ជាតិ
សហគមន៍​បឹង​ពារាំង ច្រានចោល​ព័ត៌មាន​ដែលថា​មានការ​កាប់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ខ្លួន​
12, Jan 2019 , 7:29 pm        
រូបភាព
​សៀមរាប​៖ សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង បាន​ចេញមុខ​ច្រាល​ចោល​ព័ត៌មាន​ដែលថា មាន​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​ក្នុង​ដែន​អភិរក្ស​របស់ខ្លួន​។ សហគមន៍​នេះ​បានចាត់ទុក​ព័ត៌មាន​ខាងលើ​ថា​ខុសពី​ការពិត ដែល​មានបំណង​ចោទប្រកាន់​ពី​ភាព​ទៀងត្រង់​របស់​សហគម​ន៍​ក្នុងការ​អភិរក្ស​ដែន​ជម្រក​ពូជ​ត្រី សត្វ​ស្លាប​ដ៏​ធំ​ក្នុង​ក្រុង​សៀមរាប​មួយ​នេះ​។​

 
​លោក សុខ សំណាង ប្រធាន​ផ្នែក​ទេសចរណ៍​របស់​សហគម​ន៍​បឹង​ពារាំង បានឱ្យដឹងថា ថ្មីៗ​នេះ​មាន​ព័ត៌មាន​ចោទប្រកាន់ថា ក្រុមការងារ​របស់លោក​បាន​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​បឹង​ពារាំង គឺ​ការពិត​មិន​ដូច្នោះ​ទេ​។ តាម​ការពន្យល់​របស់​លោក សំណាង រូបភាព​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នោះ គឺជា​រឿង​កាលពី​ឆ្នាំ​២០១៧ មក ដែល​កាលនោះ​មានការ​ការដ្ឋាន​ធ្វើ​ផ្លូវ​ទៅកាន់​តែ​បឹង​ពារាំង​របស់​រដ្ឋបាលខេត្ត​សៀមរាប ហើយ​ការធ្វើ​នោះ​ក៏​មិនបាន​ប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក​ដែរ គឺ​គ្រាន់តែ​ឈូសឆាយ​លើ​គន្លង​ផ្លូវ​ចាស់​តែប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា បឹង​ពារាំង​មាន​ផ្ទៃដី​សរុប​ចំនួន ២៧០​ហិកតា និង​មាន​ទំហំ​ជាង ៣​ពាន់​ហិកតា បើ​គិត​ទាំង​ផ្ទៃ​ដីព្រៃ​លិច​ទឹក​។ បឹង​នេះ ស្ថិតនៅ​ប៉ែក​ខាងកើត​ឆៀង​ខាងត្បូង​ក្រុង​សៀមរាប ដែល​ធ្វើដំណើរ​ប្រហែល​៣០​នាទី​។ នៅ​ចុងឆ្នាំ​២០១៥ បឹង​នេះ​គ្រប់គ្រង​ដោយ​សហគមន៍​បឹង​ពារាំង បន្ទាប់ពី​សហគមន៍​ចុង​ឃ្នៀ​ស​បោះបង់​សិទ្ធិ​គ្រប់គ្រង​របស់ខ្លួន​។ សហគមន៍​បឹង​ពារាំង បាន​ផ្តើម​អភិរក្ស​មេត្រី​ពូជ សត្វ​ស្លាប និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ​។ យ៉ាងណា បច្ចុប្បន្ន​តំបន់​នេះ​នៅមាន​បញ្ហា​ផ្នែក​ផ្លូវច្បាប់​បន្ដិច​ទាក់ទង​នឹង​ការទាមទារ​សិទ្ធិ​គ្រប់គ្រង​របស់​សហគម​ន៍​ចុង​ឃ្នៀ​ស​វិញ ដែល​បណ្ដាលឱ្យ​បឹង​ពារាំង​មាន​ភាព​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍ​៕

© រក្សាសិទ្ធិដោយ thmeythmey.com