អន្តរជាតិ
ការបោះឆ្នោត​សំខាន់ៗ​នៅ​អាស៊ី​ឆ្នាំ​២០១៩
01, Jan 2019 , 8:19 pm        
រូបភាព
​នៅ​ឆ្នាំ​២០១៩ ប្រទេស​អាស៊ី​ចំនួន​៣ នឹង​រៀបចំ​ការបោះឆ្នោត​រៀងៗ​ខ្លួន​។ នៅ​ថៃ នឹងមាន​ការបោះឆ្នោត​ទូទៅ​នៅ​ខែកុម្ភៈ​, នៅ​ឥណ្ឌូណេស៊ី​នឹងមាន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែមេសា និង​ឥណ្ឌា​ក៏មាន​ការរៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ ក្រៅប្រទេស​ទាំង​៣ នេះ ប្រទេស​តំបន់​អាស៊ី​មួយចំនួនទៀត​ក៏​រៀបចំ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ និង​ការបោះឆ្នោត​អសាកល​ដែរ​។​

 
​នៅ​ទី​ផុត រាជាណាចក្រ​ថៃ នឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ដើម្បី​ជ្រើសរើស​មេដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ បន្ទាប់ពី​រស់នៅ​ក្រោម​កា​រដឹក​នាំ​របស់​យោធា​តាំងពី​ឆ្នាំ​២០១៤ មក​។ ឯ​ឥណ្ឌូណេស៊ី នឹង​បោះឆ្នោត​នៅ​ថ្ងៃទី​១៧ ខែមេសា ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន ចូ​កូ វី​ដូ​ដូ ត្រូវ​ប្រជែង​ជាមួយ​គូប្រកួត​ចាស់ ប្រា​បូ​វ៉ូ សូ​ប្យ៉ា​ន់​តូ (Prabowo Subianto) ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏ត្រូវ​ការពារ​តំ​ណែ​របស់​នៅ​ខែមេសា ឬ​ឧសភា​ខាងមុខ​។​
 
​ថៃ​៖ ដំណើរ​រដាក់រដុប​លើផ្លូវ​ប្រជាធិបតេយ្យ​ក្រោម​ការគូសវាស​របស់​មេ​ដឹកនាំ​រដ្ឋប្រហារ​
 
​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ គឺជា​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​ថៃ ដែលមាន​ភារកិច្ច​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។ មុន​មាន​កាលបរិច្ឆេទ​នេះ របប​យោធា​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​លើក​ពេល​ជាច្រើនលើក​តាំងពី​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ មក​។ ការអូសបន្លាយ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​សឹក​រង​ការរិះគន់​យ៉ាងខ្លាំង​ទាំងពី​អ្នកនយោបាយ​ក្នុងស្រុក និង​សហគមន៍​អន្តរជាតិ​ផងដែរ​។​


 
​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៩ លោក ប្រា​យុទ្ធ មិនទាន់​ច្បាស់​ថា នឹងចូលរួម​ឬ​អត់​ឡើយ តែមាន​បក្សនយោបាយ​មួយ​ដែល​បាន​គាំទ្រ​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​រួចហើយ​។ តាមច្បាប់​បោះឆ្នោត​ថ្មី បក្សនយោបាយ​នីមួយៗ​មាន​សិទ្ធ​តែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​បី​រូប​។ ខណៈ​បក្ស​ធំៗ​ដូចជា​បក្ស​ភឿ​ថៃ និង​បក្ស​ប្រជាធិបតេយ្យ សុទ្ធតែ​សង្ឃឹម​ទទួលជោគជ័យ គេ​មិន​រំពឹងថា ពួកគេ​អាច​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​តែឯង​ឡើយ​។​
 
