ជាតិ
សេដ្ឋកិច្ច
ក្នុងឆ្នាំ២០១៨ ភ្នំពេញមានគម្រោងអគារខ្ពស់ ១១០ អគារ
× ភ្នំពេញ៖ ការបោះទុនវិនិយោគក្នុងវិស័យសំណង់ ពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញដល់ការសាងសង់សំណង់អាគារខ្ពស់ៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៨នេះ ភ្នំពេញមានគម្រោងអគារខ្ពស់ៗចំនួន ១១០ គម្រោង។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍បានបង្ហាញថា គិតមកដល់ឆ្នាំ២០១៨ ភ្នំពេញមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅចំនួន ១២១៧អគារ។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ ភ្នំពេញមានគម្រោងអគារខ្ពស់ៗចំនួន ១១០គម្រោង។ នៅភ្នំពេញនេះដែរ គិតចាប់ឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ បុរីលំនៅឋាន មានចំនួន ២៣៥ ទីតាំង។
បើនិយាយពីវិស័យសំណង់ទូទាំងប្រទេស គិតចាប់ពី២០០០ ដល់ខែវិច្ឆិកា២០១៨ ក្រសួងដែនដីបានចេញលិខិតអនុញ្ញាតសាងសង់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសមានចំនួន៤៣ ១៣៦គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន១១៤ ២៩៧ ៦២១ ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣,៣ ពាន់លានដុល្លារ។
ដោយឡែកក្នុងឆ្នាំ២០១៨ សំណង់ទូទាំងប្រទេសមាន ២ ៨៦៧ គម្រោង លើផ្ទៃក្រឡាចំនួន ១១,៤លានម៉ែត្រក្រឡា ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,២ ពាន់លានដុល្លារ ធ្លាក់ចុះជាង១៨, ៦៦ ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមាន ៣០៥២ គម្រោង លើផ្ទៃក្រឡាចំនួន ១០, ៧ លានម៉ែត្រក្រឡា ដែលមានទឹកប្រាក់វិនិយោគចំនួនជាង ៦, ៤ ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com