ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ប្រកាសថា មិនឈប់កាន់អំណាចត្រឹម២០២៨ទេ បើអ្នកណា បន់ឲ្យស្លាប់
× សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ប្រកាសម្តងទៀតថា នឹងបន្តឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ (២០២៣)។ នាយករដ្ឋមន្ត្រី ប្រកាសបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលប្រចាំឆ្នាំជាមួយអ្នកកាសែតជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
ប្រមុខរដ្ឋាភិបាល បញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងតំបន់យើងនេះ (អាស៊ាន?) ពុំមានប្រទេសណាមួយ ដែលនាយករដ្ឋមន្ត្រី កាន់តំណែងដល់៣៤ឆ្នាំទេ ហើយបូកនឹង៥ឆ្នាំទៀត វាត្រូវឡើង៣៩ឆ្នាំ។ ដល់ឆ្នាំ២០២៨ បានឈប់»។
យ៉ាងណា ប្រធានគណបក្សកាន់អំណាច អាចនឹងប្រកាសកាន់អំណាចហួសពីឆ្នាំ២0២៨ បើអ្នកណា ប្រឹងបន់ស្រន់ឲ្យលោកឆាប់ស្លាប់។ មេដឹកនាំកម្ពុជា ថ្លែងបែបនេះថា៖«បើអ្នកឯង រង់ចាំហ៊ុន សែន ស្លាប់ ខ្ញុំ នឹងប្រកាសកាន់អំណាចតទៅទៀត តែឥឡូវកុំអាល»។
បន្ទាប់មក ប្រមុខរដ្ឋាភិបាល ក៏ចំអកឲ្យអ្នកដែលបន់ឲ្យលោកឆាប់ស្លាប់ថា អាចនឹងស្លាប់មុនលោកក៏ថាបាន។ មេដឹកនាំ ដែលបច្ចុប្បន្ន មានវ័យ៦៧ឆ្នាំរូបនេះ បានសរសើរពីសុខភាពរបស់ខ្លួនឯងថា នៅមានភាពរឹងមាំ និងមិនមានជំងឺ ហើយស្មារតី មិនវង្វេង។ លោក ធ្លាប់ប្រកាសកន្លងមកថា ខ្លួនអាចរស់ដល់ទៅ៤០ឆ្នាំទៀតឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com