អន្តរជាតិ
ជំនួប​ត្រាំ​-​គីម​លើក​ទី​ពីរ អាច​កើតឡើង​ឆាប់ៗ​?
02, Jan 2019 , 11:36 am        
រូបភាព
លោក គីម​ ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នាជំនួបលើកទី១ នៅសិង្ហបុរី។ (រូបភាព AFP)
លោក គីម​ ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នាជំនួបលើកទី១ នៅសិង្ហបុរី។ (រូបភាព AFP)
​ចាប់ផ្ដើម​ទំព័រ​ថ្មី​ឆ្នាំ​២០១៩ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង សុទ្ធតែ​បង្ហាញ​ជំហរ​ចង់​ជួបគ្នា​ឆាប់ៗ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។ សញ្ញា​វិជ្ជមាន​នេះ ធ្វើ​ឲ្យ​គេ​ឯង​សង្ឃឹមថា ជំនួប​កំពូល​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​កើតឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ស្រប​ពេលដែល​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នៅជាប់​គាំង​នៅឡើយ​។ យ៉ាងណាមិញ មកទល់ពេលនេះ គេ​មិនទាន់​ឃើញ​មានការ​ជួបគ្នា​ រវាង​មន្ត្រី​ភាគី​ទាំងពីរ​ជួបគ្នា​ ជជែក​ពី​ការរៀបចំ​ជំនួប​នេះ​នៅឡើយ​ទេ លើកលែងតែ​មានការ​លួច​ជួបគ្នា​ជាសម្ងាត់​។​

 
​ក្នុងឱកាស​ថ្លែង​សារ​ឆ្នាំ​ថ្មី ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បោះ​បាល់​ទៅ​អាមេរិក​មុន ដោយ​ប្រកាស​ត្រៀម​ជួប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅពេលណា​ក៏បាន ប៉ុន្តែ​ឆ្លៀត​ព្រមាន​ថា បើ​អាមេរិក​បន្ត​ទណ្ឌកម្ម កូរ៉េខាងជើង​នឹង​ដើរ​ផ្លូវ​ផ្សេង​។ ឆ្លើយតប​វិញ លោក ត្រាំ ក៏​និយាយ​ដែរ​ថា លោក​ក៏​ត្រៀម​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ដូចគ្នា​ដែរ ហើយក៏​ថែម​សម្ដី​ថា លោក គីម ដឹង​ច្បាស់​ពី​សក្ដានុពល​សេដ្ឋកិច្ច​កូរ៉េខាងជើង បើ​សុខចិត្ត​បោះបង់​នុយក្លេអ៊ែរ​។​
 
​តាមពិតទៅ ព័ត៌មាន​នៃ​ជំនួប​ត្រាំ​-​គីម​លើក​ទី​ពីរ បាន​លេចឡើង​តាំងពី​ចុងឆ្នាំ​២០១៨ មក ហើយ​ដែល​ក្រុង​វ៉ាស៊ីនតោន ​ជា​អ្នក​បញ្ចេញ​តែម្ដង​។ ការជួប​មុខ​លើក​ទី​ពីរ​នេះ ត្រូវបាន​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ខែមករា ឬ​កុម្ភៈ​ ឆ្នាំ​២០១៩នេះ ហើយ​មាន​ទីតាំង​ចំនួន​បី កំពុងស្ថិត​ក្នុងការ​ពិចារណា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក ត្រាំ ប្រកាស​ហើយ​ថា សិង្ហ​បុរី​ម្ចាស់ផ្ទះ​ជំនួប​លើក​មួយ មិន​ស្ថិតក្នុង​ការគិតគូរ​ឡើយ​។​
 
​ជំនួប​ត្រាំ​-​គីម កើត​ក្រោយ​ជំនួប​មូ​ន​-​គីម​
 
​ជំនួប​ត្រាំ​-​គីម លើក​ក្រោយអាច​កើតឡើង​ឬ​អត់ ក៏ត្រូវ​ពឹង​លើ​កត្តា​សំខាន់​មួយទៀត គឺ​កូរ៉េខាងត្បូង​។ ការជួប​ចរចា​លើកទីមួយ​ ក្នុង​ខែមិថុនា ​នៅ​សិង្ហ​បុរី កើតមាន​បន្ទាប់ពី​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​លោក គីម នៅ​ខែឧសភា​។ កាលនោះ លោក មូ​ន បានធ្វើ​ដំណើរ​ទៅ​ជួប​លោក គីម នៅឯ​ប៉ែក​ខាងជើង​ខ្សែ​ព្រំដែន បន្ទាប់ពី​លោក ត្រាំ ប្រកាស​លុបចោល​គម្រោង​ជំនួប​នៅ​សិង្ហ​បុរី​។ ក្រោម​ការសម្របសម្រួល​នេះ ជំនួប​ត្រាំ​-​គីម ក៏មាន​ដង្ហើម​ឡើងវិញ​។​
 
