អន្តរជាតិ
ការបោះឆ្នោត​នៅ​ថៃ អាច​លើក​ពេល​ជាថ្មីទៀត
04, Jan 2019 , 3:15 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam
ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam
​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​៣ ខែមករា និយាយថា ការបោះឆ្នោត​ទូទៅ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ អាច​នឹងត្រូវ​លើក​ពេល ដើម្បី​ធានាថា ដំណើរការ​បោះឆ្នោត​នឹងមិន​ជាន់គ្នា​នឹង​ការរៀបចំ​ពិធី​ឡើងគ្រងរាជ្យសម្បត្តិ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ឡើយ​។ យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam អះអាងថា កាលបរិច្ឆេទ​បោះឆ្នោត នឹងមិន​ហួស​ពីថ្ងៃ​ទី​៩ ខែឧសភា ហើយ​ពេលវេលា​ជាក់ស្ដែង គឺ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ជា​អ្នកសម្រេច​។​

 
​ការកំណត់​ថ្ងៃ​រៀបចំ​ពិធី​រាជាភិសេក​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ខែឧសភា កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាលយោធា និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​របស់​ថៃ ជួប​បញ្ហា​ធំ​ពិបាក​សម្រេចចិត្ត​។ នោះ​ក៏​ព្រោះតែ​ដំណើរការ​ក្រោយ​ការបោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បែរជា​ជាន់គ្នា​នឹង​ដំណើរការ​ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្ដេច​រាមា​ទី​១០ ទៅវិញ​។ ទាំង​រដ្ឋាភិបាល ទាំង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​របស់​ថៃ កំពុង​ជជែក​គ្នា​ថា ត្រូវធ្វើ​យ៉ាងណា​។​
 
​ក្នុងជំនួប​ជាមួយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu Krea-ngam បាន​រាយការណ៍​ពី​កម្មវិធី​សម្រាប់​ពិធី​អភិសេក​មហាក្សត្រ ដែល​ត្រូវធ្វើ​បី​ថ្ងៃ គឺ​ទី​៤​ដល់ទី​៦ ខែឧសភា​ខាងមុខ​។ ប៉ុន្តែ​កម្មវិធី​មុន និង​ក្រោយ​ពិធី​ដ៏​គគ្រឹកគគ្រេង​នេះ ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ​ដែរ ដែល​នេះ​អាច​ជាន់គ្នា​នឹង​កម្មវិធី​ក្រោយ​ការបោះឆ្នោត​។ ទោះជា​យ៉ាងណា លោក Krea-ngam សង្កត់ធ្ងន់ថា ការបោះឆ្នោត​នឹងធ្វើ​មុន​ពិធី​គ្រងរាជ្យ​។​
 
​តាមច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ ការបោះឆ្នោត​ត្រូវធ្វើ​អំឡុងពេល​១៥០​ថ្ងៃក្រោយ​ច្បាប់​បម្រើការ​បោះឆ្នោត​ចូល​ធរមាន ខណៈ​ច្បាប់​ទាំងនេះ​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​១១​ធ្នូ ឆ្នាំ​២០១៨​មក​នោះ ការបោះឆ្នោត​មិនត្រូវ​ធ្វើ​ហួស​ពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩ ឡើយ​។ ប៉ុន្តែ​ច្បាប់​ថៃ​ក៏​តម្រូវ​ឲ្យ​ការបោះឆ្នោត​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទៅទៀត ដូចនេះ​ការបោះឆ្នោត​ត្រូវ​រៀបចំ​ឲ្យ​បាន​មុន​ថ្ងៃទី​៥ ខែឧសភា​វិញ​។ រដ្ឋធម្មនុញ្ញ​ថៃ ក៏​កំណត់ពេល​៦០​ថ្ងៃ​ឲ្យ​មានការ​ប្រកាស​លទ្ធផល​ផ្លូវការ​ដែរ​។​
 
​បើ​អនុវត្តតាម​កាលបរិច្ឆេទ​នេះ ហើយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​យក​ថ្ងៃទី​២៤ ខែកុម្ភៈ ជា​ថ្ងៃ​បោះឆ្នោត​នោះ ដំណើរការ​ក្រោយ​ការបោះឆ្នោត ពិតជា​ជាន់គ្នា​នឹង​កម្មវិធី​គ្រងរាជ្យ​មិន​ខាន ដ្បិត​ការប្រកាស​លទ្ធផល​ត្រូវធ្វើ​នៅ​ថ្ងៃទី​២៤ ខែមេសា​។ នេះ​ជាការ​ពន្យល់​របស់លោក Krea-ngam ដែល​បន្តថា តាម​កាលកំណត់​នេះ មហាក្សត្រ​ថៃ​ត្រូវ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​៩ ខែឧសភា គឺ​បី​ថ្ងៃក្រោយ​ការ​គ្រងរាជ្យ​ផ្លូវការ ខណៈ​ព្រះអង្គ​ក៏​នឹងមាន​កម្មវិធី​ច្រើន​ទៀត​ដូចគ្នា​ដែរ​។​
 
​ខណៈ​ព្រឹត្តិការណ៍​សំខាន់​ពីរ​កើតឡើង​ព្រម​គ្នា​បែបនេះ ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បញ្ជាក់ថា រដ្ឋាភិបាល និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​កំពុង​សម្រេច​ថា កម្មវិធី​ណាខ្លះ​ដែល​ជាន់គ្នា​។ លោក​បន្ថែមថា ពេល​របប​យោធា​កំណត់​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នោះ រដ្ឋាភិបាល​មិនដឹង​ពី​កាលបរិច្ឆេទ​គ្រងរាជ្យ​ឡើយ​។ កម្មវិធី​គ្រងរាជ្យ​មិនអាច​លើក​ពេល​បានទេ ឯ​សកម្មភាព​តម្រូវ​ដោយ​ច្បាប់​ក៏​មិនអាច​អូសបន្លាយ​បានដែរ ដូចនេះ​អាច​ពន្យារពេល​ការបោះឆ្នោត​ដើម្បី​កុំ​ឲ្យ​ជាន់គ្នា​នឹង​ពិធី​របស់​មហាក្សត្រ​។​
 
​ទំនង​ចង់យក​រួចខ្លួន​ពី​ការរិះគន់​ទាំងឡាយ លោក Krea-ngam ដែល​ទទួលបន្ទុក​កិច្ចការ​ច្បាប់​នោះ បាន​ទុក​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ជា​អ្នកសម្រេចចិត្ត​ទៅ​ចុះ​ថា ត្រូវ​បោះឆ្នោត​ថ្ងៃ​ណា​។ ដោយសារ​ដំណើរការ​បោះឆ្នោត​មាន​ច្រើន​ដំណាក់កាល​បែបនេះ កាលបរិច្ឆេទ​បោះឆ្នោត​ថ្មី អាច​លើក​ដល់​ថ្ងៃទី​២៤ ខែមីនា​វិញ ព្រោះ​ដើម្បី​ទុកពេល​ឲ្យ​គណៈកម្មការ​នេះ​មាន​ពេល​គ្រប់គ្រាន់​រៀបចំ​ផង និង​បញ្ចៀស​ការជាន់​កម្មវិធី​គ្នា​ផង​៕
 

Tag:
 ថៃ​
  Maha Vajiralongkorn
  ការបោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com