ខ្មែរ​ក្រហម
ជាតិ
ជប៉ុន ផ្តល់​១,២​លាន​ដុ​លា្ល​រ​បន្ថែមទៀត ដើម្បី​ទ្រទ្រង់​តុលាការ​ខ្មែរក្រហម​
29, Dec 2018 , 12:59 pm        
រូបភាព
រូបបានពី សាលាក្តីខ្មែរក្រហម
រូបបានពី សាលាក្តីខ្មែរក្រហម
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បាន​បន្ត​ផ្តល់ជំនួយ​១,២​លាន​ដុល្លារ​ទៀត ដល់​អង្គជំនុំជម្រះ​វិ​សាម​ញ្ញា​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដែល​ហៅ​ជាទូទៅ​ថា​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​ស្ថាប័ន​មួយ​នេះ​។


 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៨​ធ្នូ ថវិកា​នេះ​មាន​សារៈសំខាន់​លើ​សាលាក្តី​ខ្មែរក្រហម ដោយ​ផ្អែកលើ​ទស្សនៈ​បី​ចំណុច គឺ​ទី​១ ការកាត់ក្តី​ខ្មែរក្រហម ដែលជា​ដំណាក់កាល​បញ្ចប់​នៃ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា ទី​២ សាលាក្តី​ខ្មែរក្រហម នឹង​ជួយ​ស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម និង​ទី​៣ សាលាក្តី​នេះ នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។ 
 
​ក្រោម​ហេតុផល​ទាំងនេះ រដ្ឋាភិបាល​ជប៉ុន​បានកត់សម្គាល់​ការអភិវឌ្ឍ​របស់​សាលាក្តី​ខ្មែរក្រហម នាពេល​ថ្មីៗ​នេះ ជាពិសេស ក្រុម​អង្គប្រជុំ​ជម្រះ​សាលាដំបូង លើ​សំណុំរឿង​០០២/០២​។ លើសពីនេះ ភាគី​ជប៉ុន លើកទឹកចិត្ត​ឲ្យ​សាលាក្តី​ខ្មែរក្រហម បន្តដំណើរ​ការ​លើ​សំណុំរឿង​ដែល​នៅ​សេសសល់ ក្នុង​របៀប​មួយ​ដែលមាន​ភាពត្រឹមត្រូវ  មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។​
 
​រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​ជួយ​ដល់​សាលាក្តី​ខ្មែរក្រហម តាមរយៈ​ការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ រហូតដល់​ត្រឹម​ថ្ងៃទី​២៨​ធ្នូ ឆ្នាំ​២០១៨ មាន​ជាង​៨៧​លាន​ដុល្លារ​៕ 
 

Tag:
 ជប៉ុន​
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com