អន្តរជាតិ
ប្រេស៊ីល ចំហទ្វារទទួលអាមេរិកបង្កើតមូលដ្ឋានទ័ព
× ប្រធានាធិបតីប្រេស៊ីលទើបចូលកាន់តំណែង ជែរ បុលសូណារ៉ូ (Jair Bolsonaro) បានលើកឡើងពីលទ្ធភាពដែលអាមេរិកអាចតាំងទ័ពនៅលើទឹកដីប្រទេសអាមេរិកខាងត្បូងនេះក្នុងថ្ងៃអនាគត។ ប្រធានាធិបតីដែលត្រូវគេហៅថា «ដូណល់ ត្រាំនៅប្រេស៊ីល» នេះ មានបំណងរឹតបន្តឹងទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែខ្លាំងថែមទៀត។ ស្របគ្នាគោលដៅនេះ លោក បុលសូណារ៉ូ ក៏នឹងរើស្ថានទូតទៅហ្ស៊េរុយសាឡិមតាមអាមេរិកដែរ។
ត្រូវគេហៅថា «ដូណាល់ ត្រាំនៅប្រេស៊ីល» ទំនងជារឿងមិនប្លែកឡើយសម្រាប់ប្រធានាធិបតីមាននិន្នាការស្ដាំនិយមជ្រុល ជែរ បុលសាណារ៉ូ ។ លោក បុលសាណារ៉ូ និងសមភាគីអាមេរិក ត្រាំ មានចំណុចដូចគ្នាជាច្រើនមិនថាគោលនយោបាយក្នុងស្រុក ជំហរលើបញ្ហាបរិស្ថាន ឬការផ្លាស់ប្ដូរស្ថានទូតនៅអ៊ីស្រាអែលឡើយ។ ដោយសារគេប្រដូចទៅនឹងលោក ត្រាំ បែបនេះ លោក បុលសាណារ៉ូ ក៏បង្ហើបថា ប្រេស៊ីលអាចទទួលកងទ័ពអាមេរិកផងដែរ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ SBT នៅថ្ងៃទី៣ ខែមករា ប្រធានាធិបតីមានប្រវត្តិជាកងទ័ពរូបនេះក៏និយាយដល់វត្តមានយោធាមហាអំណាចនៅលើពិភពលោក ដោយថា អំណាចរបស់អាមេរិក សូវៀត និងចិនបានរាលដាលពេញពិភពលោក។ ដល់ត្រឹមនេះលោកបញ្ជាក់ថា៖ «ផ្អែកលើរឿងរ៉ាវដែលអាចកើតឡើងជុំវិញពិភពលោក នរណាដឹងថា យើងអាចជជែកពីប្រធានបទនេះ (ការតាំងមូលដ្ឋានទ័ពរបស់អាមេរិក) នៅថ្ងៃខាងមុខបាន។»
ការលើកឡើងរបស់លោក បុលសូណារ៉ូ គឺស្របគ្នានឹងគោលនយោបាយរបស់លោកដែលងាកទៅរកអាមេរិក។ លោកបានសន្យានាំប្រេស៊ីលដើរលើផ្លូវទិសដៅថ្មី ខុសពីរដ្ឋាភិបាលឆ្វេងនិយម និងកណ្ដាលនិយមមុនៗ។ មេដឹកនាំថ្មីរបស់ប្រេស៊ីលរូបនេះបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ក្នុងថ្ងៃស្បថចូលកាន់តំណែងថា ចាប់ពីពេលនេះតទៅ អាមេរិក និងប្រេស៊ីល គឺជាមិត្ត។
ក្នុងគោលនយោបាយការបរទេសនេះ ប្រធានាធិបតីប្រេស៊ីល រិះគន់ចិន វ៉េណេស៊ុយអេឡា គុយបា និងនីការ៉ាហ្កាដូចអាមេរិកដែរ។ លោក បានសន្យាប្រើប្រាស់គ្រប់វិធានការស្របច្បាប់និងតាមបែបប្រជាធិបតេយ្យដើម្បីប្រឆាំងនឹងរដ្ឋសង្គមនិយមនៅអាមេរិកឡាទីន ហើយក៏បានចាត់ទុកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ, ប្រធានាធិបតី នីហ្ការ៉ាកា Daniel Ortega និងប្រធានាធិបតីគុយបា មីហ្កែល ឌីយ៉ាខាណែល (Miguel Diaz-Canel) ជាជនផ្តាច់ដែរ។
ដើរផ្លូវដូចក្រុងវ៉ាស៊ីនតោនដែរនោះ លោក បុលសូណារ៉ូ មិនប្ដូរចិត្តឡើងរឿងរើស្ថានទូតប្រេស៊ីលប្រចាំអ៊ីស្រាអែលទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមនោះ។ លោកថា ការផ្លាស់ប្ដូរស្ថានទូតនេះ គឺចប់សព្វគ្រប់ហើយ ឯរឿងនៅសេសសល់ គឺពេលណាអនុវត្តការសម្រេចចិត្តនេះប៉ុណ្ណោះ។ ប្រធានាធិបតីប្រេស៊ីលរូបនេះមិនខ្វល់ពាក្យរិះគន់របស់ប្រទេសអារ៉ាប់ឡើយ តែចំអកវិញថា ប្រទេសដែលប្រឆាំងការរើស្ថានទូតនេះ ជាសម្ព័ន្ធមិត្តអាមេរិកទៀតផង៕
Tag:
ប្រេស៊ីល
Jair Bolsonaro
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com