ជាតិ
ឱកាសល្អ​!​សេ​ដាក បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​«​អធិការកិច្ច និង​ការបញ្ជាក់​វិញ្ញាបនបត្រ​កសិកម្មសរីរាង្គ​»
12, Jan 2019 , 1:29 pm        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (​អង្គការ​សេ​ដាក​) នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល និង​ហាត់​ការងារ ស្ដីពី «​អធិការកិច្ច និង​ការបញ្ជាក់​វិញ្ញាបនបត្រ​កសិកម្មសរីរាង្គ​» ដល់​អ្នក​ដែល​ស្រឡាញ់​នឹង​ការងារ​កសិកម្មសរីរាង្គ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​២​ជំហាន ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២១ មករា ដល់​ថ្ងៃទី ០២ មេសា​ខាងមុខនេះ​។​



​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សុវត្ថិភាព​ចំណីអាហារ និង​កសិករ​ទទួលបាន​ការបញ្ជាក់​វិញ្ញាបនបត្រ​កសិកម្មសរីរាង្គ​កាន់តែច្រើន អង្គការ​សេ​ដាក នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​និង​ហាត់​ការងារ ស្ដីពី «​អធិការកិច្ច និង​ការបញ្ជាក់​វិញ្ញាបនបត្រ​កសិកម្មសរីរាង្គ​»​។ បើតាម​លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ វគ្គ​បណ្ដុះបណ្ដាល​នេះ សេ​ដាក  ចង់​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឲ្យ​មាន​ជំនាញ​ក្នុងការ​បញ្ជាក់​គុណភាព​កសិកម្មសរីរាង្គ​។ នាយិកា​រូបនេះ បន្តថា កន្លងមក មាន​មនុស្ស​តិច​ណាស់ ដែល​ធ្វើការ​ទាក់ទង​នឹង​រឿងនេះ ដោយ​សេ​ដាក​ចង់​ពង្រីក​ការងារ​នេះ​ឲ្យ​បាន​ច្រើន​ដល់​កសិករ​។​
 
​លោកស្រី តុង ចាន់​ធាង បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ទទួល​យុវជន និង​ពលរដ្ឋ​ប្រមាណ ១៥​នាក់​។ នាយិកា​អង្គការ​សេ​ដាក​រូបនេះ រំពឹងថា អ្នកចូលរួម​នឹងមាន​សមត្ថភាព និង​ជំនាញ​ពិតប្រាកដ ក្នុង​ការធ្វើ​កិច្ចការ​ត្រួតពិនិត្យ​កសិកម្មសរីរាង្គ​របស់​កសិករ​។ 
 
​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​២​ជំហាន ដោយ​ជំហាន​ទី​១ ពីថ្ងៃ​ទី ២១ មករា ដល់​ថ្ងៃទី ០២ កុម្ភៈ នៅ​ភោជនីយដ្ឋាន​អូ​ក្រា សិក្សា​ពី​គោលការណ៍ និង​ស្ដង់ដារ​កសិកម្មសរីរាង្គ រួមទាំង​ការរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​ក្នុង​កសិកម្មសរីរាង្គ​។ ជំហាន​ទី​២ ពីថ្ងៃ​ទី ០៧ កុម្ភៈ ដល់​ថ្ងៃទី ០២ មេសា សិក្ខាកាម នឹង​ចុះ​អនុវត្ត​ការងារ​អធិការកិច្ច​នៅតាម​កសិដ្ឋាន​គោលដៅ​។ 
 
​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ អ្នកចូលរួម​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន រួមមាន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ថវិកា​សម្រាប់ អាហារ ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​, វិញ្ញាបនបត្រ និង​ឱកាស​ការងារ​ជាមួយ​អង្គការ​សេ​ដាក​ផងដែរ​។ លក្ខខណ្ឌ​ក្នុងការ​ចូលរួម បេក្ខជន​ទាំងពីរ​ភេទ ត្រូវមាន​បរិញ្ញាបត្រ​ជំ​នា​ញ​កសិកម្ម សេដ្ឋកិច្ច​អភិវឌ្ឍន៍ ឬ​ជំនាញ​ដែល​ពាក់ព័ន្ធ​, មាន​ឆន្ទៈ​ចាប់យក​អាជីព​ក្នុង​វិស័យ​កសិកម្មសរីរាង្គ និង​អាច​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពី​ដើម​ដល់​ចប់​។​
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ អាចដាក់​ពាក្យ​ពីថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី ១៧ មករា តាម​អាសយដ្ឋាន ផ្ទះ​លេខ ១៥១ ផ្លូវ ៥៩២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរ​សព្ទ ០៨៦ ៥១១ ៤៧៨/ ០៧៧ ៦៧១ ៥៧១ និង ០១២ ៨៦៩ ៤៤៣៕
 

Tag:
 កសិកម្ម​
  កសិករ​
  សរីរាង្គ​
  សេ​ដាក​
© រក្សាសិទ្ធិដោយ thmeythmey.com