​យ៉ាងណាក្ដី ជំនួប​មូ​ន​-​គីម នៅតែ​គ្មាន​សញ្ញា​ថា នឹង​កើតមាន​ក្នុងពេល​ឆាប់​នេះឡើយ​។ តាម​ការឯកភាព​ជាមួយ​លោក មូ​ន នា​ជំនួប​ក្នុង​ខែកញ្ញា លោក គីម​ ចង់ទៅ​រដ្ឋធានី​សេ​អ៊ូ​ល​នៅត្រឹម​ចុងឆ្នាំ​២០១៨ ប៉ុន្តែ​គម្រោង​នេះ​ មិនអាច​កើតជា​រូបរាង​បានទេ ខណៈ​លោក គីម ក៏​សុំទោស​លោក មូ​ន ដែរ​ជុំវិញ​បញ្ហា​នេះ​។ ទំនង​ពឹង​ផ្អែកលើ​គម្រោង​នេះ ទើប​លោក ត្រាំ ប្រកាសថា ជំនួប​លើក​ទី​ពីរ​ ជាមួយ​លោក គីម អាច​រៀបចំ​ទាន់​នៅ​ដើមឆ្នាំ​២០១៩ ។​
 
​ជំនួប​លើក​ទី​ពីរ អា​ចរក​ច្រកចេញ​ឃើញ​?
 
​ជំនួប​ប្រវត្តិសាស្ត្រ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី ជា​រឿង​ដែល​គេ​មិន​នឹកស្មានថា អាច​កើតឡើង​បានឡើយ​។ មេដឹកនាំ​ប្រទេស​ពីរ​ដែលជា​គូសត្រូវ​នឹង​គ្នា និង​គំរាម​កម្ទេច​គ្នា​ឲ្យ​ក្លាយជា​ផេះផង់ បែរជា​ឈរ​ចាប់ដៃ​ចំពោះមុខ​កាមេរ៉ា​ទៅវិញ​។ ប៉ុន្តែ​អ្វីដែល​បាន​ព្រមព្រៀងគ្នា​ក្រោយ​ជំនួប​នេះ មាន​លក្ខណៈ​ទូលាយ​ខ្លាំងពេក និង​មិនបាន​ឲ្យ​និយមន័យ​ឲ្យ​ច្បាស់​ពី​ការរំសាយ​នុយក្លេអ៊ែរ​ឡើយ ឬ​យន្តការ​ជាក់លាក់​ ឈានទៅ​លុបបំបាត់​អាវុធ​ប្រល័យ​លោក​នេះ​ទេ​។​
 
​ការណ៍​នេះ ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​មិនអាច​សម្រេចបាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​ទេ ​ក្នុង​ដំណើរការ​ជជែក​គ្នា​កន្លងមក​។ តាមពិតទៅ កូរ៉េខាងជើង​ក៏​មិនមែន​មិន​ធ្វើ​អ្វី​សោះ​ដែរ ដោយបាន​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ ផ្អាក​ការសាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ហើយ​ត្រៀម​បិទ​មជ្ឈមណ្ឌល​បាញ់​មី​ស៊ី​ល​មួយកន្លែង​ទៀតផង​។ អាមេរិក​ទៅវិញ​ទេ ដែល​មិនទាន់​ធ្វើ​អ្វី ក្រៅពី​ការដាក់ទណ្ឌកម្ម​ថែមទៀត​លើ​កូរ៉េខាងជើង​។​
 
​ទោះជា​យ៉ាងណា គេ​សង្ឃឹមថា ជំនួប​លើក​ពីរ នឹងមិន​ក្លាយជា​ជំនួប​សិង្ហ​បុរី​លើក​ទី​ពីរ​ឡើយ​។ នេះ​មានន័យថា អាមេរិក និង​កូរ៉េខាងជើង ត្រូវតែកំណត់​ឲ្យ​ច្បាស់លាស់ ​ពី​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ ក៏ដូចជា​និយមន័យ​ផង កុំ​ឲ្យ​មានការ​ផ្ដល់​និយមន័យ​ពីរ​ផ្សេងគ្នា ​ដូច​សព្វថ្ងៃ​។ សម្រាប់​កូរ៉េខាងជើង ការរំសាយ​នុយក្លេអ៊ែរ គឺ​មិនមែន​សំដៅ​នុយក្លេអ៊ែរ​របស់ខ្លួន​មួយ​មុខ​ឡើយ តែ​អាមេរិក​ក៏ត្រូវ​ដកទ័ព និង​ដក​កូរ៉េខាងត្បូង ​ចេញពី​ប្រព័ន្ធ​នុយក្លេអ៊ែរ​របស់ខ្លួន​ផង​។ ចំពោះ​អាមេរិក​វិញ ការកម្ទេច​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ទាំងស្រុង ធ្វើឡើង​តែម្ដង និង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ទើប​ជាការ​គោលដៅ​ធំ​របស់ខ្លួន​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com