អន្តរជាតិ
លោក គីម ជុង​អ៊ុន ចង់​ជួប​លោក មូ​ន ចេ​អ៊ី​ន ឲ្យ​បាន​ញឹកញាប់​បន្តិច​នៅ​ឆ្នាំ​២០១៩
31, Dec 2018 , 5:16 pm        
រូបភាព
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​បំណង​ចង់​ឲ្យ​ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​ឲ្យ​បាន​ញឹកញាប់​នៅ​ឆ្នាំ​២០១៩ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ និង​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ លោក គីម បញ្ជាក់​ដូចនេះ ក្នុង​សំបុត្រ​កម្រ​មួយ​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​៣០ ខែធ្នូ ។ លោក មូ​ន វិញ បាន​ស្វាគមន៍​ជំហរ​ឥត​ងាករេ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដែល​បន្ត​ចង់ឃើញ​ការរំសាយ​នុយក្លេអ៊ែរ​។​

 
​ឆ្នាំ​២០១៨ តែមួយគត់ មេដឹកនាំ​កូរ៉េ​ទាំង​ពីរបាន​ជួបគ្នា​ដល់​ទៅ​បី​ដង ដោយ​ពីរដង​នៅ​តំបន់​ព្រំដែន និង​ម្ដងទៀត​នៅ​រដ្ឋធានី​ព្យុងយ៉ាង​។ នេះ​ជា​រឿង​មិន​ធ្លាប់មាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ទាំងពីរ​ក្រោយ​បែក​ជា​ពីរ​នៅក្រោយ​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣ ។ តាម​គម្រោង​ដែល​ឯកភាពគ្នា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​វិញ​ម្ដង​ក្នុង​ឆ្នាំ​២០១៨ នេះ ប៉ុន្តែ​ទស្សនកិច្ច​នេះ​មិនអាច​កើតឡើង​ទៅវិញ​។ 
 
​ពីរ​ថ្ងៃមុន​ដាច់​ឆ្នាំ​២០១៨ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏​ផ្ញើ​សារ​មួយ​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ប្រកាស​ចង់ឃើញ​ជំនួប​មេដឹកនាំ​កូរ៉េ​កើតមាន​ឲ្យ​ញឹកញាប់​នៅ​ឆ្នាំ​២០១៩ ។ លោក Kim Eui-kyeom អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​និយាយថា លោក គីម មាន​អារម្មណ៍​សោកស្ដាយ​ដែល​មិនអាច​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​តាម​ការព្រមព្រៀង​អំឡុង​ជំនួប​ជាមួយ​លោក មូ​ន ក្នុង​ខែកញ្ញា​កន្លងទៅ​។​
 
​បើតាម​អ្នកនាំពាក្យ​ដដែល មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង ក៏​បង្ហាញ​ការតាំង​ចិត្ត​របស់ខ្លួន​ថា នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​តាម​ស្ថានការណ៍​នៅ​ថ្ងៃ​អនាគត​។ មិនមែន​តែ​ចង់ទៅ​សេ​អ៊ូ​ល​ឡើយ ប្រមុខ​ដឹកនាំ​របប​ក្រុង​ព្យុងយ៉ាង​ដែល​ទើប​កាន់អំណាច​បាន​៦​ឆ្នាំ​រូបនេះ ក៏​ចង់​ជួប​លោក មូ​ន ឲ្យ​បាន​ច្រើនលើក​ថែមទៀត​នៅ​ឆ្នាំ​ថ្មី​ខាងមុខ សំដៅ​ស្វែងរក​សន្តិភាព និង​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ទាំងអស់គ្នា​។ 
 
​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ស្វាគមន៍​សំបុត្រ​កម្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង បាន​បញ្ចេញ​ព័ត៌មាន​ខ្លះ​ទៀតថា លោក គីម ក៏មាន​បំណង​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងឡាយ​កូរ៉េខាងត្បូង​ផង និង​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​សម្រេចបាន​ក្រោយ​ជំនួប​នៅ​សិង្ហ​បុរី​ផងដែរ​។ លោក មូ​ន ក៏​ត្រៀម​ជួប​លោក គីម នៅ​ឆ្នាំ​២០១៩ ផងដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​លោក គីម លើកឡើង​។​
 
​សំបុត្រ​របស់លោក គីម ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការចរចា​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែល​កំពុង​ជាប់គាំង​។ វា​ក៏​ជា​សញ្ញា​បង្ហាញថា កូរ៉េខាងជើង​នៅតែមាន​ឆន្ទៈ​ជជែក និង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ដដែល​។ យ៉ាងណាមិញ ជំហាន​បន្ទាប់​នោះ កូរ៉េខាងជើង ទំនងជា​មិន​ធ្វើ​សម្បទាន​ធំដុំ​ណាមួយ​ឡើយ បើ​អាមេរិក​នៅតែ​បន្ត​សង្កត់ក​តាមរយៈ​ការដាក់ទណ្ឌកម្ម​មិន​ដក​ដៃ​បន្តិច​សោះ​នោះ​៕
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com