ជាតិ
ទន្លេសាប ជាទី​តាំង​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​ដ៏​ធំ​អស្ចារ្យ​បំផុត​មួយ មិនគួរ​ឲ្យ​ជឿ​នៅលើ​ភពផែនដី
11, Jan 2019 , 7:19 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​នៃ​ឧបករណ៍​នេសាទ «​លប​ណ​រ៉ាវ​» (​រូប​ដូច​សញ្ញា​ព្រួញ​)​។ រូបភាពៈ ឈុត ឈា​ណា /​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​រូបភាព​ពីលើ​អាកាស​នៃ​ឧបករណ៍​នេសាទ «​លប​ណ​រ៉ាវ​» (​រូប​ដូច​សញ្ញា​ព្រួញ​)​។ រូបភាពៈ ឈុត ឈា​ណា /​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​នៅក្នុង​រូបភាព​ខាងលើនេះ គឺជា​ឧបករណ៍​នេសាទ «​លប​ណ​រ៉ាវ​» ខ្នាតតូច​ជា​លក្ខណៈ​គ្រួសារ រាប់សិប​មាត់ ត្រូវបាន​ប្រជា​នេសាទ ដាក់​ដើម្បី​រង់ចាំ​នេសាទ​ត្រី ដែល​នឹងធ្វើ​ចរាចរ​ចេញពី​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​បាក់​ភ្នំ ឃុំអំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ចំណែកឯ​ចំណុច​ស​តូចៗ យ៉ាងច្រើន​ស្អេក​ស្អះ​ពេញ​ផ្ទៃ​ទន្លេសាប ប្រៀប​ដូចនឹង​សំរាម​អណ្តែត​ទឹក​នោះ គឺជា​ឧបករណ៍​នេសាទ​ម្យ៉ាង ដែល​ទើបនឹង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ដែល​ប្រជា​នេសាទ​និយម​ហៅថា​៖ «​លប​ម៉ា​ឡេ ឬ​លប​ប្រើស​មួយរយ​»​។


 
​នៅតាម​បណ្តោយ​ដង​ទន្លេសាប ពិសេស ចាប់ពី​ខាងជើង​ស្ពាន​ជ្រោយចង្វារ ដល់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង គេ​ឃើញ​សកម្មភាព​យ៉ាង​មមាញឹក​របស់​ប្រជា​នេសាទ ដែល​កំពុង​ដាក់​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ ដើម្បី​នេសាទ​ត្រី​។​
 
​ទន្លេសាប មាន​ប្រវែង ១២០​គីឡូម៉ែត្រ គឺជា​ទន្លេ​ដែល​ត​ភ្ជាប់​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​។ ក្នុងអំឡុងពេល​រដូវ​មូសុងវស្សា ចាប់ពី​ខែ កក្កដា ដល់​ខែវិច្ឆិកា ជា​រៀងរាល់ឆ្នាំ ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង ទឹក​ក៏​ហូរ​ចូលក្នុង​ទន្លេសាប និង​បន្ត​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប​ទៀត​។ 
 
​នៅពេលដែល​ភ្លៀង​មូសុងវស្សា​ថយចុះ​ក្នុង​វិច្ឆិកា ទឹកទន្លេ​មេគង្គ​ក៏​ស្រក​ចុះ ទឹក​បឹង​ទន្លេសាប ក៏​ហូរ​ត្រឡប់​ចេញមក ដោយ​ឆ្លងកាត់​ទន្លេសាប ចូលក្នុង​ទៅ​ទន្លេមេគង្គ​វិញ​ដែរ​។ ក្នុងនោះ ហ្វូង​មច្ឆជាតិ​ដ៏​ច្រើន​ឥត​គណនា ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​ផងដែរ​។ 
 
​លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ជា​សមាជិក និង​ជា​អ្នករៀបចំ​កម្មវិធី​ទូរទស្សន៍​ភូមិសាស្ត្រ​ជាតិ (National Geographic) ព្រមទាំង​ជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) មានប្រសាសន៍ថា​៖ «​ទន្លេសាប គឺជា​ទីតាំង​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​ដ៏​ធំ​បំផុត​ក្នុង​លោក​។ ការធ្វើ​ចរាចរ​ផ្លាស់​ទីនេះ គឺជា​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​ធំ ដែលមាន​ចំនួន​មច្ឆជាតិ​ចូលរួម​ដ៏​ច្រើន​បំផុត ដែល​បាន​កើតមានឡើង​នៅ​បាត​ទន្លេសាប តែ​យើង​មិនអាច​មើលឃើញ​។ នៅក្នុង​នោះ ត្រី​រាប់ពាន់ លាន​ក្បាល ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញមក​ដែរ ដែលជា​ការផ្លាស់​ទី​ដ៏​ធំ​អស្ចារ្យ​បំផុត​មួយ មិនគួរ​ឲ្យ​ជឿ​នៅលើ​ភពផែនដី​នេះ​។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ដែល​មនុស្ស​ភាគច្រើន​មិនដែល​បានដឹង និង​មិនដែល​បានឮ​អំពី​វា​»​។ 
 

​ប្រជា​នេសាទ​កំពុង​លើក «​លប​ម៉ា​ឡេ ឬ​លប​ប្រើស​មួយរយ​» នៅក្នុង​ទន្លេសាប​។ រូបភាពៈ ឈុត ឈា​ណា /​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ឆ្លៀត​ក្នុង​ឳ​កាស​ដ៏​អស្ចារ្យ​នេះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រ​ក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង​បន្ថែម​របស់ខ្លួន ចុះ​ថ្ងៃ​៣​កើត ខែ បុស្ស ឆ្នាំច សំរិទ្ធ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមករា ឆ្នាំ ២០១៩ ស្តីអំពី​រដូវ​ធ្វើ​ប្រហុក ផ្អក​។ 
​បើ​យើង​តាម​សេចក្តី​ជួន​ដំណឹង​បន្ថែម​នោះ បាន​ឲ្យ​ដឹងថា គន្លង​ដាយ ដែលជា​ឧបករណ៍​នេសាទ​ខ្នាត​ធំ នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​បន្តទៀត ក្នុង​ខែ​ត​បុស្ស គឺ​ចាប់​ថ្ងៃ​៦​កើត ដល់​ថ្ងៃ ១២ កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៩ នេះ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ណាមួយ​ទេ​។​
 

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល កំពុង​កាត់​ក្បាល​ត្រី​ធ្វើ​ត្រីឆ្អើរ​។ រូបភាព​៖ ឈុត ឈា​ណា​/​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ក្នុងនោះ​ផងដែរ រដ្ឋបាល​ជលផល សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ទុក​សម្រាប់​បរិភោគ សូម​អញ្ជើញ​មក​ទិញ​ត្រី​ក្នុង​ខែបុស្ស​នេះ​ទៀត​ឲ្យ​បាន​រួសរាន់​។ មិនតែប៉ុណ្ណោះ រដ្ឋបាល​ជលផល ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រពល​រដ្ឋ​បានធ្វើ​ដំណើរ​ទៅមក ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ត្រី កុំ​ឲ្យ​មានការ​រាំងស្ទះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com