ជាតិ
នយោបាយជាតិ
លោក មាស នី៖ បើអតីតបក្សប្រឆាំង មិនដូរចរិតទេ ទោះ១០០ឆ្នាំទៀត ក៏មិនឈ្នះដែរ លោក មាស នី នាអំឡុងពេលចូលរួមកម្មវិធីផ្សាយផ្ទាល់មួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
× អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាន នី មានការសោកស្ដាយពេលដែលអ្នកប្រជាធិបតេយ្យនៅតែបន្តឈ្លោះគ្នា និងលាបពណពណ៌គ្នា ដែលជាចំណុចខ្សោយមិនអាចយកឈ្នះគូបដិបក្ខ។ លោក ចំអកថា បើនៅតែធ្វើដូច្នេះ ទោះចំណាយពេល១០០ឆ្នាំទៀតក៏ដោយ ក៏នៅតែចាញ់ដែរ។
ការលើកឡើងរបស់លោក មាស នី ប្រហែលជាចង់សំដៅទៅលើអតីតគណបក្សសង្គ្រោះជាតិ ដែលនៅតែបន្តប៉ះទង្គិចគ្នា និងធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង។ លោក បានសរសេរលើទំព័រហ្វេសប៊ុកថា៖«គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលអាចគណនាបានថា ២បូក២ ស្មើ ១០ គឺជាមេរៀនសំខាន់សម្រាប់ក្រុមអ្នកលេងល្បែងប្រជាធិប្បតេយ្យនៅកម្ពុជា។ ពួកគាត់ បែរជាបន្តឈ្លោះគ្នា លាបពណ៌គ្នាគ្មានឈប់។ ការធ្វើបែបនះនឹងនាំឲ្យគូបដិបក្ខសប្បាយចិត្តក្នុងការញោះឲ្យឈ្លោះគ្មាថែមទៀត។ ការធ្វើដូចនេះមិនថាឡើយអាណតិ្ត២០២៣ សូម្បី១០០ឆ្នាំទៀតក៏មិនអាចយកប្រៀបឬឈ្នះគូប្រកួតរបស់ខ្លួនបានឡើយ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ បានដាស់តឿនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យចេះគោរពមតិយោបល់គ្នា ពង្រឹងសាមគ្គីភាព ដើម្បីសម្រេចគោលដៅរួមគ្នានៅថ្ងៃអនាគត។
លោក លើកឡើងថា៖«ចរិតអ្នកប្រជាធិប្បតេយ្យមិនមែនឈរលើភាពអត់ធ្មត់និងខន្តីនោះទេ តែត្រូវចេះទទួលស្គាល់នូវភាពខុសគ្នាការយល់ឃើញខុសគ្នា តែធ្វើការរួមគ្នា ដើម្បីទិសដៅរួមមួយទាំអស់គ្នា»។
លោក អ៊ូ ច័ន្នរ័ត្ន មន្ត្រីជាន់ខ្ពស់ម្នាក់នៃអតីតគណបក្សសង្គ្រោះជាតិ មិនជំទាស់នោះទេ ចំពោះការលើកឡើងរបស់អ្នកវិភាគ។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«ការលើកឡើងរបស់គាត់ហ្នឹង គឺត្រូវហើយ។ រឿងពិត គឺវា អ៊ីចឹង បើយើងនៅតែឈ្លោះ គឺយើងនៅតែចាញ់»។
លោក ក៏មិនប្រកែកដែរ ដែលថា អតីតគណបក្សសង្គ្រោះជាតិ នៅតែបន្តវាយប្រហារ។ លោក បញ្ជាក់បែបនេះថា៖«ឥឡូវហ្នឹង យើងឃើញថា ការខ្វែងគំនិតគ្នា កាន់តែខ្លាំងឡើងៗ ដែលអាចនាំឲ្យគណបក្ស ច្រៀកជាពីរ។ ឈប់ទៅ រឿងលាបពណ៌ និងវាយប្រហារគ្នាហ្នឹង។ ខ្ញុំ ចង់ឲ្យឯកភាពបក្ស ហើយអ្វីដែលខ្ញុំរឹតតែចង់បាននោះ គឺឯកភាពជាតិ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា មានមន្ត្រីជាន់ខ្ពស់និងមន្ត្រីតាមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិជាង២,៦ពាន់នាក់ ដែលបានចុះចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយគិតត្រឹមឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com