រដ្ឋមន្ត្រីស្ដីទីការពារជាតិអាមេរិក ផាទ្រីក សាណាហាន់ (Patrick Shanahan) បានចូលកាន់តំណែងហើយកាលពីថ្ងៃទី២ ខែមករា ជំនួសលោក ជេម ម៉ាធីស ដែលត្រូវបង្ខំឲ្យចូលនិវត្តន៍ព្រោះមិនត្រូវគ្នាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ជាមេកើយ។ ថ្ងៃទីមួយនៃការកាន់តំណែងនេះ លោក សាណាហាន់ ចាត់ទុក «ចិន» ជារឿងអាទិភាពរបស់លោក។ សម្ដីរបស់លោកជាសញ្ញាបង្ហាញថា ទំនាក់ទំនងផ្នែកយោធារវាងអាមេរិក និងចិន ទំនងជាក្ដៅខ្លាំងក្នុងឆ្នាំ២០១៩ ។
គោលនយោបាយការពារជាតិអាមេរិកក្នុងឆ្នាំ២០១៩ នឹងដើរតាមយុទ្ធសាស្ត្រការពារជាតិ២០១៨ ។ នេះការលើកឡើងរបស់លោក ផាទ្រីក សាណាហាន់ រដ្ឋមន្ត្រីស្ដីទីការពារជាតិអាមេរិកនៅបណ្ដាញសង្គម Twitter ដើម្បីអបអរឆ្នាំថ្មី។ បើតាមយុទ្ធសាស្ត្រនេះដែលសរសេរក្នុងសម័យលោក ជេម ម៉ាធីស អាមេរិកចាត់ទុកចិន ជាដៃគូប្រជែងយុទ្ធសាស្ត្រ ហើយជាមួយគ្នានឹងរុស្ស៊ី ចង់បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីតាមរបៀបផ្ដាច់ការរបស់ពួកគេ។
នេះមានន័យថា ទោះជាអាមេរិករវល់នឹងបេសកកម្មយោធានៅក្រៅប្រទេសច្រើនសន្ធឹកសន្ធាប់ក្ដី ចិននឹងនៅតែឈរលេខរៀងទីមួយក្នុងបញ្ជីប្រទេសដែលអាមេរិកត្រូវតាមដានឲ្យខ្ជាប់ខ្ជួន។ ទៅដល់មន្ទីរបញ្ចកោណនៅថ្ងៃដំបូងជារដ្ឋមន្ត្រីស្ដីទី លោក សាណាហាន់ បានប្រាប់មន្ត្រីស៊ីវិលថា ៖«ខណៈយើងកំពុងផ្ដោតលើប្រតិបត្តិការមានស្រាប់ដូចជានៅអាហ្វហ្គានីស្ថាន ឬអ៊ីរ៉ាក់ យើងត្រូវគិតដល់ចិន ចិន និងចិន»។ នេះបើតាមការលើកឡើងរបស់មន្ត្រីអាមេរិកដែលចូលរួមកិច្ចប្រជុំ។
ទំនាក់ទំនងរវាងអាមេរិក និងចិន បានធ្លាក់ដល់ចំណុចថ្មីក្រោមរដ្ឋបាលលោក ត្រាំ មិនថាវិស័យសេដ្ឋកិច្ច ឬយោធាឡើយ។ បន្ថែមលើការជាប់គាំងក្នុងជម្លោះពាណិជ្ជកម្មនោះ មហាអំណាចពិភពលោកទាំងពីរក៏មិនត្រូវគ្នាដែរលើបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ ជាញឹកញយ អាមេរិកក៏រិះគន់គោលនយោបាយរបស់ចិនដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ថា ជាការបឺតជញ្ជក់ប្រទេសក្រីក្រ និងបង្កើតបំណុលទៀតផង។
លោក សាណាហាន់ ជានរណា?
ជារដ្ឋលេខាធិការការពារជាតិក្នុងសម័យលោក ម៉ាធីស ជារដ្ឋមន្ត្រី លោក សាណាហាន់ ត្រូវបានគេស្គាល់តិចតួចក្នុងពិភពនយោបាយនៅក្រុងវ៉ាស៊ីនតោន។ ខុសពីលោក ម៉ាធីស ដែលមានបទពិសោធឆ្អែតឆ្អន់ក្នុងការងារយោធានិងសង្គ្រាម លោក សាណាហាន់ មិនដែលបម្រើការក្នុងវិស័យកងទ័ពសោះពីមុនមក តែធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Boeing ជាង៣០ឆ្នាំ។ ប៉ុន្តែលោកបានលេចត្រដែតឡើងក្នុងសម័យកាលអាមេរិករបស់លោក ត្រាំ ដែលមានជំហរមិនទៀងទាត់។
ទោះខ្វះបទពិសោធយោធា ឬកិច្ចការបរទេសក្ដី ការចំណាយពេលជាង៣០ឆ្នាំជាមន្ត្រីជាន់ខ្ពស់នៅក្រុមហ៊ុនដ៏ធំ ជាមួយនឹងចំណេះដឹងបច្ចេកទេស ធ្វើឲ្យលោកសក្តិសមនឹងតំណែងលំដាប់ទីពីរនៃមន្ទីរបញ្ចកោណ។ កាន់តំណែងរដ្ឋលេខាធិការ លោក សាណាហាន់ ផ្ដោតខ្លាំងកិច្ចការលក់អាវុធរបស់ក្រសួងការពារជាតិអាមេរិក។
យ៉ាងណាមិញ ពេលកាន់តំណែងជារដ្ឋលេខាធិការការពារជាតិនោះ លោក សាណាហាន់ ក៏រងការរិះគន់ដែរ។ នេះក៏ព្រោះតែលោកធ្លាប់ជាអ្នកជំនួញក្នុងក្រុមហ៊ុនផលិតយន្តហោះ តែបែរជាកាន់តំណែងក្នុងស្ថាប័នរដ្ឋដ៏ធំ និងជាអង្គភាពមួយដែលបញ្ជាទិញយុទ្ធោបករណ៍ជាច្រើនផង។ ក្នុងសវនាការផ្ដល់សក្ខីកម្មមុនកាន់តំណែងរដ្ឋលេខាធិការនេះ អតីតសមាជិកព្រឹទ្ធសភា ចន ម៉ាក់ខេន ប្រដូចការតែងតាំងលោក សាណាហាន់ នៅក្រសួងការពារជាតិ ទៅនឹងការបញ្ចូលកញ្ជ្រោងក្នុងទ្រុងមាន់៕