ជាតិ
សេដ្ឋកិច្ច
Co-working space កំពុងមាន​ទីផ្សារ​ល្អ​នៅ​កម្ពុជា ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ប្រភេទ​នេះ នៅតែ​ព្រួយបារម្ភ​…
01, Jan 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ កន្លែងធ្វើការ​រួមគ្នា (Co-working space) ក្នុងប្រទេស​កម្ពុជា​កំពុងមាន​ការរីកចម្រើន និង​ទីផ្សារ​ល្អ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សហគ្រិន​ខ្នាតតូច​និង​មធ្យម ឬ​អ្នក​ដែល​ទើប​ចាប់ផ្តើម​អាជីវកម្ម កំពុង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​កន្លែងធ្វើការ​រួមគ្នា បើ​ធៀប​ទៅនឹង​ការិយាល័យ​ស្ដង់ដារ​។ ដ្បិត​ដំណើរ​ការល្អ​ក្តី ប៉ុន្តែ​ក្តី​ព្រួយបារម្ភ​របស់​ម្ចាស់​អាជីវកម្ម​កន្លែងធ្វើកា​រ​រួមគ្នា​នេះ នៅតែ​កើតមាន ដោយសារតែ​មុខរបរ​មួយ​នេះ ទើបតែ​ឈាន​ជើង​ចូល​កម្ពុជា ខណៈដែល​ប្រជាពលរដ្ឋ​មិនសូវ​ស្គាល់​ថា អ្វី​ទៅជា Co-working space ។​

 
​លោក គឹម ន​រិ​ទ្ធិ ម្ចាស់​អាជីវកម្ម (Startup) The Desk Coworking Space ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៧​មក កំពុង​ទទួលបាន​អតិថិជន​ចំនួន​៣០ ក្រុម ដែល​ទទួល​សេវាកម្ម​ពី​ក្រុមហ៊ុន​របស់លោក តាមរយៈ​ការជួល​ទីតាំង​បំពេញការងារ​នេះ ហើយ​ភាគច្រើន​ពួកគេ ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច -មធ្យម និងអ្នកធ្វើការ​ឯករាជ្យ (freelancer)​ជាដើម​។​បើតាម​លោក ន​រិ​ទ្ធិ កំណើន​សហគ្រិន​វ័យក្មេង (startup) គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​កន្លែងធ្វើការ​រួមគ្នា​កើនឡើង ហើយ​មាន​ទីផ្សារ​ល្អ​នាពេល​បច្ចុប្បន្ននេះ និង​អាច​ទៅដល់​អនាគត​។​
 
​ម្ចាស់​អាជីវកម្ម The Desk Coworking Space ៖«​អ្នក​កំពុង​ត្រៀមខ្លួន​សម្រាប់​ចាប់ផ្ដើម​អាជីវកម្ម ពួកគាត់​ចាប់ផ្ដើម​ស្វែងរក​កន្លែងធ្វើការ ដូច្នេះ​កន្លែងធ្វើការ​រួមគ្នា​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគាត់ ទាំង​តម្លៃ​ជួល​សមរម្យ បរិយាកាស​ការងារ​ល្អ និង​មាន​អ្នក​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម បង្កើន​ទំនាក់ទំនង​បណ្ដាញ​បាន​ច្រើន រួមទាំង​មាន​សម្ភារ​ការិយាល័យ​ស្រាប់​ថែមទៀត​ផង​»​។ 
 
​លោក Carlos Estevez អ្នកគ្រប់គ្រង​នៅ Factory Phnom Penh ដែល​ទើបនឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨​នេះ បាន​លើកឡើងថា កន្លែងធ្វើការ​រួមគ្នា​នេះ មាន​សន្ទុះ​ខ្លាំង​ដែលជា​សញ្ញាណ​ល្អ​សម្រាប់​កម្ពុជា ខណៈ​កន្លែងធ្វើការ​រួមគ្នា​នៅ​ថ្មីថ្មោង​នៅឡើយ​។ មូលហេតុ​ដែល​ក្រុមការងារ​លោក ស​ម្រ​ច​ចិត្ត​បើក «Workspace 1» ដោយសារ​លោក​យល់ឃើញ​ថា អាជីវកម្ម​ប្រភេទ​នេះ វា​អាច​ជ​ជួយ​សម្រួល​ដល់​សហគ្រិន​ថ្មោងថ្មី ឬ​អ្នក​ដែល​ទើប​បញ្ចប់​ការសិក្សា ដែល​កំពុង​រក​ការិយាល័យ​បែប​តូច​ល្មម និង​មានតម្លៃ​ធូរ​ថ្លៃ​ជាង​ការិយាល័យ​ធំៗ​។ បើតាម​លោក Carlos Estevez កន្លងមក​មាន​ម្ចាស់​អាជីវកម្ម​ជាច្រើន បាន​ទាក់ទង​ទៅ​លោក ដើម្បី​សួរ​ព័ត៌មាន ដែល​ភាគច្រើន​ជា​សហគ្រិន​វ័យក្មេង (Start UP)​។​


