ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការបរិច្ចាគ​ថវិកា​ជួយ​ពេទ្យ​កុមារ​ជា​ភារកិច្ច​សម្រាប់​ពលរដ្ឋ​គ្រប់រូប​
03, Jan 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​សហការ​ជាមួយ​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប រៀបចំ​រាត្រី​សប្បុរសធម៌​រៃអង្គាស​ថវិកា​គាំទ្រ​ការព្យាបាល​កុមារ​កាលពី​ថ្ងៃទី​២៨ ធ្នូ ដោយមាន​អ្នកចូលរួម​ប្រមាណ ៣០០​នាក់​។ ទាំង​ថវិកា​ពី​សប្បុរសជន និង​ការដេញថ្លៃ​វត្ថុ​មួយចំនួន ធ្វើឱ្យ​កម្មវិធី​នេះ​អាច​រៃអង្គាស​ថវិកា​ជាង ៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ អ្នក​ចូលរួមបាន​និយាយថា ការបរិច្ចាគ​ថវិកា​ជួយ​ទ្រទ្រង់​ការព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ គឺជា​ភារកិច្ច​របស់​ពលរដ្ឋ​គ្រប់រូប​ក្នុង​ការជួយ​សង្គមជាតិ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ហួស​ពី​ការរំពឹងទុក រាត្រី​សប្បុរសធម៌​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ គឺមាន​អ្នកចូលរួម​ច្រើន និង​អាច​រក​ថវិកា​ជាង​អ្វីដែល​រំពឹង​។ សប្បុរសជន​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ប្រមាណ ៣០០​នាក់ ហើយ​ថវិកា​ដែល​បាន​ពី​ការចូលរួម ក៏ដូចជា​ដេញថ្លៃ​របស់​ប្រើប្រាស់​មួយចំនួន ធ្វើឱ្យ​ពិធី​សប្បុរសធម៌​ចុងឆ្នាំ ២០១៨ អា​ចរក​ថវិកា​បាន​ជាង ៣​ម៉ឺន​ដុល្លារ ដែល​អ្នករៀបចំ​រំពឹង​ត្រឹមតែ ២​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ​។​


 
​លោក កៅ ហ្វី​លី​ព ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​បានលើកឡើង​ក្នុង​ពិធី​ដែល​ធ្វើ​នៅ​សណ្ឋាគារ ម៉េ​ម័​រ ផា​ឡេស រី​សត​នៅពេលនោះ​ថា ក្លឹប​នេះ​បង្កើតឡើង​ដើម្បី​រួមគ្នា​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​មាន​និរន្តរភាព ក្នុងនោះ​ក្លឹប​នេះ​ក៏មាន​បំណង​ចូលរួម​គាំទ្រ​សេវា​សុខាភិបាល​របស់​កុមារ​ផងដែរ​។​
 
​ជា​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ដ៏​មាន​សក្កា​នុព​ល​មួយ​នៅ​ខេត្តសៀមរាប ដូច្នេះ​លោក កៅ ហ្វី​លី​ព បង្ហាញ​ពី​ក្ដី​រីករាយ នៅពេល​បាន​គៀងគរ​សប្បុរសជន​ទាំង​សមាជិក និង​សប្បុរសជន​នានា​ចូលរួម​ក្នុង​ពិធី​ដែល​លោក​យល់ថា​មាន​សារសំខាន់​មួយ​នេះ​។​
 
​អនុប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ លោក ទេព ណាវី បានឱ្យដឹង​ដែរ​ថា ថវិកា​ដែល​បាននិងកំពុង​ទ្រទ្រង់​ចំណាយ​ក្នុង​មន្ទីរពេទ្យ​កុមារ​នាពេល​បច្ចុប្បន្ន គឺមាន​ប្រភព​មកពី​មូលនិធិ​រដ្ឋាភិបាល និង​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ លោក​បន្ថែមថា មន្ទីរពេទ្យ​តែង​ស្វះ​ស្វែងរក​ថវិកា​ដើម្បី​ទ្រទ្រង់​ការចំណាយ​ដែល​ចំណាយ​ជាប្រចាំ​ឆ្នាំ​ប្រមាណ ៦,៥​លាន​ដុល្លារ​។​
 
​ជាមួយនឹង​ការចូលរួម​ពី​សប្បុរសជន​នេះដែរ លោក ទេព ណាវី កត់សម្គាល់​ឃើញថា នា​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ការចូលរួម​ពី​សប្បុរសជន​នៅក្នុង​ស្រុក​មាន​សកម្មភាព​ផុសផុល​គួរឱ្យកត់សម្គាល់ ដែល​នេះ​សបញ្ជាក់​ពី​ការឈឺ​ឆ្គា​ល​របស់​ពលរដ្ឋ​ខ្មែរ​ក្នុងការ​ទ្រទ្រង់​សកម្មភាព​ព្យាបាល​កុមារ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​


 
​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ១៩២០ កញ្ញា លីហ្សា ដែល​បាន​ចូលរួម​ក្នុង​រាត្រី​សប្បុរសធម៌​នោះដែរ បានឱ្យដឹងថា ការចូលរួម​បរិច្ចាគ​ថវិកា​ជួយ​មន្ទីរពេទ្យ​នេះ​គឺជា​ក្ដី​សុខ​មួយ​របស់​កញ្ញា ពិសេស​បាន​ជួយ​កុមារ​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​សង្គមជាតិ​។ កញ្ញា​ក៏​សុំឱ្យ​អ្នក​ដែល​មិនទាន់បាន​ចូលរួម​នៅលើ​ក​នេះ គួរ​ចូលរួម​នៅពេល​ក្រោយ​ទៀត ដើម្បី​រួមចំណែក​ជួយ​សង្គមជាតិ​។​
 
​ឯ​លោក សុវណ្ណ ម្ចាស់​ផ្សារ​ផលិតផល​កម្ពុជា ដែល​តែង​បង្ហាញ​វត្តមាន​ជា​ហូរហែ​ជាមួយ​ជំនួប​ប្រតិបត្តិ​ករ​ទេសចរណ៍​រៀងរាល់ខែ​នោះ ក៏​យល់ថា ការចូលរួម​របស់លោក​មាន​សារសំខាន់​ដែរ​។ លោក​ថា ពលរដ្ឋ​ម្នាក់ៗ​មិនគួរ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​តែមួយ​មុខ​នោះទេ ក្នុងនោះ​ក៏ត្រូវ​មាន​ចំណែក​ណាមួយ​សម្រាប់​ជួយ​សង្គម​ផងដែរ​។​
 
​អភិបាលរង​ខេត្តសៀមរាប លោក ពិន ប្រាកដ ដែល​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​រាត្រី​សប្បុរសធម៌​នៅពេលនោះ បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​ពិធី​នេះ ដោយ​វា​បង្ហាញ​ពី​ការចូលរួម​របស់​ពល​រដ្ឋ​គ្រប់រូប​ក្នុង​សកម្មភាព​ជួយ​កុមារ​ក្រីក្រ​កម្ពុជា​។ លោក​អំពាវនាវ​ដល់​សាធារណជន​គ្រប់រូប​ចូលរួម​បន្ថែម​ដើម្បី​ដំណើរការ​ត​ទៅមុខទៀត​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​៕








 

© រក្សាសិទ្ធិដោយ thmeythmey.com