ជាតិ
សង្គមជាតិ
ក្រុមហ៊ុន​ព្រម​ដំឡើង​ប្រាក់ខែ​១៥​ដុល្លារ​បន្ថែម ដល់​អ្នកប្រមូល​សំរាម​ក្នុង​រមណីយដ្ឋាន​អង្គរ​
07, Jan 2019 , 4:03 pm        
រូបភាព
កម្មករប្រមូលសំរាម ក្រុមហ៊ុនវីហ្រ្គីន កំពុងបារស្លែចេញពីកសិន្ធុ ប្រាសាទបាគង អំឡុងខែ មេសា ឆ្នាំ២០១៨
កម្មករប្រមូលសំរាម ក្រុមហ៊ុនវីហ្រ្គីន កំពុងបារស្លែចេញពីកសិន្ធុ ប្រាសាទបាគង អំឡុងខែ មេសា ឆ្នាំ២០១៨
​សៀមរាប​៖ នៅ​ទីបញ្ចប់ ការតវ៉ា​សុំ​ដំឡើង​ប្រាក់ខែ របស់​ក្រុមកម្មករ​ប្រមូល​សំរាមរ​របស់​ក្រុមហ៊ុន វី​ហ្គ្រី​ន ទទួលបាន​ដំណោះស្រាយ​ហើយ ពោល​ភាគី​ក្រុមហ៊ុន បានសម្រេច​ដំឡើង​ប្រាក់ខែ​ចំនួន ១៥​ដុល្លារ​បន្ថែមទៀត​ដល់​បុគ្គលិក​ទាំងអស់​។ ការព្រមព្រៀង​នេះ ធ្វើឡើង​ក្នុងជំនួប​លើក​ទី​២ នា​ព្រឹក​ថ្ងៃទី​៧ មករា រវាង​តំណាង​កម្មករ សហជីព ក្រុមហ៊ុន រួម​និង​អាជ្ញាធរ​។

 
​លោក ហួត សុធី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែលជា​អ្នកសម្របសម្រួល​ឱ្យមាន​ដំណោះស្រាយ​ខាងលើ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៧ មករា ឆ្នាំ​២០១៩​ថា ភាគី​ទាំងអស់​បាន​យល់ព្រម និង​យោគយល់​ចំពោះ​ការដំឡើង​ប្រាក់ខែ​ខាងលើ​។ លោក​ពន្យល់ថា​៖« ដោយសារ​ក្រុមហ៊ុន វី​ហ្គ្រី​ន ទើបនឹង​ដេញថ្លៃ​ប្រមូល​សំរាម​បាន​នៅ​ដើមឆ្នាំ​២០១៩​នេះ ហើយ​ភ្លាមៗ​ពេល​មាន​ការតវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​អីចឹង ខាង​គាត់​ក៏​ពិបាក​ដែរ​។ ដូច្នេះ​ទើប​ខាង​ក្រុមហ៊ុន​សុំ​យោគយល់ ហើយ​ថាបើ​ឆ្នាំក្រោយ បើ​ដេញ​បាន​ទៀត ក្រុមហ៊ុន​នឹង​ដំឡើង​ខ្ពស់ជាង​នេះ អាច​ពី​២០ ទៅ​២៥​ដុល្លារ តាម​ការចរចា​ជាក់ស្ដែង​»​។ តាម​ការបញ្ជាក់​របស់​លោក ហួត សុធី ការដំឡើង​នេះ​ចាប់ផ្តើម​អនុវត្តន៍​ពី​ខែ មករា​តទៅ​។ 
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន វី​ហ្គ្រី​ន ជា​ក្រុមហ៊ុន​ឯកជន ដែល​គ្រប់គ្រង​ការប្រមូល​សំរាម​តាម​តំបន់​ប្រាសាទ និង​តំបន់​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។ ក្រុមហ៊ុន​នេះ​មានកម្ម​ករ​ជាង ៥០០​នាក់ ហើយ​ពួកគេ​ទទួលបាន​ប្រាក់ខែ ចន្លោះ​ពី ៨០​ទៅ​ជាង ២០០​ដុល្លារ ទៅតាម​ពេលវេលា និង​មុខតំណែង​រៀងៗ​ខ្លួន​៕

Tag:
 កម្មករ​
 ​សំរាម​
 ​រមណីយដ្ឋាន​អង្គរ​
 ​សៀមរាប​
 ​ប្រាក់ខែ​
© រក្សាសិទ្ធិដោយ thmeythmey.com