ជាតិ
សង្គមជាតិ
សំរាម​លើ​ភ្នំ​គូលែន​បាន​កាត់បន្ថយ​ច្រើន​ក្រោយ​មាន​ឡ​ដុត​តាម​បច្ចេកទេស​ត្រឹមត្រូវ​
05, Jan 2019 , 8:59 am        
រូបភាព
 សៀមរាប​៖ ដោយសារ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​សំរាម ក៏ដូចជា​មិនមាន​កន្លែង​ទុកដាក់​ត្រឹមត្រូវ ក្រសួងបរិស្ថាន​តាមរ​យៈ​រដ្ឋមន្ត្រី លោក សាយ សំ​អាល់ បានផ្តល់​ជូន​នូវ​ឡ​ដុត​សំរាម​ដ៏​ទំនើប​មួយ ដែល​អាច​ដុត​សំរាម​បាន​រហ័ស ពិសេស​បំ​លែង​ផ្សែង​មិន​ឱ្យមាន​ជាតិពុល​ខ្ពស់​។ ឡ​នេះ​មាន​សមត្ថភាព​ដុត​សំរាម​បាន​ច្រើន អាស្រ័យ​លើ​លទ្ធភាព​អ្នកគ្រប់គ្រង​ឡ​។ អ្នកគ្រប់គ្រង​នៅ​ភ្នំ​គូលែន​បានឱ្យដឹងថា ក្រោយ​មាន​ឡ​ដុត​សំរាម​នេះ បញ្ហា​សំរាម​កាត់បន្ថយ​បាន​ច្រើន និង​មិនមាន​សំរាម​ទុក​ពាសវាល​ពាសកាល​ទៀត​ទេ​។​

 
​លោក ស៊ិន សួន ប្រធាន​សន្ដិសុខ​ក្រុមហ៊ុន នគរ​គោកធ្លក នៅ​ភ្នំ​គូលែន បានឱ្យដឹងថា ឡ​ដុត​សំរាម​ខាងលើ​ជាការ​ឧបត្ថម្ភ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង បរិស្ថាន ដែល​សង់​ឡើង​កាលពី​ឆ្នាំ ២០១៨​។ លោក​ថា កន្លងមក​សំរាម​នៅ​ភ្នំ​គូលែន​មិនមាន​កន្លែង​ទុក​ទេ គឺ​ក្រុមហ៊ុន​យក​គរ​ទុក​មួយកន្លែង ដោយមាន​បំណង​ជីករណ្ដៅ​កប់​។ តែដោយសារ​បារម្ភ​ពី​ផលប៉ះពាល់​ច្រើន ទើប​ក្រសួងបរិស្ថាន បានផ្តល់​ឡ​ដុត​សំរាម​នេះ​ជំនួស​។​
 
 
​តាម​ការលើកឡើង​រប​ស់លោក ស៊ិន សួន កន្លងមក​សំរាម​បាន​ក្លាយជា​បញ្ហា​ធំ​សម្រាប់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​ភ្នំ​គូលែន ឬ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​សីហនុ ដ្បិតថា​គ្មាន​កន្លែង​ទុកដាក់​ត្រឹមត្រូវ ហើយ​ពលរដ្ឋ​មិនបាន​ចូលរួម​ផង​។ យ៉ាងណា ក្រោយ​មាន​ឡ​ដុត​សំរាម ប្រធាន​សន្ដិសុខ​ក្រុមហ៊ុន នគរ​គោកធ្លក មើលឃើញថា ការ​ទុកដាក់​សំរាម​មាន​ភាពល្អប្រសើរ គឺ​មិនមាន​គំនរ​សំរាម​ច្រើន​ដូច​មុន​ឡើយ​។​
 
 
​បច្ចុប្បន្ន​ជា​ដំណោះ​អាសន្ន ឡ​ដុត​សំរាម​គឺ​ស្ថិត​ក្រោយ​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន នគរ​គោកធ្លក ដែល​គ្រប់គ្រង​លើ​ការលក់​សំបុត្រ​ចូល​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដែល​ក្នុងនោះ​កម្មករ​២​រូប​មើល​ខុសត្រូវ​កន្លែង​ឡ និង​៤​រូប​ទៀត ទទួលខុសត្រូវ​ដឹកជញ្ជូន​សំរាម​។ ក្នុង​មួយថ្ងៃ កម្មករ​អាច​ដុត​សំរាម​បាន​ប្រមាណ ១០​ឡ ដែលមាន​បរិមាណ​សំរាម ពី​២ ទៅ​៣ តោន ឬ​អាច​ច្រើនជាង​នេះ​តាម​លទ្ធភាព​អ្នកគ្រប់គ្រង​ឡ​៕
 




© រក្សាសិទ្ធិដោយ thmeythmey.com