ជាថ្មីម្ដងទៀត ប្រធានាធិបតីចិន ស៊ី ជិនភីង ប្រកាសជាចំហថា ចិន និងតៃវ៉ាន់ ត្រូវតែរួបរួមគ្នាជាចិនតែមួយតាមផ្លូវសន្តិភាព តែជម្រើសនេះមិនបានផល ចិនក៏មិនបោះបង់ដែរជម្រើសយោធា។ យ៉ាងណាមិញ មេដឹកនាំចិនមិនបានកំណត់ពេលវេលាជាក់លាក់នៃការបង្រួបបង្រួមទឹកដីចិនឡើយ តែភ្ជាប់គោលដៅនេះទៅនឹងគោលដៅធ្វើឲ្យចិនខ្លាំងក្លាឡើងវិញដែលត្រូវសម្រេចឲ្យបាននៅពាក់កណ្ដាលសតវត្សរ៍ទី២១ នេះ។
ការបង្រួបបង្រួមចិនតែមួយ គ្មានចិនដីគោក គ្មានចិនតៃវ៉ាន់ គឺជាបំណងធំរបស់ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់។ មកទល់សម័យលោក ស៊ី ជិនភីង គោលដៅនេះក៏នៅតែជារបៀបសំខាន់ដដែល។ នៅថ្ងៃទី២ ខែមករា លោកប្រធានាធិបតី ស៊ី ជិនភីង នាឱកាសខួបទី៤០ នៃថ្ងៃផ្ញើសារទៅកាន់ជនរួមឈាមនៅតៃវ៉ាន់ ថ្លែងថា តៃវ៉ាន់ជាផ្នែកមួយមិនអាចផ្ដាច់បានរបស់ចិន ហើយការនាំយកតៃវ៉ាន់មកគ្រប់គ្រង គឺជារឿងដែលត្រូវកើតឡើង។
ការយកតៃវ៉ាន់គ្រប់គ្រងឲ្យបាន ត្រូវប្រើមធ្យោបាយសន្តិភាព។ នេះជាជំហររបស់មេដឹកនាំចិន ប៉ុន្តែឆ្លៀតព្រមានថា ចិនក៏មិនដែលសន្យាថា នឹងមិនប្រើប្រាស់កម្លាំងក្នុងការដណ្ដើមយកតៃវ៉ាន់ដែរ។ យ៉ាណាមិញ លោក ស៊ី មិនបាននិយាយទេថា គោលដៅចិនតែមួយនឹងសម្រេចបាននៅពេលណាឲ្យច្បាស់លាស់ដែរ តែបានព្រលយថា ការបង្រួបបង្រួមចិនតែមួយ ជាកត្តាចាំបាច់សម្រាប់ការធ្វើឲ្យចិនខ្លាំងក្លាឡើងវិញក្នុងយុគសម័យថ្មី ហើយតៃវ៉ាន់មិនអាចអវត្តមានក្នុងការសម្រេចឲ្យគោលដៅនេះទេ។
ទោះមិនបញ្ចេញកាលបរិច្ឆេទច្បាស់លាស់ គេអាចប៉ាន់ស្មានបានតាមរយៈសម្ដីរបស់លោក ស៊ី ពីការកំណត់ដែលការបង្រួបបង្រួមចិនអាចកើតឡើង។ មានកាលបរិច្ឆេទពីរដែលចិន និងតៃវ៉ាន់អាចក្លាយជាចិនតែមួយ គឺឆ្នាំ២០២១ ឬឆ្នាំ២០៤៩ ។
ហេតុអ្វីឆ្នាំ២០២១ ឬ២០៤៩?
ឆ្នាំ២០២១ និងឆ្នាំ២០៤៩ នឹងមានព្រឹត្តិការណ៍១០០ឆ្នាំចំនួនពីរ។ ឆ្នាំ២០២១ គឺជាខួបទី១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលសព្វថ្ងៃមានលោក ស៊ី ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម ឯឆ្នាំ២០៤៩ ជាខួបទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលលោក ស៊ី ជាប្រធានាធិបតីដែរ។ លោក ស៊ី ផ្ទាល់ បានភ្ជាប់ព្រឹត្តិការណ៍ធំទាំងពីរនេះទៅនឹងទស្សនវិស័យធំមួយទៀត គឺការសម្រេចឲ្យបានក្ដីសុបិនរបស់ចិន។
ក្នុងសុន្ទរកថាមួយក្នុងឆ្នាំ២០១៤ លោក ស៊ី បញ្ជាក់ថា៖ «នៅពេលបច្ចុប្បន្ន ប្រជាជនចិនដែលចង់ឃើញការសម្រេចឲ្យបានគោលដៅ១០០ឆ្នាំទាំងពីរ និងការក្ដីសុបិនចិនក្នុងការធ្វើឲ្យប្រទេសខ្លាំងក្លាឡើងវិញ»។ ការភ្ជាប់គោលដៅធំទាំងនេះជាមួយគ្នា មានន័យស្មើនឹងការកំណត់កាលបរិច្ឆេទនៃការសម្រេចឲ្យក្ដីសុបិនក្នុងយុគសម័យថ្មីនេះដែរ។
