ជាតិ
សង្គមជាតិ
ពោធិ៍សាត់ និងមណ្ឌលគីរី ចុះត្រជាក់ខ្លាំង តែបង្កើនផលដំណាំរបស់កសិករ រូបភាពដោយ ញឹក ស្រីល័ក្ខ
× ភ្នំពេញ៖ អាកាសធាតុចាប់ផ្តើមត្រជាក់ខ្លាំងនៅដើមខែមករានេះ ដោយសារកម្ពុជាទទួលរងសម្ពាធខ្ពស់ និងមានខ្យល់ធ្លាក់បក់ខ្លាំង ដែលធ្វើឲ្យបណ្តាខេត្តមួយចំនួនចុះត្រជាក់ខ្លាំង។ សម្រាប់ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគីរី ក៏កំពុងចុះត្រជាក់ខ្លាំង ដែលជួយបង្កើនផលដំណាំឲ្យកាន់តែទទួលបានផលច្រើនផងដែរ។
អាកាសធាតុត្រជាក់ គួបផ្សំទេសភាពស្រស់ស្អាត ដោយសារមានព្រៃឈើ វាលស្មៅពណ៌មាស និងមានភ្នំជាច្រើនអមសងខាងផ្ទះរបស់ពលរដ្ឋ ដែលរស់នៅក្នុងខេត្តមណ្ឌលគិរី កំពុងក្លាយជាទីទាក់ទាញភ្ញៀវទេសចរ ។ លោក យស ចាន់ថា នាយកក្រុមហ៊ុនទីម័រកាហ្វេ ដែលជួយសម្រួលដល់ការដាំដំណាំរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី បានប្រៀបធៀបតំបន់ខេត្តនៃភូមិភាគ¬ឦសានមួយនេះ ដូចជាប្រទេសកូរ៉េ ដោយលោកសម្អាងទៅលើអាកាសធាតុនៅពេលយប់ មានសីតុណ្ហភាព១៨អង្សា។ សម្រាប់ខែនេះ មានខ្យល់ធ្លាក់ខ្លាំង ហើយសីតុណ្ហភាព នឹងអាចចុះក្រោមមកត្រឹម១៦អង្សា។
ទីតាំងដែលទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តលេង មានដូចជា ទឹកជ្រោះប៊ូស្រា,សមុទ្រឈើ, ដើមស្រល់អមសងខាងផ្លូវ,ទឹកជ្រោះសែនមនោរម្យ ជាដើម។ លោក ចាន់ថា បានបញ្ជាក់បន្ថែមថា៖«សម្រាប់ចូលឆ្នាំសកលនេះ យើងឃើញមានភ្ញៀវទេសចរមកលេងច្រើន ដែលធ្វើឲ្យផ្ទះសំណាក់ពេញអស់ ហើយពួកគេខ្លះគេងសម្រាកនៅនឹងតង់ក៏ច្រើនដែរ។អ៊ឺចឹងភ្ញៀវទេសចរដែលអញ្ជើញមកលេងនៅតំបន់នេះ គឺពួកគាត់ប្រាកដជាត្រជាក់មែនទែនតែម្តង»។
រូបភាពដោយ ញឹក ស្រីល័ក្ខ
បើនិយាយពីដំណាំវិញ គឺទទួលបានទិន្នផលល្អ តាមរយៈអាកាសធាតុត្រជាក់នេះ។ លោក ចាន់ថា បានបញ្ជាក់ដូច្នេះថា៖«និយាយមែនទែនទៅនៅទីនេះ ដីមានជីវជាតិល្អ ហើយអាកាសធាតុក៏ល្អ ងាយស្រួលដាំដំណាំ។ ពួកកសិករមិនពិបាកប្រើទឹកច្រើននោះទេ ដោយសារព្រឹកឡើងមានសំណើម ហើយសឹងតែមិនបាច់ស្រោចទឹកក៏បាន អ៊ីចឹងដំណាំកសិកម្មវាល្អសម្រាប់អ្នកខេត្តមណ្ឌលគីរីនេះ ហើយវាបង្កើនផលច្រើនជាងខេត្តផ្សេងៗផងដែរ»។