 
​អ្នកគ្រប់គ្រង​នៅ Factory Phnom Penh រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ « យើង​សង្ឃឹមថា យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា នឹង​យល់​ពី​តម្លៃ​នៃ​ការសហការ និង​ការធ្វើការងារ​រួមគ្នា​។ កន្លែងធ្វើការ​រួមគ្នា គ្រប់គ្នា​គួរតែ​សាកល្បង ជាពិសេស​សហគ្រិន​វ័យក្មេង​, អ្នក​ច្នៃ​ម៉ូត​,​អ្នក​ច្នៃប្រឌិត​, អ្នកសរសេរ​កូដ​, ស្ថាបត្យករ ព្រោះ​កន្លែងធ្វើការ​ងារ​រួម​ប្រៀបដូចជា​សហគមន៍​មួយ​ដែល​គ្រប់គ្នា​អាច​ចែករំលែក និង​ទទួល​ចំណេះដឹង​ផ្សេងៗ​ពីគ្នា​បាន​»​។ 
 
​លោក អែល អាត ស្ថាបនិក​វ័យក្មេង (Startup)  AngkorDev Cambodia  ដែលជា​អាជីវកម្ម​ផ្ដល់​សេវាកម្ម​អភិវឌ្ឍន៍​គេហទំព័រ បាន​និយាយថា មូលហេតុ​ដែល​លោក​ទទួលយក​សេវាកម្ម​ពី Co-working space ព្រោះ​វា​មាន​ភាពងាយស្រួល និង​ទទួលបាន​អត្ថប្រយោជន៍​ច្រើនជាង​ការជួល​ការិយាល័យ​ធម្មតា​។ ចំណុច​វិជ្ជមាន​ដែល​លោក អែល អាត មើលឃើញ​នោះ គឺ Co-working space ជា​សហគមន៍​មួយ ដែល​អាច​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ចែករំលែក​សេវាកម្ម​ជាមួយគ្នា​ទៅវិញទៅមក រួមទាំង​អ្នកមាន​ជំនាញ​មកពី​ផ្នែក​ផ្សេងៗ ជួយ​ចែករំលែក​ពីបទ​ពិសោធន៍​ទាក់ទង​នឹង​អាជីវកម្ម​ដល់​សមាជិក​ក្រុម​ផងដែរ​។​
 
« នៅ Co-working space គេ​បានរៀបចំ​ឲ្យ​យើង​ទាំងអស់ យើង​មិនចាំបាច់​ខ្វល់ខ្វាយ​ជាមួយ ការតុបតែង​លម្អ​ការិយាល័យ ឬ​រឿង​ម៉ាស៊ីនត្រជាក់​អ្វី​ទេ គេ​បានរៀបចំ​ប្រព័ន​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ស្រួល​ធ្វើការ​។ ខ្ញុំ​គិតថា Co-working space ជា​កន្លែង​ល្អ​សម្រាប់​សហគ្រិន​វ័យក្មេង ដែល​ទើបនឹង​បើក​អាជីវ​ម្ម​របស់ខ្លួន ថ្វី​ត្បិត​មាន​ចំណុច​អវិជ្ជមាន​មួយចំនួន​ក៏ដោយ​។ តែ​ម្ចាស់ Co-working space ទាំងអស់​ត្រូវ​បន្ថែម​កម្មវិធី​ចែករំលែក និង​បណ្ដុះបណ្តាល ដល់​សមាជិក​ខ្លួន​ឲ្យ​បាន​ច្រើនជាង​សព្វថ្ងៃ ជាពិសេស​ថ្នាក់​តំបន់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អែល អាត ។​
 
​ប៉ុន្តែ​កន្លែងធ្វើការ​រួមគ្នា​នេះ ( Co-working space) អាច​គ្រាន់តែ​ជា​កន្លែង​បណ្ដោះអាសន្ន សម្រាប់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង (Start Up) ប៉ុណ្ណោះ ហើយ​នៅពេល​អាជីវកម្ម​ពួកគេ​លូតលាស់​នោះ ម្ចាស់​អាជីវកម្ម​ទាំងនោះ ប្រាកដជា​ងាក​ទៅរក​ទីតាំង​ផ្សេងទៀត ដើម្បី​រៀបចំ​ការិយាល័យ​ជាក់​ជាមិនខាន​។ លោក អែល អាត ក៏​យល់ឃើញ​បែបនេះ​ដែរ​។​
 
