ជាតិ
សង្គមជាតិ
ស្ត្រីវ័យ៥០ឆ្នាំ កែវ សាម៉េន ប្រឈមនឹងបាត់បង់អាជីពរកឃ្មុំព្រៃ!
× ព្រៃវែង៖ មានវ័យ៥០ឆ្នាំ អ្នកស្រី កែវ សាម៉េន ប្រកបរបររកឃ្មុំព្រៃ ដើម្បីលក់។ របររកឃ្មុំព្រៃរបស់អ្នកស្រី សាម៉េន កំពុងថយចុះដែលធ្វើឲ្យអ្នកស្រីត្អូញត្អែររកមិនបានដូចមុន។ ម្យ៉ាងវិញទៀត ចំណូលពីការលក់ឃ្មុំព្រៃរបស់អ្នកស្រី ក៏បានធ្លាក់ចុះផងដែរ ដោយធ្លាប់រកបានពី១០ម៉ឺនរៀលក្នុងមួយថ្ងៃ មកត្រឹមតែ៤ទៅ៥ម៉ឺនរៀលប៉ុណ្ណោះ។
របររកឃ្មុំព្រៃរបស់អ្នកស្រី កែវ សាម៉េន កាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអ្នកស្រីទទួលបានចំណូលកាន់តែតិច ហើយប្រឈមនឹងបាត់បង់អាជីពរកឃ្មុំព្រៃ។ រស់នៅក្នុងភូមិព្រៃទួល ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង អ្នកស្រី សាម៉េន ប្រាប់ថ្មីៗ២៥ថា៖ «កាលពីមុនខ្ញុំ និងប្រជាជននៅទីនេះ អាចរកឃ្មុំលក់បានប្រាក់ចំណូលច្រើនគួរសម តែពេលនេះពិបាករកណាស់។ ក្នុងមួយថ្ងៃខ្ញុំ អាចរកបានតែ១ទៅ២ បង្គងតែប៉ុណ្ណោះ ហើយថ្ងៃខ្លះរកមិនបានតែម្តង»។
បើតាមអ្នកស្រី សាម៉េន កាលពីមុនសម្បូរព្រៃធម្មជាតិ សម្បូរឃ្មុំ អ្នកស្រីអាចរកប្រាក់ចំណូលបាន១០ម៉ឺនរៀល ប៉ុន្តែពេលនេះរកបានត្រឹមតែ ៤ទៅ៥ម៉ឺនរៀល ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ស្ត្រីជាអ្នករកឃ្មុំរូបនេះ បន្ថែមថា៖ «ពេលខ្លះមេឃ្មុំធំៗពេក ខ្ញុំត្រូវប្រើភ្លើងដុតវា ហើយពេលខ្លះទៀត វាក៏ហើរមកទិចហើមមុខក៏មាន»។
ស្ត្រីវ័យចំណាស់រូបនេះ បញ្ជាក់ថា ការយកឃ្មុំពិបាកណាស់ ដោយសារត្រូវឡើងទៅខ្ពស់ រួចផ្លុំផ្សែងបារីដាក់ ដើម្បីឲ្យឃ្មុំហើរចេញ ទើបអាចកាត់យកបង្គងឃ្មុំបាន។
ឃ្មុំដែលអ្នកស្រី សាម៉េន រកបាន ត្រូវបានលក់ឲ្យឈ្មួញកណ្តាលដើម្បីលក់បន្ត ដោយ១គីឡូលក់បានក្នុងតម្លៃ៣ម៉ឺនរៀល។ ដោយឡែកឈ្មួញកណ្តាលដែលយកទៅលក់បន្ត អាចលក់បានតម្លៃពី ៤ទៅ៦ម៉ឺនរៀល ក្នុងមួយគីឡូ។
ព្រៃឈើកាន់តែរេចរឹល ឃ្មុំព្រៃគ្មានទីជម្រក អ្នកស្រី កែវ សាម៉េន អាយុ៥០ឆ្នាំរស់នៅស្រុកកំចាយមារនៃខេត្តព្រៃវែង កំពុងប្រឈមនឹងបាត់បង់មុខរបររកឃ្មុំ ដែលមិនអនុញ្ញាតឲ្យគ្រួសារអ្នកស្រីរស់នៅក្នុងជីវភាពធូរធារបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com