ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាជ្ញាធរខត្តព្រះសីហនុ សាងសង់ស្ថានីយ៍បូមទឹកកខ្វក់៤ទីតាំង ដើម្បីចម្រោះឲ្យស្អាត មុនបង្ហូរចូលសមុទ្រ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ អាជ្ញាធរខត្តព្រះសីហនុ កំពុងសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំង ដើម្បីបូមទឹកសំណល់រាវបញ្ចូលទៅអាងចម្រោះ មុននឹងបង្ហូរចូលទៅសមុទ្រ។ បើតាមអភិបាលខេត្តព្រះសីហនុ បញ្ហាទឹកស្អុយជាក្តីបារម្ភធំមួយ ដែលត្រូវដោះស្រាយ។
លោក យន្ត មីន បាននិយាយថា រដ្ឋបាលខេត្តព្រះសីហនុ បានជំរុញម្ចាស់ទីតាំងឧស្សាហកម្មទេសចរណ៍ អាគាពាណិជ្ជកម្មធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងឡាយ ធ្វើអាងប្រព្រឹត្តិកម្ម ដើម្បីចម្រោះជាតិពុលសិន មុននឹងបង្ហូរចូលទៅលូ និងបង្ហូរទៅសមុទ្រ ។ តែបញ្ហានេះម្ចាស់ទីតាំងអាជីវកម្មភាគច្រើន នៅមិនទាន់បានសហការនៅឡើយ។ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នេះ អាជ្ញាធរខេត្ត កំពុងសាងសងស្ថានីយ៍បូមទឹកកខ្វក់៤កន្លែង ដើម្បីបូមទឹកសំណល់រាវបញ្ចូលទៅអាងចម្រោះ មុននឹងបង្ហូរចូលទៅសមុទ្រ។
ស្ថានីយ៍បូមទាំង៤នេះ រួមមានទី១ នៅក្បែរអគារសណ្ឋាគារអេម៉ារីយ៉ូ ស្ថិតក្នុងសង្កាត់លេខ៣ ។ ទី២ ស្ថិតនៅជាប់បរិវេណសណ្ឋាគារសុខា។ ទី៣ ស្ថិតនៅក្បែរអូរ នៃអគា ឌី ស៊ីហ៊ូ និងទី៤ ស្ថិតនៅម្តុំទីតាំងផ្លូចុះទៅផែអូប័រទៅកោះរ៉ុង ដើមឆ្នេរអូរឈើទាល ។
ស្ថានីយ៍ទាំងនេះ គឺជាជួយជ្រោមជ្រែមពីក្រសួងពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង, ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ជាដើម។ រដ្ឋបាលខេត្តព្រះសីហនុ ដែលបានស្រង់សម្តីលោក យន្ត មីន បានសរសេរដូច្នេះថា៖«ដោយមានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីពាក់ពន្ធ័ រួមមាន ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម សាយ សំអាល់ ឯកឧត្តម ថោង ខុន ជាពិសេសសម្តេច ហ៊ុន សែន បានសម្រេចផ្តល់កាដូពិសេសសម្រាប់ខេត្តព្រះសីហនុ ក្នុងការស្តារទប់ស្កាត់បញ្ហាទឹកសំណល់រាវហូរចូលសមុទ្រនៅថ្ងៃអនាគតដ៏ខ្លីនេះ»។
បើតាមលោក យន្ត មីន បញ្ហាទឹកស្អុយហូរចូលសមុទ្រ ជាក្តីបារម្ភធំមួយតាំងពីលោកចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ មកម្លេះ។
បញ្ហាបរិស្ថានក្នុងខេត្តព្រះសីហនុ ដែលរងការរិះគន់កន្លងមក គឺជាគំរូអវិជ្ជមានមួយ សម្រាប់ជាមេរៀនដល់ការអភិវឌ្ឍន៍នៅខេត្តផ្សេងៗទៀត។ តំបន់ឆ្នេរដ៏ល្បីរបស់កម្ពុជាមួយនេះ បានរងការបំផ្លាញបរិស្ថានពីការទុកដាក់សំរាមមិនបានល្អ ការរំខានដល់សមុទ្រដោយការបង្ហូរទឹកសម្អុយ កម្ទេចដីពីការរដ្ឋានសំណង់ ការលុបឆ្នេរ ជាដើម។ អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា បញ្ហានេះកើតឡើងក៏ព្រោះតែគំហុកនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់នោះ ខណៈដែលរដ្ឋាភិបាលមិនទាន់រៀបចំបានរួចរាល់។
បើតាមលោក នេត្រ ភក្ត្រា បញ្ហាបរិស្ថាននៅខេត្តព្រះសីហនុ ពិសេសការបង្ហូរសំណល់ចូលសមុទ្រ នឹងត្រូវបានដោះស្រាយនាពេលខាងមុខ ព្រោះរដ្ឋាភិបាលកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងគ្រប់គ្រងអាជីវកម្ម សំណង់ យ៉ាងយកចិត្តទុកដាក់៕
Tag:
យន្ត មីន
ព្រះសីហនុ
ទឹកកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com