ជាតិ
រដ្ឋាភិបាលប្ដេជ្ញាធ្វើកំណែទម្រង់រដ្ឋបាលថា្នក់ក្រោមជាតិ ឲ្យសម្រេចតាមផែនការ រូបភាពពីក្រសួងមហាផ្ទៃ
× រដ្ឋាភិបាលនឹងរុញផែនការកំណែទម្រង់ថ្នាក់ក្រោមជាតិ ឲ្យចប់តាមការគ្រោងទុកនៅឆ្នាំ២០២០ ទោះជាមានការផ្ដល់ជំនួយបន្ថែម ឬមិនផ្ដល់ ពីដៃគូអភិវឌ្ឍន៍។
ដៃគូអភិវឌ្ឍន៍ បានផ្ដាច់ជំនួយឥតព្រាងទុក ដែលធ្វើឲ្យផែនការកំណែទម្រង់មានភាពយឺតយ៉ាវ។ តែទោះយ៉ាងណា សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញការប្ដេជ្ញារបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យផែនការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានរយៈពេល១០ឆ្នាំ គិតដល់ឆ្នាំ២០២០ ត្រូវបញ្ចប់តាមការគ្រោងទុក។ នេះបើតាមការលើកឡើងរបស់សម្ដេចក្នុងសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ នៅថ្ងៃទី២៧ខែធ្នូ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង លើកឡើងដូច្នេះថា៖«ដៃគូអភិវឌ្ឍបានផ្ដាច់ជំនួយឥតព្រាងទុក ដូចនេះកម្ពុជាត្រូវប្ដេជ្ញា»។ សម្ដេចបន្តថា៖«ដូចនេះគម្រោងថវិកាប្រមាណជាង ៥០០លាន [ដុល្លារ] ដែលក្នុងនោះមានដៃគូរអភិវឌ្ឍន៍ប្រមាណ៤០លាន បើសិនជាមានការគាំទ្របង្កើនថែមទៀតក៏ជាការល្អដែរ ដើម្បីអោយក្រុងស្រុក ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិនេះ អាចមានលទ្ធភាពក្នុងការឈានទៅបំពេញបេសកកម្មរបស់ខ្លួនទទួលបានជោគជ័យ ប៉ុន្តែតាមលទ្ធភាពជាក់ស្តែងប្រសិនណាគ្មានការគាំទ្រក៏យើងខ្ញុំប្តេជ្ញាចិត្តនៅតែធ្វើ ព្រោះថាយើងដើរមកដល់នេះហើយ ស្រាប់តែយើងបោះបង់ចោលគឺអត់បានទេ ហើយមែនទែនទៅ ឆ្នាំ២០២០នេះគឺជាឆ្នាំដែលយើងបញ្ចប់ផែនការ១០ឆ្នាំ»។
សម្ដេច ស ខេង មានប្រសាសន៍ថា កំណែទម្រង់រចនាសម្ព័ន្ធថ្នាក់ក្រោមជាតិនេះគឺជាការចាំបាច់បំផុត ដែលតម្រូវឲ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទាន់ពេលវេលាប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព សម្រាប់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្ដេច ស ខេង បានរម្លឹកពីភាពខ្វះចន្លោះក្នុងការអនុវត្តផែនការ នាពេលកន្លងមក។ សម្ដេចលើកឡើងដូច្នេះថា៖«កន្លងមកសង្កេតឃើញថា មានការខ្ចះខ្ចាយច្រើន និងចំណាយមិនចំគោលដៅតាមផែនការដែល គ.ជ.អ.ប បានដាក់ចេញ ជាក់ស្តែងការបង្កើតក្រុមប្រឹក្សានៅថា្នក់ក្រុងស្រុកសម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋគឺមានភាពអសកម្មច្រើន ហើយមិនច្បាស់លាស់ចំពោះតួនាទីភារកិច្ចផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com