អន្តរជាតិ
ភារធារី​ទូត​កូរ៉េខាងជើង​នៅ​អុីតាលី ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​បរទេស​
03, Jan 2019 , 4:01 pm        
រូបភាព
​មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​ប្រចាំ​អុីតាលី បានដាក់​ពាក្យ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap នៅ​ថ្ងៃទី​៣ ខែមករា​នេះ​។ យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ភៀសខ្លួន​នេះ​ទេ ឬក៏​ប្រទេស​ទី​បី​ណាមួយ​ដែរ​។​

 
​លោក Jo Song-gil ភារធារី​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​រដ្ឋធានី​រ៉ូម បានដាក់​ស្នើសុំ​ការការពារ​សន្តិសុខ​ផ្ទាល់ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​អុីតាលី​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​លោក​កំពុង​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ពី​ប្រទេស​មួយទៀត​។ នេះ​ជា​ករណី​រត់​ភៀសខ្លួន​មួយទៀត​របស់​មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​នៅឯ​បរទេស បន្ទាប់ពី​ករណី​ចុងក្រោយ​កើតឡើង​ក្នុង​ឆ្នាំ​២០១៦ ។ 
 
​ការស្នើសុំ​ការពារ​ខ្លួន​របស់លោក Jo ដែលជា​បច្ចុប្បន្ន​ជា​អគ្គរដ្ឋទូត​រង​របស់​ស្ថានទូត​កូរ៉េខាងជើង​នោះ ធ្វើ​ឲ្យ​អាជ្ញាធរ​អុីតាលី​ឈឺក្បាល​យ៉ាងខ្លាំង និង​មិនទាន់មាន​ចំណាត់ការ​អ្វី​ទេ តែ​បាន​យល់ព្រម​តាម​សំណើ​នេះ និង​រក្សា​សុវត្ថិភាព​លោក Jo និង​គ្រួសារ​។ តាមពិតទៅ ការស្នើសុំ​ការការពារ​ខ្លួន ក៏​ជាការ​ចៀសវាង​ការធ្វើ​បត្យាប័ន​ទៅកាន់​កូរ៉េខាងជើង​វិញ​ដែរ ក្នុងករណី​ដែល​ក្រុង​ព្យុងយ៉ាង​ស្នើ​ទៅ​រដ្ឋាភិបាល​ក្រុង​រ៉ូម​នោះ​។ 
 
​លោក Jo ដែល​ទៅដល់​អុីតាលី​ក្នុង​ឆ្នាំ​២០១៥ បាន​ក្លាយជា​ប្រេសិត​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​រ៉ូម​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង Mun Jong-nam ទៅ​ស្រុក​វិញ ជាការ​ឆ្លើយតប​នឹង​ការសាកល្បង​នុយក្លេអ៊ែរ​។ លោក Jo ទំនងជា​មានគ្រួសារ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ព្រោះ​លោក​អាច​នាំ​គ្រួសារ​ទៅ​បរទេស​បាន​។ បើតាម​ប្រព​ភព​ព័ត៌មាន​ដដែល មន្ត្រី​ទូត​រូបនេះ​អាច​សម្រេចចិត្ត​ភៀសខ្លួន បន្ទាប់​កោះហៅ​ឲ្យ​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​។​
 
​ការរត់​ភៀសខ្លួន​របស់​មន្ត្រីការទូត​កូរ៉េខាងជើង ជា​រឿង​កើតមាន​ញឹកញយ​។ ករណី​ដូចគ្នានេះ​កើតឡើង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៦ ដោយ​លោក Thae Yong-ho អគ្គរដ្ឋទូត​រង​ប្រចាំ​អង់គ្លេស​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កូរ៉េខាងត្បូង​។ ដើម្បី​បង្ការ​ការ​រត់ចោលជួរ​នេះ របប​ដឹកនាំ​កូរ៉េខាងជើង​តែងតែ​រក្សាទុក​សមាជិក​គ្រួសារ​របស់​មន្ត្រី​ទូត​ធ្វើការ​នៅ​បរទេស​ដូចជា​ប្រពន្ធ ឬ​កូន ដើម្បី​ធ្វើ​ធានាថា ពួកគេ​នឹង​ត្រឡប់​ចូល​ស្រុក​វិញ​។ 
 
​យ៉ាងណាមិញ មកទល់ពេលនេះ គេ​មិនទាន់​ច្បាស់​ថា លោក Jo សុំ​សិទ្ធិ​ជ្រកកោណ​នៅ​ប្រទេស​ណា​ដែរ ឬក៏​ទៅ​កូរ៉េខាងត្បូង​ដូច​លោក Thae ដែរ ឯ​មន្ត្រី​កូរ៉េខាងត្បូង​អះអាងថា ខ្លួន​មិនដឹង​ពី​ការស្នើសុំ​នេះឡើយ​៕
 

Tag:
 ​កូរ៉េខាងជើង​
  អុីតាលី​
© រក្សាសិទ្ធិដោយ thmeythmey.com