ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លក់​ចេកអាំង​តាម​អន​ឡាញ ជួយ​ឲ្យ​អ្នកស្រី ពេជ្រ សុ​ភ័​ក្រ រក​អតិថិជន​បាន​កាន់តែច្រើន​
10, Jan 2019 , 10:44 am        
រូបភាព
ដោយ:
​កំពង់ចាម​៖ «​សម័យ​បច្ចេកវិទ្យា​»! កំពុង​ពេញនិយម ពលរដ្ឋ​ក៏​កាន់តែ​ទំនើប​។ សូម្បីតែ​អ្នកលក់ដូរ​របរ​តូចតាច ក៏​ឆ្លៀតឱកាស​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ទាំងនេះ តាមរយៈ​ការលក់ដូរ​តាម​អន​ឡាញ​។ ជា​អ្នកលក់​នំ​បុ័ង និង​ចេកអាំង​ស្រោច​ទឹកខ្ទិះ​ផង លោកស្រី ពេជ្រ សុ​ភ័​ក្រ អាច​រកចំណូលបាន​ជា​ង​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ពី​វិធី​លក់​តាម​អន​ឡាញ​នេះ​។ 

 
​ជាង​២​ឆ្នាំ​ហើយ ដែល​អ្នកស្រី ពេជ្រ សុ​ភ័​ក្រ ប្រកប​របរ​អាំង​នំ​បុ័ង និង​ចេកអាំង​លក់ នៅលើ​តូប​ខាងមុខផ្ទះ​។ របរ​នេះ គឺ​គ្រាន់តែ​ជា​ចំណី ឬ​ជា​អាហារសម្រន់​ប៉ុណ្ណោះ ប៉ុន្តែ​មាន​អតិថិជន មិនតិច​ទេ ដែល​ឈរ​ចាំ​ទិញ​នំ​បុ័ង និង​ចេកអាំង​របស់​អ្នកស្រី សុ​ភ័​ក្រ យកទៅ​ពិសារ​។ នោះ​ក៏​ព្រោះតែ​រសជាតិ​ចេកអាំង​ស្រោច​ខ្ទិះ​,​ចេកអាំង​ញាត់​ដូង​, ត្រាវ​,​ដំឡូង និង​នំប៉័ង​អាំង​ផ្សំ​គ្រឿង​ពិសេស​របស់​អ្នកស្រី សុ​ភ័​ក្រ ដែល​បាន​អន្ទង​ចិត្ត​អតិថិជន​ឲ្យ​មក​រង់ចាំ​ត្រៀបត្រា​បែបនេះ​។​


 
​ដើមឡើយ​របរ​លក់​ចេក និង​នំ​បុ័ង​អាំង​របស់​អ្នកស្រី សុ​ភ័​ក្រ មិនសូវ​ទទួលបាន​អតិថិជន​ច្រើន​ទេ កាលពី​១​ឆ្នាំ​ដំបូង​។ ប៉ុន្តែ​ក្រោយពី​អ្នកស្រី សង្កេតឃើញថា ការលក់ដូរ​បច្ចុប្បន្ន​នេះ ភាគច្រើន​មានការ​ពេញនិយម​ទិញ​ទំនិញ​នៅលើ​បណ្តាញ​ស​ង្ត​ម​នោះ អ្នកស្រី​ក៏​សម្រេចចិត្ត​លក់​ចេកអាំង​តាម​អន​ឡាញ ដោយ​ផ្សព្វផ្សាយ​ពី​អាហារសម្រន់​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​អតិថិជន​បាន​ស្គាល់​ពី​កន្លែង​លក់​ចេក និង​នំ​បុ័ង​អាំង​របស់ខ្លួន​។ ការធ្វើ​បែបនេះ​វា​ពិតជា​ផ្ដល់​ផល​ដល់​អ្នកស្រី សុ​ភ័​ក្រ ពិតមែន​។​


 
«​សព្វថ្ងៃ​ខ្ញុំ​លក់​នៅ​តូប​មុខផ្ទះ និង​ឆ្លៀត​ឡាយ​លក់​តាម​អន​ឡាញ​ខ្លះៗ​ផងដែរ​ព្រោះ​តែមាន​អតិថិជន​មក​រង់ចាំ​ច្រើនពេក​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មិនមាន​ពេល​គ្រប់​គ្រន់ ដើម្បី​ឡាយ​(Live Video)​លក់​តាម​អន​ឡាញ​។ នៅទីនេះ​មាន​លក់​ដូចជា​ចេកអាំង​ញាត់​ត្រាវ​,​ចេកអាំង​ញាត់​ដូង​,​ចេកអាំង​ស្រោច​ទឹក​ខ្ទះ និង​នំប៉័ង​អាំង​ផ្សំ​គ្រឿង​ពិសេស​។  ជាងនេះទៅទៀត​មាន​សេវា​ដឹក​ជូន​អតិថិជន​ដែល​នៅក្នុង​ក្រុង​កំពង់ចាម​មិន​គិត​សេវា​ដឹកជញ្ជូន​ចំពោះ​ការ​កម្មង់​ចាប់ពី​២​ប្រអប់​ឡើងទៅ​។ សម្រាប់​ចេកអាំង​មួយ​ប្រអប់​តម្លៃ​២​ពាន់​រៀល​មាន​ចេក​ប្រាំ និង នំប៉័ង​មួយ​តម្លៃ​៤​ពាន់​រៀល​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សុ​ភ័​ក្រ​។​


 
​អ្នកស្រី សុ​ភ័​ក្រ ចាប់ផ្តើម​លក់​អាហា​សម្រន់​នេះ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​រហូតដល់​ម៉ោង​៧​ល្ងាច​ជា​រៀងរាល់ថ្ងៃ​។ អាហារសម្រន់​ចេកអាំង នំ​បុ័ង​អាំង​របស់​អ្នកស្រី គឺ​គ្មាន​រស់ជាតិ​សាច់ជ្រូក​នោះទេ ដោយសារតែ​អតិថិជន​របស់​អ្នកស្រី ដែល​រស់នៅ​ក្នុងភូមិរ​ការ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ភាគច្រើន​គឺជា​ជនជាតិខ្មែរ​អ៊ីស្លាម​។ ដោយសារ​រសជាតិ​បែបនេះហើយ ទើប​អ្នកស្រី​ទទួលបាន​អតិថិជន​ជា​ជនជាតិខ្មែរ​អ៊ីស្លាម​ប្រមាណ​ជា​៤០​ភាគរយ​នៃ​អតិថិជន​ទាំងអស់ ក្នុង​រយៈពេល​ឆ្នាំ​មកនេះ​។ អ្នកស្រី សុ​ភ័​ក្រ អាច​រកចំណូលបាន​ចន្លោះ​ពី​១០​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តាមរយៈ​អាហារសម្រន់​ទាំងនេះ​។ នេះ​បើតាម​ស្ត្រី​រាង​ក្រាស់​ខ្ពស់​នេះ​៕










 

Tag:
 ចេកអាំង​
 ​មុខរបរ
© រក្សាសិទ្ធិដោយ thmeythmey.com