ជាតិ
សង្គមជាតិ
លោក យន្ត មីន ប្តេជ្ញា​សាង​កិត្តិយស​ព្រះសីហនុ​ឡើងវិញ តាម​អនុសាសន៍​របស់​សម្តេច​
09, Jan 2019 , 12:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ
​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ដាក់ចេញ​វិធានការ​៤​យ៉ាង ឲ្យ​មន្ត្រីក្រោមឱវាទ​គ្រប់រូប អន​វុត្ត​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ស្តារ​កិត្តិ​យល​ខេត្ត​ឡើងវិញ​។ 


 
​យោងតាម​សារ ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​នេះ វិធានការ​ទាំង​៤​នោះ គឺ​ទី​១ ពង្រឹង​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ផ្លូវទឹក​ឡើងវិញ ដោយ​ដាក់ពិន័យ ចំពោះ​ជន​ណា ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់ ដូចជា បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​វ៉ា​ជែង​គ្មាន​សណ្តាប់ធ្នាប់ ជាដើម​។ 
 
​ទី​២ លុបបំបាត់​ឲ្យ​បាន​នូវ​រាល់​ការបើកបរ ដោយ​សេព​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ហើយ​ត្រូវ​ដាក់ទោស​តាមច្បាប់​កំណត់​។ ទី​៣ ត្រួតពិនិត្យ​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ទប់ស្កាត់​ជនខិលខូច ដែល​ប្រើប្រាស់​អាវុធ​និង​ជាតិ​ផ្ទុះ ខុសច្បាប់​។ ទី​៤ ត្រួតពិនិត្យ​រាល់​រថយន្ត​ដឹកទំនិញ កុំ​ឲ្យ​ដឹក​លើស​ទម្ងន់ ដែល​នាំ​ឲ្យ​ខូច​ផ្លូវ និង​ស្ទះចរាចរណ៍​ក្នុង​ក្រុង និង​ទីប្រជុំជន​។ 
 
​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ការដាក់ចេញ​នូវ​វិធានការ​នេះ គឺធ្វើឡើង​តាម​ការណែនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ពិធីបុណ្យ​សមុទ្រ កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង  ប្រមុខ​រដ្ឋាភិបាល បាន​ឆ្លៀត​ផ្តល់​អនុសាសន៍ ដល់​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ប្រឹងប្រែង​ស្តារ​កិត្តិយស​ខេត្ត​ឡើងវិញ ក្រោយ​រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​ប្រជាពលរដ្ឋ​៕ 
 

Tag:
 ​យន្ត មីន​
  ហ៊ុន សែន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com