប់​។​
 
​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ស្ដីទី លោក ស៊ុន គង់ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ក៏ដូចជា​ភ្ញៀវទេសចរ​ត្រូវមាន​ស្មារតី​ភ្ញាក់រ​ឮ​ក និង​ចូលរួម​សម្អាត​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​នានា​ឱ្យបាន​ល្អប្រសើរ សក្ដិ​សមជា​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា​។ ជាងនេះទៅទៀត គឺ​ការចូលរួម​ដាំ​កូនឈើ​ឡើងវិញ​នៅ​ភ្នំ​គូលែន ដែល​នេះ​ជា​គម្រោង​ស្ដារ​ព្រៃឈើ​ឡើងវិញ​ដោយមាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​។ កន្លងមក ផ្ទៃដី​ដែល​បាន​ដាំ​កូនឈើ​ឡើងវិញ​នៅ​ភ្នំ​គូលែន មាន​ប្រមាណ ៦៥​ហិកតា មាន​ប្រភេទ​កូនឈើ​គ្រញូង បេង ធ្នង់ និង​នាងនួន​ជាដើម ដែល​សរុប​មាន​កូនឈើ​ចំនួន​ប្រមាណ ២០​ម៉ឺន​ដើម​។​
 
​សម្រាប់​អ្នក​បុរាណ​វិទូ លោក សក្កា លើកឡើងថា ការងារ​បរិស្ថាន​មិនមែនជា​ការងារ​ផ្ដាច់មុខ​របស់​ស្ថាប័ន​មួយ​ឡើយ តែ​ផ្ទុយទៅវិញ​វា​ជា​ភារកិច្ច​សម្រាប់​ពលរដ្ឋ​គ្រប់រូប​។ លោក​សុំឱ្យ​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​ភ្នំ​គូលែន នៅពេល​ត្រឡប់​ទៅវិញ ត្រូវ​វេច​ខ្ចប់​សំរាម​ទៅជា​មួយ​ផង ដោយ​មិនត្រូវ​ទុកចោល​គរ​នៅលើ​ទី​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​នេះ​ទេ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com