កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ចិន​និង​កូរ៉េខាងត្បូង​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្ទាប់
12, Jan 2019 , 11:32 am        
រូបភាព
អ្នកគាំទ្រចិនកំពុងអបអរ (រូបភាពគេហទំព័រ Asian Cup)
អ្នកគាំទ្រចិនកំពុងអបអរ (រូបភាពគេហទំព័រ Asian Cup)
​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន និង​កូរ៉េខាងត្បូង មាន​សិទ្ធិ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup 2019 ដែល​អេ​មី​រ៉ាត់​អារ៉ាប់​រួម​ជា​ម្ចាស់ផ្ទះ​។ ឆ្លងកាត់​ពីរ​ប្រកួត​ជម្រុះ​ពូ​ល C ចិន និង​កូរ៉េខាងត្បូង​ទទួលបាន​៦​ពិន្ទុ​ពេញ​ដូចគ្នា​។ ក្នុង​ពូ​ល​ដដែល​នេះ ហ្វីលីពីន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ដែល​ចាញ់​ពីរ​ប្រកួត​ដូចគ្នា ក៏​មិនទាន់​វេច​បង្វិច​មក​ផ្ទះ​ដែរ ប៉ុន្តែ​ក្ដីសង្ឃឹម​ឡើង​វគ្គ​បន្ត​មាន​តិចតួច​។​

 
​នៅក្នុង​ពូ​ល C ក្រុមកីឡា​បាល់ទាត់​ជម្រើស​ចិន ឈរ​នៅ​កំពូល​តារាង​បណ្ដោះអាសន្ន​មាន​៦​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ៣​ទល់​០ ក្នុងការ​ប្រកួត​លើក​ទី​២ ថ្ងៃទី​១១ ខែមករា​។ ក្រុម​ចិន​ដែល​ដឹកនាំ​ដោយ​លោក Marcello Lippi អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ឈ្នះ​ពាន World Cup ឆ្នាំ​២០០៦ ស៊ុត​បញ្ចូល​ទី​គូប្រកួត​ចំនួន​៥ គ្រាប់ របូត​១​គ្រាប់ និង​មាន​គ្រាប់​បាល់​ចំណេញ​ចំនួន​៤​គ្រាប់​។ ការប្រកួត​ទី​១ ចិន​ឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២​ទល់​១ ។ 
 
 
​ឯ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​វិញ កំពុង​ឈរ​លេខ​រៀង​ទី​២ មាន​ពិន្ទុ​៦​ស្មើ​ចិន តែ​ចាញ់​គ្រាប់​ចំណេញ​។ ក្នុងការ​ប្រកួត​លើក​ទី​២ កូរ៉េខាងត្បូង​យកឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ១​ទល់នឹង​០ ។ សរុប​ទាំងពីរ​ប្រកួត កូរ៉េខាងត្បូង​មាន​គ្រាប់​ចំណេញ​ពីរ​គ្រាប់​។ ក្រុម​កូរ៉េខាងត្បូង នឹង​ប៉ះ​ចិន​នៅ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល C ។​
 
 
​ហ្វីលីពីន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​វិញ មិនទាន់​ពិន្ទុ​រាប់​នៅឡើយ​ទេ​។ ក្រោម​ការដឹកនាំ​របស់​លោក Sven Goran Eriksson ហ្វីលីពីន ប្រកួត​ចាញ់​ទាំង​ពីរលើក គឺ​ចាញ់​កូរ៉េខាងត្បូង ៣-២ និង​បន្ត​ចាញ់​ចិន ៣-០ ហើយ​ស្ថិតនៅ​បាត​តារាង​។ កៀ​ហ្ស៊ី​ស៊ី​ស្ថាន​វិញ ឈរ​នៅ​លេខ​បី​ក្នុង​ពូ​ល មាន​សូន្យ​ពិន្ទុ តែមាន​គ្រាប់​គេ​ស៊ុត​ចូល​តិចជាង​ហ្វីលីពីន​។ ក្រុម​ទាំងពីរ​ត្រូវ​ប៉ះគ្នា​ប្រកួត​ទី​បី និង​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​យក​តំណែង​លេខ​បី​។ តាម​រូបមន្ត​ការប្រកួត ក្រុម​លេខ​៣ ល្អ​ជាង​ចំនួន​៤​ក្រុម មាន​សិទ្ធិ​ឡើងទៅ​វគ្គ​បន្ត​។​
 
​ដោយឡែក ពូ​ល B វិញ​ក៏មាន​ការប្រកួត​មួយ​ដែរ​នៅ​ថ្ងៃទី​១១ ខែមករា​។ ក្រោយ​ចាញ់​ក្រុម​ហ្ស៊​កដា​នី ក្រុម​កង់​គូ​រូ​អូស្ត្រាលី មានសង្ឃឹម​ឡើងវិញ ក្រោយ​ឈ្នះ​ក្រុម​ប៉ា​ឡេ​ស្ទី​ន ៣​ទល់​០ ។ ឆ្លងកាត់​ពីរ​ប្រកួត ក្នុង​ពូ​ល​នេះ ហ្ស៊​កដា​នី​មាន​៦​ពិន្ទុ​, អូស្ត្រាលី​៣​ពិន្ទុ​, ស៊ី​រី​មាន​១​ពិន្ទុ​ស្មើ​ប៉ា​ឡេ​ស្ទី​ន​។​
 
​សម្រាប់​ថ្ងៃទី​១២ ខែមករា មាន​បី​ប្រកួត​។ ក្នុង​ពូ​ល D វៀតណាម​ត្រូវការ​ឈ្នះ​អ៊ីរ៉ង់​ដើម្បី​បន្ត​ក្ដីសង្ឃឹម ដោយ​ការប្រកួត​ធ្វើ​នៅ​ម៉ោង ៦​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​) ឯ​យេ​ម៉ែន​ទទួល​អ៊ីរ៉ាក់​នៅ​ម៉ោង​៨​កន្លះ​យប់ (​ម៉ោង​កម្ពុជា​)​។ ឯ​ពូ​ល E វិញ លី​បង់​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ម៉ោង​១១​យប់ (​ម៉ោង​កម្ពុជា​)៕  

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com