អន្តរជាតិ
លោក​មហា​ធៀ ៖ បើ​ប្រជាជន​ម៉ា​ឡេ​មិន​ឈប់​ខ្ជិល​ទេ បរទេស​នឹង​ត្រួតត្រា​មិន​ខាន​
01, Jan 2019 , 9:19 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​រិះគន់​ប្រជាជន​ម៉ាឡេស៊ី ដែល​មិន​ផ្លាស់ប្ដូរ​អាកប្បកិរិយា និង​គុណ​តម្លៃ​របស់ខ្លួន​។ លោក មហា​ធៀ អះអាងថា បើ​ប្រជាជន​ម៉ាឡេស៊ី​បន្ត​ទង្វើ​បែ​នេះ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល ក៏​គ្មាន​ថ្ងៃ​ជោគជ័យ​ដែរ ហើយ​ជនបរទេស​នឹង​ដណ្ដើម​ការងារ​របស់​ពួកគេ​មិន​ខាន​។ លោក​កាន់តែ​មិន​ពេញចិត្ត​នៅពេល​ពួកគេ​ខឹង​លោក ពេល​លោក​រិះគន់​ពួកគេ​ថា ជា​មនុស្ស​ខ្ជិល​។​

 
​មេដឹកនាំ​វ័យ​ចំណាស់​របស់​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ចុង​សប្ដាហ៍​មុន អះអាងថា រដ្ឋាភិបាល​របស់លោក​បានដាក់​គោលនយោបាយ​ជាច្រើន​គោលដៅ​គាំទ្រ​ប្រជាជន​ម៉ាឡេស៊ី និង​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​មាន​ជីវភាព​ប្រសើរឡើង​។ យ៉ាងណាមិញ លោក​ព្រមាន​ថា គោលនយោបាយ​អំណោយផល​បែបនេះ នឹងមិន​ជោគជ័យ​ឡើយ បើ​ប្រជាជន​ម៉ាឡេស៊ី​មិន​ព្រម​កែប្រែ​អាកប្បកិរិយា និង​ប្រព័ន្ធ​គុណ​តម្លៃ​សព្វថ្ងៃ​របស់​ពួកគេ​ចេញ​ទេនោះ​។ 
 
​ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី លោក មហា​ធៀ ប្រាប់​អ្នកសារព័ត៌មាន​ថា គោលនយោបាយ​មិន​ទៅមុខ ព្រោះ​ប្រជាជន​ម៉ាឡេស៊ី​ជា​មនុស្ស​បរាជ័យ​។ ជា​អតីត​នាយករដ្ឋមន្ត្រី​ធ្លាប់​កាន់តំណែង​២៣​ឆ្នាំ​រួច​ម្ដង​ហើយ​នោះ លោក​សារភាពថា លោក​មិន​ចង់​និយាយ​បែបនេះ​អំពី​ជនជាតិ​ខ្លួនឯង​ឡើយ តែ​លោក​ត្រូវតែ​និយាយថា ពួកគេ​កំពុង​ធ្វើ​ខុស​។ លោក​ប្រាប់​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​បោះបង់​អាកប្បកិរិយា​មិនល្អ និង​នាំ​រក​ទៅ​អន្តរាយ​។​
 
«​បើ​យើង​មិន​ធ្វើការ យើង​គ្មាន​ចំណូល​។ បើ​មិន​ប្រឹងប្រែង ក៏​មិន​រីកចម្រើន​ដែរ​។ នៅពេល​ខ្ញុំ​និយាយថា ជនជាតិ​ម៉ា​ឡេ​ខ្ជិល ប្រជាជន​ខឹង​ខ្ញុំ ប៉ុន្តែ​វា​ជាការ​ពិត​។ បើ​យើង​មិន​ចង់​ធ្វើការ​ទេ អ្នកផ្សេង​ត្រៀមខ្លួន​រួចហើយ​។ ចុងក្រោយ ជនបរទេស​នឹង​ត្រួតត្រា​ប្រទេស​នេះ ខណៈ​បច្ចុប្បន្ន មាន​ជនបរទេស​​៧​លាន​នាក់​ធ្វើការ​នៅ​ម៉ាឡេស៊ី​។​» នេះ​ជាស​ម្ដី​ដាស់តឿន​របស់លោក មហា​ធៀ ដែល​កំពុង​កាន់តំណែង​នាយករដ្ឋមន្ត្រី​លើក​ទី​ពីរ និង​ផ្សាយ​ដោយសារ​ព័ត៌មាន Bernama ។​
 
​ជាមួយនឹង​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​ប្រជាជន​ខ្លួនឯង​បែបនេះ នាយករដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ​ក៏​សង្ឃឹមថា ប្រជាជន​ម៉ាឡេស៊ី​នឹង​លែង​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​រដ្ឋាភិបាល​ទៀត​ក្នុងពេល​ខ្លី​ខាងមុខ​។ សម្រាប់​រូបនេះ កត្តា​នាំ​ឲ្យ​ជោគជ័យ ឬ​បរាជ័យ គឺ​វប្បធម៌ និង​ប្រព័ន្ធ​គុណ​តម្លៃ​របស់​ប្រជាជន​តែម្ដង​។ 
 
​លើសពីនោះ លោក មហា​ធៀ ក៏​ប្រាប់​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​រៀនសូត្រ​ឲ្យ​បាន​ច្រើន​មុខ ដោយ​មិន​ត្រឹមតែ​លើ​សាសនា​របស់ខ្លួន​តែមួយ​មុខ​ឡើយ​។ គណិតវិទ្យា វិទ្យាសាស្ត្រ ភូមិវិទ្យា និង​ប្រវត្តិសាស្ត្រ ជា​មុខវិជ្ជា​ដែល​ត្រូវ​ប្រឹង​សិក្សា ឯ​ការបង្រៀន​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ត្រូវតែ​បង្រៀន​ជា​ភាសា​អង់គ្លេស​។ នេះ​ជាការ​បន្ថែម​របស់លោក មហា​ធៀ ៕
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com