ជាតិ
ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ដ្រ​»​នៅ​អន្លង់វែង រំពឹង​មាន​អ្នកចូលរួម​ជាង​១​ពាន់​នាក់​
30, Dec 2018 , 9:59 pm        
រូបភាព
​សៀមរាប​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ដ្រ​» ទៅកាន់​តំបន់​ប្រវត្តិ​សំខាន់ៗ​ក្នុងស្រុក​អន្លង់វែង ដែលជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​។ ព្រឹត្តិការណ៍​នេះ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៥ មករា ឆ្នាំ​២០១៩ ។​

 
​លោក លី សុខ​ឃាង ប្រធាន​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ព្រឹត្តិការណ៍​កីឡា​នេះ​ធ្វើឡើង​ក្នុង​បំណង ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការទទួល​សន្ដិភាព​ពេញលេញ​នៅ​កម្ពុជា បន្ទាប់ពី​ការធ្វើ​សមា​ហរ​ណ​ក​ម្មចុ​ង​ក្រោយ​នៅ​ស្រុក​អន្លង់វែង ឆ្នាំ​១៩៩៨​។ ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​សម្រាប់​សាធារណជន​ធ្វើ​ទស្សនកិច្ច ទៅកាន់​អតីតកាល ព្រមទាំង​ឆ្លុះបញ្ចាំង​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា​ផង​។ នេះ​ជាការ​បញ្ជាក់​របស់លោក លី សុខ​ឃាង​។​
 
​ជា​ព្រឹត្តិការណ៍​កីឡា​ដែល​បើក​ឲ្យ​ចូលរួម​ដោយ​សេរី ខណៈ​អ្នករៀបចំ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ១១០០​នាក់​នេះ​។ តាម​លោក សុខ​ឃាង អ្នកចូលរួម​ទាំងអស់​នឹង​ត​ត្រូវ​ដើរ​លើ​ចម្ងាយ​ផ្លូវ​ចំនួន ៣​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​សារមន្ទីរ​ប្រវត្តិសាស្ដ្រ​អន្លង់វែង ឬ​សារមន្ទីរ​អតីត​ផ្ទះ​តា​ម៉ុក និង​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ដែលជា​អតីត​ផ្ទះ​ប្រជុំ​តា​ម៉ុក​នៅលើ​ភ្នំ​ដងរែក​។ 
 
​គួរ​បញ្ជាក់ថា ទោះ​របប​ខ្មែរក្រហម​ត្រូវបាន​បណ្ដេញ​ចេញពី​អំណាច​នៅ​ឆ្នាំ ១៩៧៩ យ៉ាងណាក៏ដោយ ក៏​សមាជិក​ខ្មែរក្រហម​ជាច្រើន នៅ​បន្តធ្វើ​សង្គ្រាម​ទ័ពព្រៃ​រយៈពេល​ជិត ២០​ឆ្នាំ​ទៀត​។ អន្លង់វែង បាន​បន្សល់ទុក​នូវ​ស្លាកស្នាម នៃ​ការគ្រប់គ្រង​របស់​ខ្មែរក្រហម ហើយ​អតីត​កម្មាភិបាល​ជាច្រើន បន្ត​រស់នៅក្នុង​តំបន់​អន្លង់វែង រហូតមកដល់​សព្វថ្ងៃ​នេះ​៕
 

Tag:
 អន្លង់វែង​
 ​ឧ​ត្ត​រ​មានជ័យ​
 ​ផ្ទះ​តា​ម៉ុក​
  លី សុខ​ឃាង
© រក្សាសិទ្ធិដោយ thmeythmey.com