អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ ចិន និង​តៃវ៉ាន់​ត្រូវរួមគ្នាឲ្យ​ខាងតែបាន ទោះ​ខុសគ្នា​ច្រើន​
02, Jan 2019 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២ ខែមករា បាន​ផ្ញើ​សារ​ម៉ឺងម៉ាត់​មួយ​ទៅកាន់​កោះ​តៃវ៉ាន់ ដែលជា​ចិន​ចាត់ទុកជា​អាណាខេត្ត​របស់ខ្លួន​។ លោក ស៊ី អះអាងថា ការបង្រួបបង្រួម​រវាង​ចិន និង​តៃវ៉ាន់ គឺជា​រឿង​មិនអាច​ប្រកែក​បាន ហើយ​ជា​កិច្ចការ​ប្រវត្តិសាស្ត្រ​សម្រាប់​ជនជាតិ​ចិន​ទាំងអស់​។ មេដឹកនាំ​ចិន​ក៏​សន្យា​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​តៃវ៉ាន់ បើ​សុខចិត្ត​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង ប៉ុន្តែ​ការប្រកាស​ផ្ដាច់ខ្លួន នឹងត្រូវ​ឆ្លើយតប​វិញ​ដោយ​កម្លាំងយោធា​។​

 
​ចិន និង​តៃវ៉ាន់ នឹងត្រូវ​បង្រួបបង្រួម​តាមផ្លូវ​សន្តិភាព តែ​ការប្រើ​កម្លាំងយោធា​នៅតែ​ជម្រើស​ដដែល​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នាឱកាស​ខួប​ទី​៤០ នៃ​ការផ្ញើ​សារ​ទៅកាន់​ជនរួមជាតិ​នៅ​តៃវ៉ាន់ នៅ​ថ្ងៃទី​២ ខែមករា​។ ព្រឹត្តិការណ៍​នេះ ជាការ​រំឭក​ដល់​ការចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី​២ មករា ឆ្នាំ​១៩៧៩ របស់​សភា​ប្រជាជន​ចិន ដែល​ស្នើ​បញ្ចប់​ការប្រឈមមុខ​យោធា និង​បង្កើត​ការផ្លាស់ប្ដូរ​គ្រប់​វិស័យ​រវាង​ចិន និង​កោះ​តៃវ៉ាន់​។​
 
​ចិន និង​តៃវ៉ាន់ ដែល​ខណ្ឌ​ចែកដាច់​ពីគ្នា​ដោយ​ច្រក​សមុទ្រ​តៃវ៉ាន់ សុទ្ធតែ​អះអាងថា ខ្លួន​ជា​តំណាង​ឲ្យ​ចិន​ដូចគ្នា ប៉ុន្តែ​តៃវ៉ាន់​ដែលជា​កោះ​មួយ​នោះ បាន​បាត់បង់​ឥទ្ធិពល​ច្រើន​លើ​ឆាក​អន្តរជាតិ ខុសពី​ចិន​ដែលជា​មហាអំណាច​ពិភពលោក​។ កា​រប​ង្រួ​បង្រួម​ចិន​តែមួយ គឺជា​បេសកកម្ម​ដ៏​ធំ​មួយ​របស់​ក្រុង​ប៉េកាំង​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​សំខាន់បំផុត​របស់ខ្លួន​មួយទៀត គឺ​ការធ្វើ​ឲ្យ​ចិន​ស្រស់បំព្រង និង​ខ្លាំងក្លា​ឡើងវិញ​។ 
 
​ក្នុង​សុន្ទរកថា​ដែល​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ទាំងអស់ លោក ស៊ី អះអាងថា ចិន និង​តៃវ៉ាន់ ត្រូវតែ​រួបរួមគ្នា​ដាច់ខាត ហើយ​ចិន​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​ដោយ​ស្មោះត្រង់​ដើម្បី​ការបង្រួបបង្រួម​ជាតិ​តាមរយៈ​មធ្យោបាយ​សន្តិភាព​។ ដោយ​កត់សម្គាល់ថា ចិន​មិន​វាយ​ចិន​ដូចគ្នា​នោះ មេដឹកនាំ​ចិន​រូបនេះ​បន្តថា ដំណោះស្រាយ​សន្តិភាព នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​ជន​រួម​ឈាម​ចិន​ទាំងអស់ មិន​ថា​នៅ​តៃវ៉ាន់ ឬ​នៅ​ដីគោក​ឡើយ​។​
 
​យ៉ាងណាមិញ លោក ស៊ី ក៏​ព្រមាន​ថា ក្រុង​ប៉េកាំង មិន​បោះបង់​ជម្រើស​យោធា​ក្នុងការ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក ស៊ី ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ដែរនោះ សង្កត់ធ្ងន់ថា ការប្រកាស​ឯករាជ្យរ​បស់​តៃវ៉ាន់ ជាការ​ដើរ​ផ្ទុយ​ចរន្ត​ប្រវត្តិសាស្ត្រ ហើយ​ការប្រើ​កម្លាំង​ទ័ព នឹង​សំដៅ​តែ​ប្រទេស​ខាងក្រៅ​ដែល​លូកលាន់​កិច្ចការ​តៃវ៉ាន់ និង​ក្រុមមនុស្ស​មាន​និន្នាការ​ទៅរក​ឯករាជ្យ​ប៉ុណ្ណោះ​។​
 
​ក្រៅពី​ការរួម​គ្នា​ជា​ចិន​តែមួយ​ក្រោម​ការគ្រប់គ្រង​របស់​ប៉េកាំង មេដឹកនាំ​ចិន​ក៏​ស្នើ​អនុវត្ត «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ជា​រូបមន្ត​សម្រាប់​ការបង្រួបបង្រួម​គ្នា​ដែរ​។ សព្វថ្ងៃ រូបមន្ត​នេះ​កំពុង​អនុវត្ត​នៅ​ហុងកុង និង​ម៉ា​កាវ ដោយ​តំបន់​ទាំងពីរ​នេះ​មាន​រដ្ឋបាល​គ្រប់គ្រង​ខ្លួនឯង ច្បាប់​អនុវត្ត​ដោយឡែក តែ​កិច្ចការ​យោធា និង​ការបរទេស​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ប៉េកាំង​។ សម្រាប់​លោក ស៊ី ភាពខុសគ្នា​រវាង​ចិន និង​តៃវ៉ាន់ មិនមែនជា​ឧបសគ្គ​ក្នុងការ​រួបរួមគ្នា​ទេ​។​
 
​ជា​សារ​ផ្ញើ​ទៅ​តៃវ៉ាន់ លោក ស៊ី ក៏​សន្យា​រក្សា​ប្រព័ន្ធ​សង្គម និង​ការរស់នៅ​របស់​ប្រជាជន​នៅ​តៃវ៉ាន់ ឯ​កម្មសិទ្ធិឯកជន ជំនឿ​សាសនា ក៏ដូចជា​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួកគេ​ក៏​នឹងត្រូវ​បានការ​ពារ​ដែរ នៅពេល​ការបង្រួបបង្រួម​លេច​ជា​រូបរាង​ឡើង​។ លើសពីនោះ សន្តិភាព​យូរអង្វែង​នៅ​តៃវ៉ាន់ ក៏ត្រូវ​បាន​ធានា​ដូចគ្នា​ដែរ​៕  

Tag:
 ​ចិន​
  តៃវ៉ាន់​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com