ពីនេះ ពីនោះ
តើពាក្យ «សាធារណៈ និងសាធារណជន » ខុសគ្នាដូចម្តេច?
× បើមហាជនទូទៅ សរសេរជា «សាធារណៈ» ត្រូវតែមានយុគលពិន្ទុ ឬចុចពីរ «ៈ» តែបើសរសេរជា «សាធារណជន »មិនចាំបាច់ដាក់យុគលពិន្ទុ«ៈ» នោះទេ។ មូលហេតុដែលគេប្រើ «សាធារណៈ» ដោយដាក់ចុចពីរ «ៈ» ដោយសារតែពាក្យនេះ ប្រើនៅខាងចុងបញ្ចប់នៃពាក្យ។ ចំណែក «សាធារណជន» សម្រាប់ប្រើនៅខាងដើមនៃពាក្យដទៃទៀត។
បើប្រើជា«សាធារណៈ» ត្រូវចងចាំថាមានចុចពីរ «ៈ» តែបើគេប្រើជា «សាធារណជន» មិនគួរណាបន្ថែមចុចពីរ«ៈ» ឡើយ។ ឲ្យតែមានពាក្យដែលសរសេរជាមួយពាក្យ សាធារណៈ សុទ្ធតែមានន័យថា ទូទៅ ដែលប្រើបានទាំងអស់គ្នា។
ពាក្យដែលមាន «សាធារណៈ» នៅខាងដើមនៃនាមសព្ទដទៃ មិនត្រូវបានដាក់ចុចពីរ «ៈ» នោះមានដូចជា សាធារណជន, សាធារណការ, សាធារណដ្ឋាន, សាធារណទាន, សាធារណប្រយោជន៍, សាធារណនាម, សាធារណទ្រព្យ, សាធារណរដ្ឋ។ល។
ចំណែកពាក្យដែលមាន «សាធារណៈ» នៅខាងចុងនៃនាមសព្ទ ត្រូវរក្សាទុកសញ្ញាចុចពីរ«ៈ»នេះដូចដើម។ ពាក្យទាំងនោះមានដូចជា បង្គន់សាធារណៈ,ទីសាធារណៈ, ផ្លូវសាធារណៈ, របស់សាធារណៈ ជាដើម។ នេះបើផ្អែកតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត៕
Tag:
ពន្យល់ពាក្យ
សាធារណជន
© រក្សាសិទ្ធិដោយ thmeythmey.com