ពីនេះ ពីនោះ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សតវត្ស​ទី​១៧៖ «​តែ​» ជា​ភេសជ្ជៈ​សម្រាប់​ក្រុមគ្រួសារ​គហបតី​ប៉ុណ្ណោះ​
05, Jan 2019 , 4:30 pm        
រូបភាព
រូបភាព៖ Peet Coffee
រូបភាព៖ Peet Coffee
ដោយ: ថ្មីៗ
ក្នុងពេល​សព្វថ្ងៃ តែ​ជា​គ្រឿង​ភេសជ្ជៈ​មួយ​ដែល​មនុស្ស​គ្រប់​ជាន់ថ្នាក់​អាច​ទទួលទាន​បាន​សឹងតែ​គ្រប់​ទីកន្លែង ជាពិសេស​ហាង​គុយទាវ ហាង​កាហ្វេ រហូតដល់​កន្លែង​ទទួល​ភ្ងៀ​វរ​បស់​ក្រុមហ៊ុន ឬ​តាម​ផ្ទះ​ប្រជាជន​នានា​។ ប៉ុន្តែ​អំឡុង​សតវត្ស​ទី​១៧ ភេសជ្ជៈ​ប្រភេទ​នេះ​មាន​សម្រាប់តែ​គហបតី​ប៉ុណ្ណោះ​។​

 
​មនុស្ស​គ្រប់រូប​នៅក្នុង​ទ្វីប​ទាំងអស់​លើ​ពិភពលោក អា​ចរក​ជាវ «​តែ​»​បាន​យ៉ាង​ងាយស្រួល​សម្រាប់​ផឹក​ក្នុងតម្លៃ​ធូរ​ថ្លៃ​។ តែ​ជា​រុក្ខជាតិ​ពិសេស​មួយ ដែល​ភាគច្រើន​ដុះ​តែ​នៅ​តំបន់​អាស៊ី​ខាងកើត​មានដូចជា​ចិន វៀតណាម និង​កោះ​នានា​ឥណ្ឌូណេស៊ី​ជាដើម ហើយ​វា​ជា​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​ដែល​មានតែ​គ្រួសារ អភិជន​អឺរ៉ុប​ប៉ុណ្ណោះ​អាចមាន​លទ្ធភាព​ប្រើប្រាស់​កាលពី​រយៈពេល​បី​ទៅ​បួន​រយ​ឆ្នាំមុន​។ 
 
​គេហទំព័រ​អ៊ីនធឺណិត​ដែលមាន​ឈ្មោះថា tea.co.uk របស់​អង់គ្លេស​បាន​ឲ្យ​ដឹងថា ស្លឹក​តែ​ត្រូវបាន​គេ​សន្មត​ជា​ភេសជ្ជៈ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ចិន​តាំងពី​ជិត​៣០០០​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​ឯណោះ​។ តែ​បាន​ក្លាយជា​ភេសជ្ជៈ និង​ជា​វប្បធម៌​មួយ​ដែល​តំណាង​ឲ្យ​ចិន និង​ជប៉ុន​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ​។ 
 
​នៅក្នុង​ឆ្នាំ​១៦០៦ ជនជាតិ​ហូ​ឡង់​បានចាប់ផ្តើម​បង្កើត​ជំនួញ​របស់ខ្លួន​ដោយ​ដឹក​ជ​ញ្ជួ​ន​ស្លឹក​តែ​តាម​សំពៅ​ពី​កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី​មកកាន់​ប្រទេស​ហូ​ឡង់ រួច​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុង​ទ្វីប​នេះ​។ ការធ្វើ​ជំនួញ​ឆ្លងកាត់​ទ្វីប​ដ៏​លំបាក​វេទនា​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​ពេលដែល​ជនជាតិ​ហូ​ឡង់​បាន​ក្លាយជា​ជនជាតិ​មួយ​ដែលមាន​អំណាច​ខ្លាំងក្លា​ក្នុង​វិស័យ​នាវាចរណ៍ កាលពី​សតវត្ស​ទី​១៦ និង​១៧​។​
 
 ដោយសារតែ តែ​អាច​ដាំ​ដុះ​បានល្អ​នៅក្នុង​ទ្វី​អាស៊ី និង​ការដឹកជញ្ជូន​មកកាន់​អឺរ៉ុប​មាន​ភាព​​លំបាក គ្រោះថ្នាក់ និង​ចំណាយពេល​យូរ ទើប​ធ្វើ​ឲ្យ​រុក្ខជាតិ​មាន​ក្លិន​ឈ្ងុយ​ត្រូវបាន​គេ​ទទួលទាន​ក្នុង​រង្វង់​គ្រួសារ​អភិជន​សម្បូ​ធនធាន​។ បន្ទាប់ពី​ជនជាតិ​ហូ​ឡង់ ក្រុមហ៊ុន​អង់គ្លេស ឥណ្ឌា​ខាងកើត (The East India Company) បាន​ចូលមក​វិនិយោគ​យ៉ាងច្រើន​ក្នុង​ទីផ្សារ​នាំចូល​ស្លឹក​តែ​នេះដែរ​។ ក្រោយមក​ដោយសារតែ​តម្រូវការ​មានការ​កើនឡើង​ខ្ពស់​និង​មធ្យោបាយ​ធ្វើដំណើរ​ចាប់ផ្តើម​មាន​ភាពងាយស្រួល​ដូចជា​ការបង្កើត​កប៉ាល់​ថ្មីៗ និង​ការបង្កើត​ព្រែកជីក​សម្រាប់​កាត់បន្ថយ​ចម្ងាយ​ធ្វើដំណើរ​បានធ្វើ​ឲ្យ​ស្លឹក​តែមាន​តម្លៃ​កាន់តែ​ធូរ​ថ្លៃ ហើយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​អាច​ពិ​សារបាន​ជាធម្មតា​៕

Tag:
 តែ​
  អាស៊ី​
  ​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com