​ម្ចាស់​អាជីវកម្ម​ផ្ដល់​សេវាកម្ម​អភិវឌ្ឍន៍​គេហទំព័រ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅពេល​អាជីវកម្ម​លោក​រីកចម្រើន​នាពេល​អនាគត ហើយ​ត្រូវការ​មាន​ការិយាល័យ​មួយ​ត្រឹមត្រូវ​នោះ លោក​ច្បាស់​ជា​ងាក​ទៅរក​ការរៀបចំ​ទីតាំង​មួយ​ផ្ទាល់ខ្លួន ដោយ​អាស្រ័យ​មើល​លើ​ទិដ្ឋភាព​ជាក់ស្ដែង​។​
 
​សព្វថ្ងៃ​មាន​កន្លែងធ្វើកា​រួមគ្នា ប្រមាណ​ជា​១០​កន្លែង ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ដែលមាន​ជាក់ស្ដែង​នៅឡើយ​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក គឹម ន​រិ​ទ្ធិ ដែល​លើក​ពី​បញ្ហា​ប្រឈម​ថា ម្ចាស់​អាជីវកម្ម​ផ្ទាល់​មួយចំនួន មិនទាន់​យល់​ពី​ការគ្រប់គ្រង​ co-working space ខណៈ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងប្រទេស​កម្ពុជា ក៏​មិនទាន់​សូវ​ស្គាល់​ពីអ្វី​ដែលជា​កន្លែងធ្វើកា​រ​រួមគ្នា​ផង​។ 
 
​លោក គឹម ន​រិ​ទ្ធិ ដែល​ដំណើរការ Co-working space ជាង​១​ឆ្នាំ​មកនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បញ្ហា​ប្រឈម​នៅមាន​ច្រើន ដូច្នេះ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​លើ​ការផ្សព្វផ្សាយ​ពី​ទីផ្សារ co-working space ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​។ Co-working space មិនមែន​គ្រាន់តែ​ជា​កន្លែង​ផ្ដល់​តែ​កន្លែងធ្វើការ​ងារ​ដល់​អ្ន​កមក​ជួល​នោះទេ ត្រូវ​រក​សម្មភាព​ផ្សេងៗ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ប្រៀបដូចជា​សហគមន៍​មួយ ក្នុងការ​ជំរុញ​មុខ​ជំនួញ​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​ថែមទៀត​»​។  
 
​បើតាម​លោក ន​រិ​ទ្ធិ បច្ចុប្បន្ន​co-working space ដែល​ទើប​បង្កើតឡើង​មាន​ពី ៥ ទៅ​៦ កន្លែង​ទៀត នៅក្នុង​ឆ្នាំ​២០១៨​នេះ ពោលគឺ​មាន​ជាង​១០​ទីតាំង​ហើយ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ទីក្រុង​ភ្នំពេញ ។​ប៉ុន្តែ​ជាការ​កត់សម្គាល់​របស់​លោក ន​រិ​ទ្ធិ ឃើញថា មានតែ co-working space ប្រមាណ​៥ ទៅ ៦ ប៉ុណ្ណោះ ដែលមាន​ការងារ​សក​ម្ម និង កម្មវិធី​ជាច្រើន ជាមួយ​សហគ្រិន​វ័យក្មេង (Start –up) ខណៈ co-working space មួយចំនួនទៀត​ហាក់​នៅ​ស្ងាត់​នៅឡើយ​។​
 
​ក្នុង​ឆ្នាំ​២០១៨ នេះ​មាន​កន្លែងធ្វើការ​រួមគ្នា​ម្រ​មាណ​៨​កន្លែង ដែល​កំពុងបើក​ដំណើរការ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​មាន​៣​ទីតាំង នៅ​ខេត្តសៀមរាប​។​ប៉ុន្តែ​ដំណើរការ​អាជីវកម្ម​ទាំងនោះ មិនទាន់​អាច​ធានា​លំនឹង​បាន​នៅឡើយ​ទេ ។ ត្រង់ចំណុច​នេះ​ម្ចាស់​អាជីវកម្ម The Desk Coworking Space លោក គឹម ន​រិ​ទ្ធិ បាន​ជំរុញ​ឲ្យ​ម្ចាស់​កន្លែងធ្វើការ​រួមគ្នា គួរ​ពង្រឹង​ចំណេះដឹង​បន្ថែមទៀត ទាក់ទង​ទៅ​របៀប​គ្រប់គ្រង Co-working Space តាមរយៈ​សិក្ខាសាលា​នានា ទាំង​ក្នុងប្រទេស និង​ថ្នាក់​តំបន់​។ ជាពិសេស​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ​។ គួរ​បញ្ជាក់ថា ការិយាល័យ​ធ្វើការ​រួមគ្នា​នេះ បាន​កើតឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩៥ ក្នុង​ទីក្រុង​បែរ​ឡាំង ប្រទេស​អា​លឺ្ល​ម៉​ង់ ដែល​ហៅថា «hackers space»៕ 

Tag:
 start-up
  Co-working space
© រក្សាសិទ្ធិដោយ thmeythmey.com