ជាតិ
ឥទ្ធិពលព្យុះប៉ាប៊ុក ធ្វើឲ្យអាកាសធាតុនៅកម្ពុជាបន្តត្រជាក់ លាយឡំជាមួយភ្លៀងធ្លាក់
× ភ្នំពេញ៖ អាកាសធាតុត្រជាក់បន្តកើតឡើងនៅកម្ពុជា ពិសេសនៅបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិន។ ខេត្តទាំងនេះត្រជាក់តែពេលយប់ និងពេលព្រលឹម នៅត្រឹមថ្ងៃទី៣មករា។ ដោយឡែក ខេត្តកែប កំពត និងខេត្តព្រះសីហនុ និងផ្នែកខ្លះនៃរាជធានី-ខេត្តមួយចំនួនទៀត អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ពីចាប់ពីថ្ងៃទី៣-៤មករា ផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២មករា កម្ពុជាមានអាកាសធាតុបែបនេះ ដោយសារជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ និងនៅក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះប៉ាប៊ុក(PABUK) ប្រចាំឆ្នាំ២០១៩។ ព្យុះនេះ នឹងវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅភាគខាងត្បូងនៃប្រទេសថៃ។
ជាមួយគ្នានេះ ក្រសួងបានសូមឲ្យប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ ជា ពិសេសកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា សូមបង្កើនភាពប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះនេះ ដែលអាចបង្កអាចមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៤ មករា ឆ្នាំ២០១៩៕
Tag:
អាកាសធាតុ
ព្យុះ
ភ្លៀង
ប៉ៃលិន
កែប
កំពត
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com