ជាតិ
សង្គមជាតិ
គម្រោង​ពង្រីក​អាង​បន្សុទ្ធ​ទឹក​ខ្វក់​១៦​ហិកតា​ដើម្បី​ទប់ស្កាត់​ទឹក​កខ្វក់​ហូរ​ចូលក្នុង​សមុទ្រ​
10, Jan 2019 , 9:39 pm        
រូបភាព
ដោយ:
​ព្រះសីហនុ​៖ ដើម្បី​ទប់ស្កាត់​ទឹក​កង្វក់​ដែល​ហូរ​ចូលក្នុង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ពង្រីក​អាង​ប​ន្សុ​ន្ធ​ទឹក​កង្វក់​ចំនួន​១៦​ហិកតា​បន្ថែមទៀត​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​ដែល​បាន​ស្រង់​សម្តី​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​។​

 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា បញ្ហា​ទឹក​កខ្វក់ គឺជា​រឿង​គួរ​ឲ្យ​បារម្ភ ខណៈ​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដែលមាន​ឥទ្ធិពល​ផ្នែក​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​។ ទន្ទឹមនឹងនេះ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ កំពុងមាន​ការអភិវឌ្ឍ​ផ្នែក​សំណង់ អាគារ​ពាណិជ្ជកម្ម ខុន​ដូ និង​សណ្ឋាគារ នៅតាម​មាត់សមុទ្រ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​កំណើន​ទឹកស្អុយ​កាន់តែ​ច្រើនឡើង​ផងដែរ​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​បរិមាណ​នៃ​ការបញ្ចេញ​ទឹក​កង្វក់​នៅក្នុង​ខេត្ត​នេះ មាន​ចន្លោះ​ពី​២​ម៉ឺន ទៅ​៤​ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ ខណៈ​សមត្ថភាព​អាង​ស្តុក​អាច​បន្សុទ្ធ​ទឹក​កខ្វក់​នេះ   ក្នុង​មួយថ្ងៃ អាច​គ្រប់គ្រង​ទឹក​កង្វក់​បានតែ​៦​ពាន់​ម៉ែត្រគុប​ប៉ុណ្ណោះ​។ ក្រៅពី​មាន​គម្រោង​កសាង​អាង​ចម្រោះ​ទឹក​កង្វក់​លើដី​១៦​ហិកតា នៅ​ព្រះសីហនុ ក្រសួង​ក៏​នឹង​កសាង​អាង​ចម្រោះ​ទឹក​បន្ថែមទៀត​នៅ​ខេត្តកំពត កែប និង​បណ្តា​ខេត្ត​មួយចំនួន ដូចជា បាត់ដំបង សៀមរាប កណ្តាល កំពង់ស្ពឺ និង​តាកែវ​ផងដែរ​។ 
 
​ជាមួយគ្នា​ផងដែរ រដ្ឋបាលខេត្ត បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ទីតាំង​ឧស្សាហកម្ម​ទេសចរណ៍ អាគារ​ពាណិជ្ជកម្ម​ធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង​ម្ចាស់​អាហារ​ដ្ឋា​ន​ទាំងអស់ រួមគ្នា​អនុវត្ត និង​ធ្វើ​អាង​ចម្រោះ​ទឹក​កង្វក់ មុននឹង​បង្ហូរ​ចូលទៅ​លូ​សមុទ្រ ប៉ុន្តែ​ម្ចាស់​ទីតាំង​អា​ជីរ​ករ​មួយចំនួន នៅតែ​មិនទាន់​អនុវត្ត​ត្រឹមត្រូវ​នៅឡើយ​ទេ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កង្វក់​នេះ អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏​កំពុង​សាងសង់​ស្ថានីយ៍​បូមទឹក​កង្វក់​ចំនួន​៤​កន្លែង សម្រាប់​បូម​កាកសំណល់​រាវ​ប​ញ្ជូ​ល​ទៅ​អាង​ចម្រោះ មុននឹង​បង្ហូរ​ចូល​នៅក្នុង​សមុទ្រ​។ ស្ថានីយ​ទាំងនោះ​រួមមាន​ទី​១ នៅក្បែរ​អាគារ​សណ្ឋាគារ​អេ​ម៉ា​រី​យ៉ូ ស្ថិតនៅក្នុង​សង្កា​ត់ទី​៣​។ ទី​២ ស្ថិត​នៅជាប់​បរិវេណ​ស​ណ្ឋា​គារ​សុខា​។ ទី​៣ ស្ថិតនៅ​ក្បែរ​អូរ នៃ​អាគារ ឌី ស៊ី​ហ៊ូ និង​ទី​៤ ស្ថិតនៅ​ម្តុំ​ទីតាំង​ផ្លូវ​ចុះទៅ​ផែ​អូប័រ​ទៅ​កោះរ៉ុង ដើម​ឆ្នេរ​អូរ​ឈើទាល​៕ 
 

Tag:
 ទឹក​កខ្វក់​
 ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com