​បោះឆ្នោត​ឥណ្ឌូណេស៊ី​៖ គូបដិបក្ខ​ឆ្នាំ​២០១៤ ត្រូវ​ប្រកួត​ម្ដងទៀត​នៅ​ឆ្នាំ​២០១៩
 
​លោក ចូ​កូ វី​ដូ​ដូ ដែល​ត្រូវ​ស្គាល់​ជាទូទៅ​ថា ចូ​កូ​វី នឹងត្រូវ​ការពារ​តំណែង​ប្រធានាធិបតី​របស់ខ្លួន​ទល់នឹង​អតីត​ឧ​ត្ត​ម​សេនីយ៍ សូ​ប្យ៉ា​ន់​តូ ដែល​លោក​បាន​ផ្ដួល​ម្ដង​ហើយ​កាលពី​ឆ្នាំ​២០១៤ ។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៩ នេះ លោក ចូ​កូ​វី បាន​ចាប់ដៃ​ជាមួយ​បព្វជិត​សាសនា​ឥស្លាម Ma’ruf Amin ។ នេះ​ជាការ​សម្រេចចិត្ត​យុទ្ធសាស្ត្រ​របស់លោក ចូ​កូ​វី ព្រោះ​អាច​ប្រមូល​ការគាំទ្រ​ពី​ប្រជាជន​មូស្លីម ប៉ុន្តែ​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ដែរ ដ្បិត​លោក Amin មានគំនិត​អភិរក្ស​ខ្លាំង​។​


 
​ប្រជាជន​ឥណ្ឌូណេស៊ី​ប្រមាណ​១៩០​លាន​នាក់ នឹងត្រូវ​សម្រេចចិត្តថា បន្ត​ឲ្យ​លោក វី​ដូ​ដូ ដឹកនាំ​ទៀត ឬ​ផ្ដល់ឱកាស​ឲ្យ​លោក សូ​ប្យ៉ា​ន់​តូ វិញ​ម្ដង​។ បើ​ឈ្នះឆ្នោត បេក្ខជន​ប្រធានាធិបតី និង​ដៃគូ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី ត្រូវការ​សំឡេងគាំទ្រ​៥០​ភាគរយ​។ បើ​គ្មាន​បេក្ខភាព​អាច​ទទួល​សំឡេង​គ្រប់គ្រាន់ បេក្ខភាព​ដែល​ទទួល​ការគាំទ្រ​ច្រើនជាងគេ​ចំនួន​ពីរ ត្រូវ​បន្តទៅ​ការបោះឆ្នោត​ជុំ​ទី​២​ទៀត​។ 
 
​បោះឆ្នោត​ឥណ្ឌា​៖ បក្ស​កាន់អំណាច​បាត់​សំឡេង​នៅ​ថ្នាក់ក្រោម​ជាតិ អាច​ប៉ះពាល់​តំណែង​លោក ម៉ូ​ឌី​
 
​បរាជ័យ​ក្នុងការ​បោះឆ្នោត​នៅតាម​រដ្ឋ​មួយចំនួន​ក្នុង​ឆ្នាំ​២០១៨ របស់​បក្ស​កាន់អំណាច Bharatiya Janata Party ពិតជា​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ខ្វាយខ្វល់​យ៉ាងខ្លាំង ខណៈ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​ថ្មី នឹងធ្វើ​ខែមេសា ឬ​ឧសភា​ខាងមុខ​។ ដ្បិត​ជាការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​មែន បរាជ័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់លោក ម៉ូ​ឌី និង​គោលនយោបាយ​របស់លោក​ផងដែរ​។​


 
​គូប្រជែង​ធំ​របស់​បក្ស​កាន់អំណាច គឺ​បក្ស​សមាជជាតិ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អ្នកនយោបាយ​ត្រកូល​គ​ន្ធី​។ យ៉ាងណាមិញ ក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​ឌី ឥណ្ឌា​ដែលមាន​ប្រជាជន​លំដាប់​ទី​២ បន្ទាប់ពី​ចិន បាន​ស្គាល់​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស​បំផុត និង​ការកែទម្រង់​ជាច្រើន​ផង ដែល​ការ​ណ៍ន​នេះ​អាចជា​ឈ្នាន់​ឲ្យ​លោក ម៉ូ​ឌី បន្ត​ឈ្នះឆ្នោត​ដឹកនាំ​ទៀត​៕ 
 

Tag:
 អាស៊ី​
  ការបោះឆ្នោត​
  ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com