អន្តរជាតិ
រដ្ឋាភិបាល​អាសាដ បញ្ជូន​ទ័ព​ទៅ​ជួយ​ក្រុម​ឃើ​ដដែល​រង​ការ​គំរាម​ដោយ​តួ​ក​គី
29, Dec 2018 , 9:59 pm        
រូបភាព
ក្រុមសកម្មជនឃើដស៊ីរី (រូបភាព AFP)
ក្រុមសកម្មជនឃើដស៊ីរី (រូបភាព AFP)
​ទាហាន​រដ្ឋាភិបាល​ស៊ី​រី នៅ​ថ្ងៃទី​២៨ ខែធ្នូ បាន​ចូលទៅ​ដល់ទី​ក្រុង Manbij ភាគ​ខាងជើង​ប្រទេស តាម​ការអំពាវនាវរ​បស់​ក្រុម​ឃើ​ដ ដែល​ប្រឈមមុខ​នឹង​ការគំរាមកំហែង​យោធា​របស់​តួ​ក​គី​។ សម្ព័ន្ធភាព​ថ្មី​របស់​ស៊ី​រី និង​ក្រុម​ឃើ​ដ កើតឡើង​ក្រោយ​ការប្រកាស​ដកទ័ព​អាមេរិក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ បន្ទាប់ពី​ការប្រកាស​នេះ តួ​ក​គី ក៏​បង្កើន​កម្លាំងយោធា​នៅក្បែរ​ព្រំដែន​ជាមួយ​ស៊ី​រី និង​ត្រៀម​បើក​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ឃើ​ដ​។​

 
​ជិត​ចូលឆ្នាំ​ទី​៨ ជម្លោះ​ស៊ី​រី​បាន​ឈានដល់​ចំណុច​របត់​ថ្មី​។ ការប្រកាស​ដកទ័ពរ​បស់​អាមេរិក ធ្វើ​ឲ្យ​ស្ថានការណ៍​សឹក​នៅ​ស៊ី​រី​ប្រែប្រួល​យ៉ាងខ្លាំង​។ ដោយ​បារម្ភ​ពី​ការគំរាមកំហែង​របស់​តួ​ក​គី ដែល​ប្រមូលផ្ដុំ​កងទ័ព​យ៉ាងច្រើន​នៅក្បែរ​ព្រំដែន ក្រុម​កម្លាំង​ឃើ​ដ​ស៊ី​រី​នៅ​ទីក្រុង Manbij បានស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ប្រធានាធិបតី បា​សា អាល់​អាសាដ ។ 
 
​ក្រោយ​ក្រុម​ឃើ​ដ​ស្នើ​ដូចនេះ រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ ក៏​បញ្ជូន​ទ័ព​ទៅ​ទីក្រុង​ភាគ​ខាងជើង​នេះ​តែម្ដង​។ កងទ័ព​ស៊ី​រី​នៅ​ថ្ងៃទី​២៨ ខែធ្នូ ប្រកាសថា ខ្លួន​បាន​ដោត​ទង់ជាតិ​នៅ​ទីក្រុង Manbij ដែលជា​ទីក្រុង​យុទ្ធសាស្ត្រ​មួយ​នៅក្បែរ​ព្រំដែន​ជាមួយ​តួ​ក​គី​។ ទីក្រុង​នេះ ជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​ឃើ​ដ​តាំងពី​ឆ្នាំ​២០១៦ មក និង​ជា​មូលដ្ឋាន​របស់​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​។ អ្នកនាំពាក្យ​យោធា​ស៊ី​រី​និយាយថា បេសកកម្ម​របស់ខ្លួន គឺ​កម្ទេច​ភេរវកម្ម និង​ពួក​ឈ្លានពាន​ទាំងអស់​។​
 
​យ៉ាងណាមិញ គេ​មិនដឹងថា យោធា​ស៊ី​រី​ចូលដល់​កណ្ដាល​ក្រុង​ឬ​យ៉ាងណា​ឡើយ​។ លោក Nura al-Hamed អនុប្រធាន​អាជ្ញាធរ​មូលដ្ឋាន​នៃ​ទីក្រុង Manbij បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការពង្រាយ​ទ័ព​របស់រប​បលោក អាសាដ ធ្វើឡើង​ដោយមាន​ការដឹកនាំ​ចរចា​ផ្ដើមគំនិត​ដោយ​រុស្ស៊ី​។ មន្ត្រី​ដដែល​បន្តថា កងទ័ព​ស៊ី​រី ត្រូវ​ពង្រាយ​នៅត្រឹម​ខ្សែបន្ទាត់​ខណ្ឌ​ចែក​រវាង​ក្រុម​ឃើ​ដ​នឹង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​តួ​ក​គី​។ 
 
​តួ​ក​គី​ឯណោះ​វិញ ក្ដៅស្លឹកត្រចៀក​ខ្លាំង និង​បាន​ព្រមាន​គ្រប់ភាគី​ទាំងអស់ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សកម្មភាព​បង្ករឿង​។ នៅ​ថ្ងៃ​កងទ័ព​ស៊ី​រី​ចូល​ទីក្រុង Manbij ក្បួន​រថយន្ត​របស់​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​តួ​ក​គី បានធ្វើ​ដំណើរ​ទៅ​កៀក​ភាគ​ខាងលិច​របស់ Manbij ។ 
 
​សូមបញ្ជាក់ថា ក្រុម​ឃើ​ដ​ស៊ី​រី ជា​កម្លាំង​ង​ស្នូល​របស់​សម្ព័ន្ធ​ចម្រុះ​អន្តរជាតិ​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​រដ្ឋ​ឥស្លាម ដែល​សព្វថ្ងៃ​បាក់ទ័ព​អស់​ទៅហើយ តែ​មិន​រង​បរាជ័យ​ទាំងស្រុង​នៅឡើយ​ទេ​។ បច្ចុប្បន្ន ក្រុម​ឃើ​ដ YPG កំពុង​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​មូលដ្ឋាន​សេសសល់​ក្បែរ​ព្រំដែន​អ៊ីរ៉ាក់ ប៉ុន្តែ​ការដកខ្លួន​របស់​អាមេរិក អាច​បង្ក​គ្រោះថ្នាក់​សម្រាប់​ពួកគេ ពិសេស​ការគំរាមកំហែង​របស់​តួ​ក​គី​តែម្ដង​៕
 

Tag:
 ស៊ី​រី​
  អាមេរិក​
  តួ​ក​គី​
  ឃើ​ដ
© រក្សាសិទ្ធិដោយ thmeythmey.com