លោក នួន លីម មន្ត្រីកិច្ចសន្យារបស់មន្ទីរទេសចរណ៍ និងជាអ្នកគ្រប់គ្រងភ្ញៀវទេសចរនៅស្រុកអូរសោម ស្ថិតនៅជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាននិយាយប្រាប់អ្នកសារព័ត៌មានThmey Thmey តាមទូរសព្ទថា អាកាសធាតុនៅទីនោះ ក៏ត្រជាក់ខ្លាំងដែរ ប៉ុន្តែមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ពលរដ្ឋនោះទេ ដោយសារពួកគាត់ផ្សាំនឹងអាកាសធាតុត្រជាក់បែបនេះហើយ។ «តាមធម្មតានៅស្រុកនេះ ត្រជាក់រហូតមកហើយ អ្នកភូមិដណ្តប់ភួយ ពាក់អាវរងា នៅពេលយប់ធម្មតា ហើយពេលថ្ងៃក៏មិនក្តៅខ្លាំងដែរ ដោយសារអាកាសធាតុត្រជាក់ជារៀងរាល់ថ្ងៃមកហើយ។ ជាធម្មតា ត្រជាក់ខ្លាំងចាប់ពីខែឆ្នូ ដល់ខែកុម្ភៈ»។ នេះជាការបញ្ជាក់របស់លោក នួន លីម ដែលបានបន្ថែមថា ទោះបីពួកគេផ្សាំជាមួយអាកាសធាតុត្រជាក់ក្តី ក៏ប៉ុន្តែស្រី្តដែលមានផ្ទៃពោះ ឬមនុស្សចាស់ជរា មិនអាចទ្រាំទ្រជាមួយអាកាសធាតុត្រជាក់បែបនេះទេ។
ថ្វីត្បិតអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់អូរសោមក្តី ប៉ុន្តែវាមិនបានចោទជាបញ្ហាធំសម្រាប់ដំណាំនៅតំបន់របស់ពួកគេនោះទេ ពោលគឺមានតែបង្កើនផលទៅវិញ។ លោក នួន លីម បានបញ្ជាក់ថា៖«ខែនេះកសិករយើងកំពុងប្រមូលដំណាំបានច្រើនមុខ ដែលមានដូចជា ល្ពៅ ខ្ញី ត្រាវ និងពោត។ ក្នុងមួយឆ្នាំគេដាំដំណាំចន្លោះគ្នា ៣ខែម្តងគេដាំសណ្តែកដី ៣ខែទៀតគេដាំពោត ហើយ៣ខែទៀតគេដាំត្រាវ។ និយាយរួមទៅ ដីនៅស្រុកនេះ អំណាយផលល្អក្នុងការដាំដំណាំ ហើយគ្រួសារនីមួយៗមានដីតូចបំផុតក៏៣ហិចតាដែរ។ អ៊ឹចឹងគាត់អាចដាំបានច្រើនមុខ ហើយការប្រមូលផលគឺវិលជុំរហូត អត់ដែលមានពេលសម្រាកទេ»។
បើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ខេត្តមួយចំនួននឹងចុះត្រជាក់ខ្លាំងជាងគេ គឺខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី មានសីតុណ្ហភាពពី១៧ ទៅ១៩អង្សា។ រីឯរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតមានសីតុណ្ហភាពអប្បបរមា ពី២១ ទៅ២៣អង្សា។ មូលហេតុដែលបណ្តាលឲ្យបណ្តាខេត្តជាច្រើនចុះត្រជាក់ ដោយសារកម្ពុជាទទួលរងខ្យល់មូសុងឦសាន និងមានជ្រលងសម្ពាធខ្ពស់។ ជាមួយគ្នាផងដែរ ក្រសួងបានអំពាវនាវដល់ពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក បង្កើនការប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់បែបនេះ៕
Tag:
អាកាសធាតុ
ពោធិ៍សាត់
មណ្ឌលគីរី
ដំណាំ
© រក្សាសិទ្ធិដោយ thmeythmey.com