អន្តរជាតិ
អាមេរិក ជជែក​ជាមួយ​តួ​ក​គី​ពី​វាសនា​ក្រុម​ឃើ​ដ​នៅ​ស៊ី​រី​
04, Jan 2019 , 8:59 pm        
រូបភាព
​សហរដ្ឋអាមេរិក កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​តួ​ក​គី​ជុំវិញ​វាសនា​របស់​ក្រុម​ឃើ​ដ​នៅ​ស៊ី​រី ដែល​ប្រឈមមុខ​នឹង​ប្រតិបត្តិការ​យោធា​របស់​ក្រុង​អង់កា​រ៉ា​។ ខណៈ​អាមេរិក​ត្រៀម​ដកខ្លួន​ចេញពី​ស៊ី​រី​នោះ ក​សកម្មជន​ឃើ​ដ​ស៊ី​រី​ក៏​អស់​បង្អែក​ការពារ​ខ្លួន ដែល​នោះ​ជា​ឱកាស​របស់​តួ​ក​គី​ក្នុងការ​បោសសម្អាត​ក្រុម​នេះ ក្រោម​ហេតុផល​ថា មាន​ទំនាក់​ទំនងជា​មួយក្រុម​ឃើ​ដ​តួ​ក​គី​ដែលជា​ក្រុម​ឧទ្ទាម​ខុសច្បាប់​។​

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​៣ ខែមករា កំពុង​ស្វែងរក​ការធានា​ពី​តួ​ក​គី ដែល​ប្រុង​បើក​យុទ្ធនាការ​យោធា​ក្នុង​ទឹកដី​ស៊ី​រី​ដែល​កាន់កាប់​ដោយ​ក្រុម​ឃើ​ដ​ស៊ី​រី​។ ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដកទ័ព​ពី​ស៊ី​រី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ តួ​ក​គី ក៏​ប្រមូល​កម្លាំងយោធា​ជាច្រើន​នៅក្បែរ​ព្រំដែន​ជាមួយ​ស៊ី​រី ដោយមាន​ក្រុម​ឃើ​ដ​ជា​គោលដៅ​ដែល​ត្រូវ​កម្ចាត់​ចោល​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ក្រុម​ឃើ​ដ​ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក បារម្ភ​ពី​អនាគត​យ៉ាងខ្លាំង​។​
 
​ដ្បិត​បារម្ភ​ពី​គ្រោះថ្នាក់​ដោយ​កម្លាំង​តួ​ក​គី ក្រុម​ឃើ​ដ​ក៏​ស្នើសុំ​ជំនួយ​ពី​ទាហាន​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ ហើយ​ទាហាន​ស៊ី​រី​ចូលក្នុង​ទីក្រុង Manbij នៅ​ថ្ងៃទី​២៨ ខែធ្នូ តាម​សំណើ​។ Manbij ជា​មូលដ្ឋាន​របស់​ក្រុម​ឃើ​ដ YPG ដែលជា​កម្លាំង​ស្នូល​របស់​សម្ព័ន្ធ​ចម្រុះ​ក្នុងការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ វត្តមាន​យោធា​ស៊ី​រី ក៏​បង្កើត​ទៅជា​តំបន់ទ្រនាប់​រវាង​កម្លាំង​ឃើ​ដ និង​ក្រុម​សកម្មជន​ដែល​គាំទ្រ​ដោយ​តួ​ក​គី​ក្នុង​ទីក្រុង​ភាគ​ខាងជើង​មួយ​នេះ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វេ​ប​សាយ​ព័ត៌មាន Newsmax លោក ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​នឹង​ឲ្យ​តួ​ក​គី​ធានាថា ខ្លួន​នឹងមិន​សម្លាប់​រង្គាល​ជនជាតិ​ឃើ​ដ​ឡើយ ហើយ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​នៅ​ទឹកដី​ស៊ី​រី​ផងដែរ​។ លោក​បន្តថា វា​នៅតែ​ជា​ផ្នែក​មួយ​ក្នុង​គោលដៅ​នៃ​បេសកកម្ម​របស់​យោធា​អាមេរិក​នៅ​ស៊ី​រី​ដែល ទោះជា​អាមេរិក​ដកទ័ព​ក្ដី​។​
 
​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បានប្រកាស​ហើយ​ថា តួ​ក​គី​នឹង​កម្ចាត់​ឲ្យ​អស់​ក្រុម​សកម្មជន​ឃើ​ដ YPG ដែល​លោក​អះអាងថា ជា​ខ្សែបណ្ដាញ​របស់​បក្ស​ពលករ​ឃើ​ដ (KKK) ដែល​អុកឡុក​តួ​ក​គី​តាំង​ពិ​ឆ្នាំ​១៩៨៤ មក​។ មេដឹកនាំ​តួ​ក​គី​ក៏បាន​ព្រមាន​ប្រទេសមួយ​ចំនួន​ដែល​ចង់​ការពារ​ក្រុម​ឃើ​ដ​ក្នុង​កាលៈទេសៈ​នេះ​ផងដែរ ដ្បិត​វា​ជា​ឱកាសល្អ​សម្រាប់​ទីក្រុង​អង់កា​រ៉ា​ក្នុងការ​លុប​បំ​បាត​ការគំរាមកំហែង​លើ​សន្តិសុខ​របស់ខ្លួន​។ 
 
​យ៉ាងណាមិញ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋាភិបាល​ស៊ី​រី​និយាយថា ក្រុម​អ្នក​ប្រយុទ្ធ​ឃើ​ដ​បាន​ចាក​ចេញពី​ទីក្រុង​នៅជាប់​ព្រំដែន​តួ​ក​គី​នេះ​ទៅហើយ ក្រោយ​ទទួលដំណឹង​នៃ​គម្រោង​ដកទ័ព​របស់​អាមេរិក​។ បច្ចុប្បន្ន ក្រុម​ឃើ​ដ YPG កំពុង​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​មូលដ្ឋាន​សេសសល់​ក្បែរ​ព្រំដែន​អ៊ីរ៉ាក់ បន្ទាប់ពី​បាន​ជួយ​ក្រុម​អន្តរជាតិ​ក្នុងការ​កម្ទេច​មូលដ្ឋាន​ធំៗ​របស់​ក្រុម​ជ្រុលនិយម​មួយ​នេះ​នៅ​ស៊ី​រី​រួចមក​នោះ​៕ 
 

Tag:
 ​អាមេរិក​
  តួ​ក​គី​
  ឃើ​ដ​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com