ជាតិ
សង្គមជាតិ
បុរស​ទី​៣ ដែល​ប្រមាថ​ព្រះមហាក្សត្រ ត្រូវ​ជាប់ទោស​៣​ឆ្នាំ​
10, Jan 2019 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​បុរស​ម្នាក់​ឈ្មោះ អៀង ជលសារ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​តម្រូវ​ឲ្យ​បង់ប្រាក់​៥​លាន​រៀល ចូលទៅ​រដ្ឋ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។ ចៅក្រម បានប្រកាស​សាលក្រម​ដាក់ទោស​លើ​បុរស​នោះ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​។​


 
​បុរស​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ក្រោយពី​រូបគេ បង្ហោះ​រូប​និង​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​លក្ខណៈ​ប្រមាថ​ព្រះមហាក្សត្រ​។ 
 
​នៅមាន​បុរស​២​នាក់​ទៀត ក៏បាន​ទទួលទោស ដោយសារតែ​ការ​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ លើ​បណ្តាញ​សង្គម​ដែរ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៨​។ ក្នុងចំណោម​អ្នក​ទាំង​២​នោះ ម្នាក់​ឈ្មោះ ឃាង ណាវី មាន​វ័យ​៥០​ឆ្នាំ នៅ​ខេត្តកំពង់ធំ ហើយ​ម្នាក់ទៀត​ឈ្មោះ បាន សម្ភីរ មាន​បុរស​វ័យ​៧០​ឆ្នាំ នៅ​ខេត្តសៀមរាប​។ 
 
​បុរស​ឈ្មោះ ឃាង ណាវី ត្រូវបាន​កាត់ទោស​រួច​ហើយ ដោយ​ទោស​ខ្លះ​ត្រូវបាន​ព្យួរ​។ នេះ​បើតាម​លោក វ៉ាន់ សេង ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការខេត្ត​កំពង់ធំ​។ 
 
​ប៉ុន្តែ លោក មិន​ចាំ​ទេ​ថា តុលាការ កំណត់​ឲ្យ​បុរស​នោះ ជាប់​ព​ន្ធា​គារ​ប៉ុន្មាន​ឆ្នាំ ហើយ​ទោស​ដែល​ត្រូវ​ព្យួរ មាន​រយៈពេល​ប៉ុន្មាន​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ យ៉ាង​ដូច្នេះ​ថា​៖«​ទាល់តែ​ខ្ញុំ​ឆែក​សាលក្រម​មើល បានដឹង​។ តែ​គ្រាន់តែ​ដឹងថា គាត់ ប្រហែលជា​អាច​បាន​ត្រឡប់ទៅផ្ទះ​វិញ​ឆាប់ៗ​នេះហើយ​»​។​
 
​ចំណែក​បុរស​ឈ្មោះ បាន សម្ភីរ ត្រូវបាន​តុលាការ​ខេត្តសៀមរាប កាត់ទោស​១​ឆ្នាំ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨​។ ប៉ុន្តែ តុលាការ កំណត់​ឲ្យ​រូបគេ ជាប់ទោស​ក្នុង​ពន្ធ​គារ​៧​ខែ ឯ​ទោស​៥​ខែ​ទៀត ត្រូវ​ព្យួរ​។ 
 
​មែនទែនទៅ សូម្បីតែ​លោក សម  រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស ក៏​រង​ការចោទប្រកាន់ថា ប្រមាថ​ព្រះមហាក្សត្រ​ដែរ​។ លោក រង​ការចោទប្រកាន់ ដោយសារតែ​លោក លើកឡើងថា ព្រះរាជសារ ដែល​ព្រះមហា​ក្ស​ក្សត្រ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​បោះឆ្នោត​កាលពី​កន្លងទៅ គឺជា​ព្រះរាជសារ​ក្លែងក្លាយ ឬក៏​ជា​ព្រះរាជា​សារ​ដែល​ត្រូវបាន​ធ្វើឡើង ក្រោម​សម្ពាធ​របស់​គណបក្សកាន់អំណាច​។ បច្ចុប្បន្ន តុលាការ កំពុង​ចាត់ការ​លើ​សំណុំរឿង​មួយ​នេះ​៕ 

Tag:
 ​ព្រះមហាក្សត្រ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com