អន្តរជាតិ
លោក គីម ជុង​អ៊ុន​៖ បើ​អាមេរិក​បន្ត​ដាក់ទណ្ឌកម្ម កូរ៉េខាងជើង​នឹង​ដើរ​ផ្លូវ​ផ្សេង​
01, Jan 2019 , 11:54 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងសារឆ្នាំថ្មី (រូបភាព Screenshot ពី Youtube)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងសារឆ្នាំថ្មី (រូបភាព Screenshot ពី Youtube)
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ បានប្រកាស​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ នា​សុន្ទរកថា​ឆ្នាំ​ថ្មី លោក គីម ក៏​ប្រាប់​ឲ្យ​អាមេរិក​ចាត់វិធានការ​ឆ្លើយតប​នឹង​អ្វីដែល​កូរ៉េខាងជើង​បានធ្វើ​កន្ល​ង​មក​ក្នុង​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ​តាម​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី និង​ព្រមាន​ថា បើ​អាមេរិក​នៅតែ​ដាក់ទណ្ឌកម្ម កូរ៉េខាងជើង​នឹង​ដើរ​លើផ្លូវ​ថ្មី​មិន​ខាន​។

 
៣៦៥​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៨ ទំនាក់ទំនង​កូរ៉េខាងជើង និង​អាមេរិក ប្រែប្រួល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​។ មេដឹកនាំ​គូសត្រូវ​ទាំងពីរ ដែល​ធ្លាប់​គំរាម​កម្ទេច​ប្រទេស​គ្នា​ទៅមក​ក្នុង​ឆ្នាំ​២០១៧ បែរជា​ចាប់ដៃគ្នា​ទៅវិញ ហើយក៏​ព្រមព្រៀងគ្នា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ឲ្យ​បាន​ចប់​ផង​។ យ៉ាងណាមិញ ពេញ​មួយឆ្នាំ​២០១៨ បញ្ហា​រ៉ាំរ៉ៃ​នេះ​នៅតែ​រក​ច្រកចេញ​មិនឃើញ ខណៈ​ភាគី​ទាំងពីរ​នៅតែ​ខ្វែងគំនិត​ថា ត្រូវ​រំសាយ​នុយក្លេអ៊ែរ​តាមផ្លូវ​ណា អ្នកណា​ធ្វើ​អ្វី​មុន ហើយ​ចប់​នៅពេលណា​។​
 
​នាឱកាស​ថ្លែង​សារ​អបអរ​ឆ្នាំ​២០១៩ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​ជា​ចំហ​ថា ការតាំង​ចិត្ត​របស់លោក​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ គឺ​មិន​ផ្លាស់ប្ដូរ​ឡើយ ហើយ​ត្រៀមខ្លួន​ជួប​លោក ដូ​ណា​ល់ ត្រាំ គ្រប់ពេល​។ លោក គីម ប្រាប់​អាមេរិក​ឲ្យ​ធ្វើ​សកម្មភាព​តប​នឹង​អ្វីដែល​កូរ៉េខាងជើង​បានធ្វើ បើសិន​អាមេរិក​ចង់​ឲ្យ​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ​ទៅមុខ​បាន​លឿន​។ ប៉ុន្តែ​លោក​មិន​និយាយថា អាមេរិក​ត្រូវធ្វើ​អ្វី​ឡើយ​។​
 
​ការប្រកាស​ត្រៀមខ្លួន​ជួប​លោក ត្រាំ និង​ការបន្ត​ការតាំង​ចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ កន្លងមក លោក ត្រាំ បានប្រកាស​ហើយ​ថា ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​២ នឹង​រៀបចំឡើង​នៅ​ដើមឆ្នាំ​២០១៩ នេះ ដែល​អាច​នៅ​មករា​នេះ ឬ​ខែកុម្ភៈ​។ ថ្មីៗ​នេះ​ទៀតសោត ប្រធានាធិបតី​អាមេរិក​ក៏​បង្ហើប​ដែរ​ថា ការចរចា​ជាមួយ​កូរ៉េខាងជើង មានដំណើរ​ការ​ទៅមុខ​។​
 
​ទន្ទឹមនឹង​សារ​វិជ្ជមាន លោក គីម ក៏​ឆ្លៀត​ព្រមាន​អាមេរិក​ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។ ក្នុង​វីដេអូ​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង មេដឹកនាំ​វ័យក្មេង​រូបនេះ​អះអាងថា កូរ៉េខាងជើង​នឹង​ពិចារណា​ដើរ​លើផ្លូវ​ថ្មី បើ​អាមេរិក​មិន​គោរព​សន្យា​ចំពោះ​ពិភពលោក​នា​ជំនួប​នៅ​សិង្ហ​បុរី និង​បន្ត​ដាក់​សម្ពាធ​ទណ្ឌកម្ម​មិនចេះចប់​នោះ​។ សម្រាប់​លោក គីម សកម្មភាព​អាមេរិក​បែបនេះ ជាការ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ជ្រើសរើស​ផ្លូវ​ផ្សេងទៀត​ដើម្បី​ការពារ​ទឹកដី​។​
 
​ងាក​ទៅ​រឿង​សមយុទ្ធ​វិញ លោក គីម បានស្នើ​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​លំ​ហាត់​យោធា​រួមគ្នា​ជាមួយ​អាមេរិក​ទាំងស្រុង និង​មិនត្រូវ​ទទួល​អាវុធ​យុទ្ធសាស្ត្រ​អាមេរិក​ឡើយ​។ សព្វថ្ងៃ កូរ៉េខាងជើង និង​ខាងត្បូង​សម្រេចចិត្ត​ដើរ​លើផ្លូវ​សន្តិភាព និង​វិបុលភាព ដូចនេះ​សមយុទ្ធ​យោធា​ជាមួយ​កម្លាំង​ខាងក្រៅ មិនគួរ​មាន​ឡើយ ហើយ​ការពង្រាយ​អាវុធ​ធ្វើសង្គ្រាម ក៏​គួរតែបញ្ឈប់​ដែរ​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​៕ 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com