តាមការគ្រោងទុក នៅឆ្នាំ២០២១ ចិនត្រូវក្លាយជាសង្គមដែលមានកម្រិតរស់នៅសមរម្យ។ សម្រាប់ឆ្នាំ២០៤៩ វិញ ចិនត្រូវតែក្លាយប្រទេសមហាអំណាចលើគ្រប់វិស័យ។ ក្នុងសុន្ទរកថាដដែល លោក ស៊ី សង្កត់ធ្ងន់ថា ក្ដីសុបិននេះ ក៏ជាក្ដីសុបិនរបស់តៃវ៉ាន់ ហើយភាពខុសគ្នាក៏មិនមែនជាបញ្ហារាំងស្ទះដល់ការបង្រួបង្រួមចិត្តតែមួយដែរ។ ពេលចំណាយរស់នៅជាមួយគ្នាយូរទៅ អមដោយការប្រឹងប្រែង ចិន និងតៃវ៉ាន់អាចបង្កើតអារម្មណ៍តែមួយបាន។
ត្រង់ចំណុចនេះ គេអាចយល់បានថា ចិននឹងប្រឹងប្រែងធ្វើយ៉ាងណាយកតៃវ៉ាន់មកវិញឲ្យបានឆ្នាំ២០២១ ឬឆ្នាំ២០៤៩ មិនខាន។ ដូចការរៀបរាប់ខាងលើ ក្រុងប៉េកាំងនឹងប្រើវិធីត្រជាក់សិនដូចជាការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដោះដូរសេដ្ឋកិច្ច និងការបង្កើតយន្តការដើម្បីពង្រឹងទំនាក់ទំនងរវាងគ្នាផង។ បើវិធីត្រជាក់គ្មានលទ្ធផលនោះ ការប្រើកម្លាំងនៅតែជាជម្រើសដដែល ដ្បិតបើតៃវ៉ាន់នៅតែជាតៃវ៉ាន់ ក្ដីសុបិនចិនក៏គ្មានថ្ងៃកើតឡើងដែរ។
ចិនតែមួយតាមផ្លូវសន្តិភាព ឬផ្លូវយោធា?
ពីមុន ចិនតែមួយលេចជារូបរាងនៅពេលណា ឬចិនចង់យកតៃវ៉ាន់មកគ្រប់គ្រងឲ្យបានពេលណា ជាសំណួរមិនអាចឆ្លើយបាន។ ប៉ុន្តែនៅពេលថ្មីៗនេះ តម្រុយលេចឡើងកាន់តែច្បាស់។ គេអាចចាំបានថា ក្នុងសមាជបក្សលើកទី១៩ ឆ្នាំ២០១៧ លោក ស៊ី បានលើកឡើងពីរូបមន្តក្នុងបង្រួបបង្រួមជាមួយតៃវ៉ាន់ដូចជា ប្រទេសមួយ-ប្រព័ន្ធពីរ និងយកការបង្រួបបង្រួមទឹកដីជាយុទ្ធសាស្ត្រសំខាន់នៃយុគសម័យថ្មីរបស់ចិនផង។
ខណៈសន្តិភាពជាជម្រើសដំបូងនេះ ចិននៅតែប្រកាន់ជំហរប្រើយោធាដដែល។ នេះក៏ព្រោះតែតាំងពីឡើងកាន់អំណាចនៅចុងឆ្នាំ២០១២ មកនោះ លោក ស៊ី បានកែទម្រង់កងទ័ពរំដោះប្រជាជនចិនយ៉ាងខ្លាំង ទាំងស្មារតីត្រៀមប្រយុទ្ធ ទាំងអាវុធយុទ្ធភណ្ឌ និងរចនាសម្ព័ន្ធកងទ័ពផង។ យោធាចិន ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីក្លាយជាយោធាស្តង់ដាពិភពលោកនៅឆ្នាំ២០៣៥ ។ គោលដៅរបស់យោធាចិន ក៏គ្មានអ្វីក្រៅពីតៃវ៉ាន់នោះដែរ។
មូលហេតុមួយទៀតដែលចិនអាចលើកទ័ពវាយតៃវ៉ាន់ដែរ គឺតៃវ៉ាន់ប្រកាសឯករាជ្យផ្លូវការ។ តាំងពីឆ្នាំ១៩៤៩ មក តៃវ៉ាន់មិនដែលប្រកាសផ្ដាច់ខ្លួនពីចិនឡើយ ទោះកោះមួយនេះមានអធិបតេយ្យ និងការទទួលស្គាល់ពីប្រទេសចំនួន១៧ ក៏ដោយចុះ។ និន្នការទៅរកឯករាជ្យបានកើនឡើងខ្លាំងក្នុងអាណត្តិលោកស្រីប្រធានាធិបតី Tsai Ing-wen ដែលការណ៍នេះធ្វើឲ្យក្រុងប៉េកាំងបញ្ចេញសាច់យោធាដាក់កោះមួយនេះទៀតផង និងចាត់ទុកការប្រកាសឯករាជ្យ ជាបន្ទាត់ក្រហមដែលតៃវ៉ាន់មិនត្រូវឆ្លងដាច់ខាត៕