ជាតិ
២៥ខេត្ត/រាជធានី
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សរសើរ​ផលិតផល​«​តែ​ម្រេច​ខ្មែរ​»​ស្តង់ដារ​អន្តរជាតិ​
09, Jan 2019 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក ក្នុងន័យ​គាំទ្រ និង​សរសើរ​ដល់​ក្រុមហ៊ុន​កូន​ខ្មែរ​ដែល​បាន​កែច្នៃ​ផលិតក​ញ្ចំ​ផ្កា​ម្រេច​សរីរាង្គ​កំពត យ៉ាង​ដូច្នេះ​ថា​៖ «​ផលិតផល​ថ្មី​មួយទៀត​របស់​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ នោះ​គឺ តែ​កម្ចាត់​ជាតិពុល​ម៉ាក Kirum របស់​ក្រុមហ៊ុន Confirel ដែល​ធ្វើឡើង​ពី​ទង​ម្រេច​កំពត​។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បានដាក់​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​ពី​រូបមន្ត​ផលិត​តែ​នេះ​ជិត​៥០​ប្រទេស​ហើយ​»​។​

 
«​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​»​នេះ ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន Confirel ហើយ​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​កម្មសិទ្ធិបញ្ញា ដែល​បាន​កែច្នៃ​តែ​ម្រេច​ពី​ទង​ផ្កា​ម្រេច​សុទ្ធ​១០០​ភាគរយ ពី​ប្រទេស​បារាំង​, អាមេរិក​, កាណាដា​, ជប៉ុន និង​ប្រទេស​ចិន​ជាដើម​។​

 
​អ្នកជំនួញ​លោក ហៃ លី​អ៊ាង ស្ថាបនិក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ PPM បញ្ជាក់​យ៉ាង​ដូច្នេះ មុននឹង​លោក​បញ្ជាក់​បន្ថែមថា វិញ្ញាបនបត្រ​កម្មសិទ្ធិ​បញ្ញា​ជា​លក្ខណ​អន្តរជាតិ​នេះ គ្មាន​នរណាម្នាក់ ឬ​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ​ណាមួយ អាច​លួច​ចម្លង​រូបមន្ត​របកគំហើញ​«​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​» របស់​ក្រោម​ហ៊ុន Confirel បានឡើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដំបូង​។ ក្រៅពី​រសជាតិ​ឈ្ងុយឆ្ងាញ់ នៅក្នុង​«​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​»​នេះ ក្រុមហ៊ុន Confirel បាន​សិក្សា​ស្រាវជ្រាវ​ឃើញថា មាន​សារធាតុ​អាចជួយ​រំលាយ​អាហារ​, សម្រក​ទម្ងន់ និង​បញ្ចេញ​ជាតិពុល​ក្នុង​ខ្លួន​ផងដែរ​។​

 
​អ្នកជំនួញ​កសិកម្ម​លោក ហៃ លី​អ៊ាង ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​មានគំនិត​ច្នៃប្រឌិត​ច្រើន និង​ចូលចិត្ត​បង្កើត​អ្វីដែល​ថ្មី​នោះ បាន​ឲ្យ​ដឹងផង​ដែរ​ថា «​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​»​នេះ បាន​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប​ធំៗ និង​ឱសថស្ថាន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​, នៅក្នុង​ប្រទេស​អាស៊ាន​មួយចំនួន​, និង​ចាប់ផ្តើម​នាំទៅ​ទីផ្សារ​អា​មេ​រិច​ផងដែរ​៕

Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com