ជាតិ
ខេត្ត​ព្រះសីហនុ ទទួលភ្ញៀវ​ទេសចរ​២២​ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​ជាតិ​នៅតែ​បន្ត​ធ្លាក់ចុះ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​
01, Jan 2019 , 3:32 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​២២​ម៉ឺន​នាក់ បាន​ទៅលេង​ខេត្ត​ព្រះសីហនុ​ក្នុងឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ជាតិ​នៅតែ​ធ្លាក់ចុះ បើ​ធៀប​ទៅ​ឆ្នាំមុនៗ ។  នេះ​បើ​យោងតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​


 
​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បាន​និយាយថា ភ្ញៀវទេសចរ​ទាំង​២២​ម៉ឺន​នាក់​នេះ មាន​ចំនួន​ភ្ញៀវទេសចរ​បរទេស​៥០​ភាគរយ​។ ដ្បិត​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​បរទេស ប្រហាក់ប្រហែលគ្នា​ក្តី ប៉ុន្តែ​អត្រា​ភ្ញៀវទេសចរ​ជាតិ ដែល​សម្រុក​ទៅលេង​កម្សាន្ត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំនេះ នៅតែមាន​ចំនួន​តិចជាង​ឆ្នាំមុន​។ នេះ​បើតាម​លោក សុ​ចិត្ត​គ្រឹ​ស្នា​។​


 
​ប្រធាន​មន្ទីរ​ទេសចរ​ណ៍រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖« បើ​គិត​ក្នុង​រយៈពេល​៣​ថ្ងៃនេះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចន្លោះ​ពី ២១ ទៅ​២២​ម៉ឺន​នាក់ ជាពិសេស​ថ្ងៃ​ចុងក្រោយ​មាន​ភ្ញៀវទេសចរ​មកលេង​ច្រើនជាងគេ​។ ទេសចរ​អន្តរជាតិ កើន​ចន្លោះ​ពី ១៥ -១៦ ភាគរយ តែ​ភ្ញៀវ​ទេចរ​ជាតិ​វិញ នៅតែ​ថយចុះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំកន្លងមក​។ ប៉ុន្តែ​(​ចំនួន​ភ្ញៀវទេសចរ​ជាតិ​)​មានការ​កើនឡើង​វិញ បើ​ធៀប​នៅ​នឹង​បុណ្យ (​អំ​ទូក​) ក្នុង​ឆ្នាំ​២០១៨ ដូចគ្នានេះ វា​មានការ​កើនឡើង​វិញ ដោយសារ​យើង​មើលឃើញថា​វា​ថយ​ជាង​២០​ភាគរយ តែ​ឥឡូវ​ថយ​តិចជាង​មុន​។ នេះ​បើតាម​ការសង្កេត​ក្នុងឱកាស​ឆ្លង​ឆ្នាំនេះ »​។ 


 
​មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយ​ដាក់​តង់​ជួល​ចំនួន​៣០០ នៅ​ចុង​ឆ្នេរ​អូ​ឈើទាល​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សម្រាក​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ ។ បើតាម​លោក គ្រឹ​ស្នា តង​ទាំង​៣០០​នេះ ត្រូវបាន​ភ្ញៀវទេសចរ​ជួល​ទាំងអស់ ហើយ​ចំណូល​ពី​ការជួល​តង់ ត្រូវបាន​ចំណាយ​ទៅលើ​សន្តិសុខ​ការពារ ភ្លើង​បំ​ភ្លឺជុំវិញ​កន្លែង​បោះតង់  បន្ទប់ទឹក បណ្ដាញ​ទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ជាដើម​។ 


 
«​យើង​មានការ​រក្សារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​បាន​យ៉ាង​ល្អ ។​ហើយ​ចំពោះ​តម្លៃ​ផ្ទះសំណាក់ និង​ម្ហូបអាហារ​ មានការ​ឡើងថ្លៃ​ដែរ ប៉ុន្តែ​មិន​ថ្លៃ​ហួសហេតុ​ទេ​។ ផ្ទះសំណាក់​ក្នុង​ថ្ងៃ​ធម្មតា​មានតម្លៃ ច​ន្លោះ​ពី​២០ ទៅ​៣៥ ដុល្លារ ដល់ពេល​ថ្ងៃ​បុណ្យទាន​គាត់​ឡើង​៥​ដុល្លារ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ ទៅលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ដូច​ឆ្នាំមុនៗ ដោយ​កុំ​មានការ​បារម្ភ ខណៈដែល​អាជ្ញាធរ​បាន​ចុះ​រៀបចំ និង​ដោះស្រាយ​បញ្ហា​នានា​រួចរាល់​អស់ហើយ​៕



Tag:
 ​តាំង សុ​ចិត្ត​គ្រឹ​ស្នា​
 ​ទេសចរ​
  ខេត្ត​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com