អន្តរជាតិ
ប្រមុខ​ការពារជាតិ​អង់គ្លេស​៖ ក្រោយ​ចេញពី​អឺរ៉ុប អង់គ្លេស​នឹង​តាំងទ័ព​នៅ​អាស៊ីអាគ្នេយ៍ និង​កា​រ៉ា​អ៊ី​ប​
31, Dec 2018 , 11:19 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស Gavin Williamson (រូបភាព AFP)
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស Gavin Williamson (រូបភាព AFP)
​ប្រមុខ​ការពារជាតិ​អង់គ្លេស Gavin Williamson នៅ​ថ្ងៃទី​៣០ ខែធ្នូ បានប្រកាស​ពី​ផែនការ​ក្នុង​ការបង្កើត​មូលដ្ឋានទ័ព​ចំនួន​ពីរ​នៅ​បរទេស ក្រោយ​លែងលះ​ដាច់ស្រេច​ជាមួយ​សហភាព​អឺរ៉ុប​។ អង់គ្លេស​ដែល​តាម​គម្រោង​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ចង់​ដាក់​ទ័ព​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​។ បើតាម​លោក Williamson សម័យ​ក្រោយ​ការចាកចេញ​ពី​អឺរ៉ុប ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អង់គ្លេស​ងើបមុខ​ឡើងវិញ​លើ​ឆាក​អន្តរជាតិ​។​

 
​ការចាកចេញ​ពី​សហភាព​អឺរ៉ុប នឹងធ្វើ​ឲ្យ​អង់គ្លេស​មាន​ឯករាជ្យ​លើ​ការសម្រេចចិត្ត​លើ​ជោគវាសនា​របស់ខ្លួន​ទាំង​វិស័យ​សេដ​កិច្ច នយោបាយ សន្តិសុខ និង​វិស័យ​ការពារជាតិ​ជាដើម​។ ការចាកចេញ​នេះ ជា​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​សម្រាប់​អង់គ្លេស​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រម​ក​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ Gavin Williamson ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Telegraph ។ 
 
​អង់គ្លេស​ដែល​នឹងត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា នៅ​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​លែងលះ​នៅឡើយ​ទេ ដ្បិត​សមាជិកសភា​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​របស់​រដ្ឋា​ភិ​បាល​។ យ៉ាងណាក្ដី លោក Williamson ហាក់​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​អនាគត​របស់​អង់គ្លេស​ក្រោយ​ចាកចេញ​។ ក្នុង​កិច្ច​សម្ភាស​នៅឯ​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​៣០ ខែធ្នូ លោក​អះអាងថា បើ​អង់គ្លេស​បង្អួតខ្លួន​តាម​វិធីសាស្ត្រ​ផ្សេង អង់គ្លេស​អាច​ដើរតួនាទី​ដែល​ពិភពលោក​ចង់ឃើញ​។​
 
​ជាមួយគ្នា​នោះ ប្រមុខ​ការពារជាតិ​អង់គ្លេស​ដដែល​នេះ ក៏​បង្ហាញ​ផែនការ​របស់​អង់គ្លេស​ក្នុងការ​ពង្រឹង​វត្តមាន​យោធា​នៅ​បរទេស សំដៅ​បញ្ចេញ​សាច់ដុំ​យោធា​របស់ខ្លួន​។ ក្នុងន័យនេះ លោក Williamson បញ្ជាក់ថា អង់គ្លេស​កំពុង​សម្លឹង​មើល​លទ្ធភាព​ដាក់​ទ័ព​នៅ​តំបន់​អាស៊ី​មួយកន្លែង និង​មួយកន្លែង​ទៀត​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​។ 
 
​ខណៈ​រដ្ឋមន្ត្រី​ខាងលើ​មិន​បញ្ចេញ​ពី​ទីតាំង​ជាក់លាក់​នោះ ប្រភព​ជាច្រើន​លើកឡើងថា អង់គ្លេស​អាចដាក់​បង្កើត​យោធា​របស់ខ្លួន​ដែល​នឹងមាន​មូលដ្ឋាន​នាវា​ផ្គត់ផ្គង់ គ្រឿង​បរិក្ខារ​ផ្សេងៗ អាគារ​សម្រាប់​ស្នាក់នៅ និង​មន្ត្រី​យោធា​នៅ​អតីត​អាណានិគម​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ដែល​អាចជា​ព្រុយ​ណេ ឬ​សិង្ហ​បុរី​។ សម្រាប់​មូលដ្ឋាន​ស្រដៀង​គ្នា​នេះ​នៅ​កា​រ៉ា​អ៊ី​ប​វិញ អាចជា​ប្រទេស​ហ្គី​យ៉ាន ឬ​ម៉ុង​ស៊ែ​រ៉ា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។  
 
​ការអធិប្បាយ​របស់លោក Williamson ធ្វើ​ឲ្យ​គេ​នឹក​ដល់​សម័យកាល​អង់គ្លេស​ត្រួតត្រា​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ដូចជា​ឥណ្ឌា សិង្ហ​បុរី និង​ម៉ាឡេស៊ី​ជាដើម​។ ប៉ុន្តែ​អង់គ្លេស​បែរជា​បោះបង់​មហិច្ឆតា​រក្សា​វត្ត​មាននៅ​តំបន់​អាស៊ី​ក្រោយ​ឆ្នាំ​១៩៦៨ ទៅវិញ​។ បើតាម​រដ្ឋមន្ត្រី​រូបនេះ ប្រទេស​ជាច្រើន​ដូចជា​កាណាដា នូ​វែ​ល​សេ​ឡង់ ក៏ដូចជា​ប្រទេស​តំបន់​អាហ្វ្រិក​ផង​នោះ​ចង់ឃើញ​អង់គ្លេស​កាន់​តួនាទី​មហាអំណាច​យោធា និង​ជា​មេដឹកនាំ​ពិភពលោក​ផង​៕
 

Tag:
 Brexit
  អឺរ៉ុប​
  អង់គ្លេស​
  Gavin Williamson
© រក្សាសិទ្ធិដោយ thmeythmey.com