អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​៖ អង់គ្លេស​នឹង​នៅតែ​ខ្លាំង ទោះ​ចេញពី​អឺរ៉ុប​ក្ដី​
03, Jan 2019 , 9:59 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ជេ​រ៉េមី ហាន់ (Jeremy Hunt) នៅ​ថ្ងៃទី​២ ខែមករា បង្ហាញ​ជំហរ​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​អង់គ្លេស​ក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​។ ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅឯ​ទីក្រុង​ឡុង​ដ៏ លោក ហាន់ និយាយថា អង់គ្លេស​នៅតែមាន​ចំណុចខ្លាំង​ដែល​មិនអាច​មើលរំលង និង​តួនាទី​លើ​ឆាក​អន្តរជាតិ​ដដែល ទោះជា​មិន​ត្រូវបាន​គេ​ចាត់ទុកជា​មហាអំណាច​ក្ដី​។ ខណៈ​អង់គ្លេស​ជិត​ចាក​ចេញពី​អឺរ៉ុប​នោះ មន្ត្រី​រូបនេះ​អះអាងថា អង់គ្លេស​មានរឿង​ច្រើន​ដែល​អាច​រៀនសូត្រ​ពី​សិង្ហ​បុរី​។

 
​អង់គ្លេស​គ្មាន​ងារ​ជា​មហាអំណាច ឬ​មាន​ទឹកដី​ធំ​ទូលាយ​ឡើយ តែ​អង់គ្លេស​ក៏​មិន​អន់​ដែរ​។ នេះ​ជា​លើកឡើង​របស់លោក ជេ​រ៉េមី ហាន់ ក្នុង​វេទិកា​ការទូត​ដែល​រៀបចំឡើង​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៅ​ថ្ងៃទី​២ ខែមករា ។ លោក​ចង់​បានន័យថា អង់គ្លេស​នៅតែ​អាច​ដើរតួនាទី​លើ​ពិភពលោក ទោះជា​ត្រូវ​ចាប់ផ្ដើម​កសាង​អនាគត​ថ្មី​ក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ក៏ដោយចុះ​។ 
 
​ប្រមុខ​ការទូត​អង់គ្លេស​នៅតែ​ជឿជាក់ថា អង់គ្លេស​អាចធ្វើ​ការ​ដោយ​ឯករាជ្យ​ពី​សហភាព​អឺរ៉ុប​បាន ដ្បិត​អង់គ្លេស​នៅមាន​អានុភាព​យោធា សាច់ដុំ​សេដ្ឋកិច្ច និង​បណ្ដាញ​ការទូត​នៅ​ជុំវិញ​ពិភពលោក​ដែល​បំពេញ​តួនាទី​សំខាន់​លើ​ឆាក​អន្តរជាតិ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចំពោះមុខ​អ្នកចូលរួម​ជាច្រើន លោក ហាន់ ក៏​ឆ្លៀត​លើកឡើង​ដែរ​ថា អង់គ្លេស​មិន​អួតអាង​ពី​ខ្លួន​ឡើយ តែ​ក៏​មិន​ស្រាល​សមត្ថភាព​របស់ខ្លួន​ដែរ​។ 
 
«​អង់គ្លេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​៥ លើ​ពិភពលោក​, ជា​ប្រទេស​ចំណាយ​យោធា​ច្រើនជាងគេ​ក្នុងចំណោម​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​, ជា​ប្រទេស​ផ្ដល់ជំនួយ​បរទេស​ធំជាងគេ​ទី​បី​លើ​លោក​, ជា​មជ្ឈមណ្ឌល​ធំ​មួយ​ក្នុងចំណោម​ពីរ​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​, មាន​ប្រព័ន្ធ​ចារកម្ម​ដ៏​មាន​ប្រសិទ្ធភាព និង​មាន​បណ្ដាញ​ការទូត​លំដាប់​ពិភពលោក ហើយ​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។​» នេះ​ជាការ​លើកឡើង​របស់លោក ហាន់ ។​
 
​តាម​គម្រោង អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា​ខាងមុខ ប៉ុន្តែ​មកទល់ពេលនេះ នៅ​មិនទាន់​កិច្ចព្រមព្រៀង​លែងលះ​នៅទេ ដ្បិត​សភា​អង់គ្លេស​ប្រឆាំង​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​របស់​រដ្ឋាភិបាល​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ។ ការបោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ដដែល​នេះ នឹងធ្វើ​នៅ​ពាក់កណ្ដាល​ខែមករា​នេះ​។ 
 
​ខណៈ​កាលបរិច្ឆេទ​លែងលះ​ជិត​ដល់​នោះ ប្រមុខ​ការទូត​អង់គ្លេស​ខាងលើ​ក៏​ត្រៀម​រៀនសូត្រ​តាម​សិង្ហ​បុរី​ជុំវិញ​សមត្ថភាព​ក្នុងការ​បើកចំហ​សម្រាប់​ពិភពលោក​ខាងក្រៅ​ក្រោយពេល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៦៥​។ សម្រាប់​លោក ហាន់ មិនមែន​ជោគជ័យ​របស់​សិង្ហ​បុរី សុទ្ធតែជា​មេរៀន​ឡើយ តែ​អង់គ្លេស​អាច​ដកស្រង់​បទពិសោធ​ដូចជា​ការ​គុណភាព​អប់រំ ការវិនិយោគ​រយៈពេល​វែង​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​រក្សា​ការប្រកួតប្រជែង​ជាដើម​៕
 
 

Tag:
 Brexit
  អង់គ្លេស​
  សិង្ហ​បុរី​
  Jeremy Hunt
© រក្សាសិទ្ធិដោយ thmeythmey.com