ជាតិ
សង្គមជាតិ
ចិនសន្យាជួយបង្ក្រាបគ្រឿងញៀននៅកម្ពុជា
× ចិន បានសន្យាបន្តជួយកម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ នេះជាការលើកឡើងរបស់អគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សារការងារជាមួយលោក កែ គឹមយ៉ាន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ។
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់លោក Wang Wentian អគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា បន្តជួយគាំទ្រផ្នែកបច្ចេកទេសព្យាបាល សម្ភារ និងវគ្គបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា លើការងារគ្រប់គ្រងគ្រឿងញៀន។ ត្រង់ចំណុចនេះលោក កែ គឹមយ៉ាន ក៏បានសង្កត់ធ្ងន់ទៅលើខេត្តព្រះសីហនុ ដែលសំបូរទៅដោយវិនិយោគិន និងទេសចរចិន។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានលើកឡើងដូច្នេះថា៖« សូមបន្តការគាំទ្រដល់ដំណើរការសាងសង់ និងបំពាក់នូវឧបករណ៍ សម្ភារបច្ចេកទេសដល់ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ព្រមទាំងជួយធ្វើការបណ្តុះបណ្តាលលើការងារគ្រប់គ្រង និងបច្ចេកទេសព្យាបាលអ្នកញៀនគ្រឿងញៀន»។
ក្រៅពីនេះលោក គឹមយ៉ាន ក៏ស្នើឲ្យភាគីចិន ជួយរៀបចំកម្មវិធីទស្សនកិច្ចសិក្សាដកពិសោធន៍លើការងារត្រួតពិនិត្យគ្រឿងញៀន ដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅចិនផង។
លោក Wang Wentian អគ្គរដ្ឋទូតចិនថ្មីបានឆ្លើយតបថា ចិននឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងចិន ជាពិសេសលើការងារត្រួតពិនិត្យគ្រឿងញៀន។
អមជាមួយការសន្យានេះ លោក Wang Wentian បាននិយាយថា៖«ចិននឹងរៀបចំឲ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ដល់គណៈប្រតិភូរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាធារណរដ្ឋប្រជាមានិតចិន»។
គួរបញ្ជាក់ថា រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី(៨.០១៨ករណី) ស្មើជាង១,៦ម៉ឺននាក់ ក្នុងឆ្នាំ២០១៨ ។ ក្នុងនោះមានជនបរទេសជាង៣០០នាក់ (ស្រី៤៨នាក់) ដោយមាន២៤សញ្ជាតិ៕
Tag:
គ្រឿងញៀន
កែ គឹមយ៉ាន
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com