ជាតិ
២៥ខេត្ត/រាជធានី
ឈប់​ចំណាកស្រុក​ទៅ​ថៃ​! អ្នកស្រី ចាន់​ធឿន ងាក​មក​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់ រកចំណូលបាន​ច្រើនជាង​
13, Jan 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី អួន ចាន់​ធឿន បាន​វិល​ត្រឡប់មក​ស្រុកកំណើត​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់​វិញ បន្ទាប់ពី​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ រយៈពេល​២​ឆ្នាំ​។ អ្នកស្រី ចាន់​ធឿន ជា​កសិករ​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់​លក្ខណៈ​គ្រួសារ នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ បើតាម​អ្នកស្រី ចាន់​ធឿន របរ​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់ បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​ធូរធារ​ជាង​ធ្វើក​ម្មករ​ចំណាកស្រុក​នៅ​ថៃ ដោយ​មួយខែ​អ្នកស្រី អាច​រកចំណូលបាន ៨០​ម៉ឺន​រៀល​។​


​មាន​វ័យ​៣៤​ឆ្នាំ អ្នកស្រី អួន ចាន់​ធឿន និង​ស្វាមី បានសម្រេច​ចិត្ត​ត្រឡប់មក​ធ្វើការ​នៅ​ស្រុកកំណើត​វិញ ក្រោយពេល​ចំណាកស្រុក​នៅ​ប្រទេស​ថៃ រយៈពេល​២​ឆ្នាំ​។ អ្នកស្រី ចាន់​ធឿន និង​ស្វាមី បាន​ចំណាកស្រុក​ទៅ​ថៃ បន្ទាប់ពី​ឃើញ​អ្នកជិតខាង​រកចំណូលបាន​ច្រើន​ពី​ការងារ​ធ្វើជា​កម្មករ​នៃ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ថៃ​។ ការ​ចំណាកស្រុក​នេះ មិនបាន​ធ្វើ​ឲ្យ​អ្នកស្រី ចាន់​ធឿន រកប្រាក់​ចំណូល​បាន​ច្រើន​ដូច​អ្នកជិតខាង​នោះទេ​។ ផ្ទុយទៅវិញ អ្នកស្រី ចាន់​ធឿន ដាំ​បន្លែ និង​ចិញ្ចឹម​មាន់​នៅផ្ទះ រកចំណូលបាន​៨០​ម៉ឺ​ន បូក​នឹង​ចំណូល​ស្វាមី​របស់​អ្នកស្រី​ដែល​រកបាន​ជាង​៨០​ម៉ឺន​រៀល​ក្នុង​មួយខែ​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី អួន ចាន់​ធឿន កសិករ​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់នៅ​ខេត្តកំពង់ធំ​៖

 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី អួន ចាន់​ធឿន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​ដោយសារ​អ្នកភូមិ​រកចំណូលបាន​ច្រើន​ពី​ការ​ចំណាកស្រុក​នេះ ទើប​ទៅតាម​គេ​ដែរ​។ គេ​ទៅ​ចំ​កន្លែង​ល្អ តែ​យើង​ទៅ​មិនត្រូវ​កន្លែង​ដូច​គេ​»​។ អ្នកស្រី ចាន់​ធឿន ហាក់​មាន​អារម្មណ៍​អន់ចិត្ត ដែល​សម្រេចចិត្ត​ចំណាកស្រុក​នៅ​ថៃ​។ 
 
​ស្ត្រី​រស់នៅ​ខេត្តកំពង់ធំ​រូបនេះ បានមក​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់​វិញ ដែល​ទទួលបាន​បណ្ដុះបណ្ដាល​ពី​អង្គការ​សេ​ដាក​។ បើតាម​អ្នកស្រី ចាន់​ធឿន កសិកម្ម​មាន​សារៈសំខាន់​សម្រាប់​អ្នកស្រី ជាពិសេស​បញ្ហា​សុខភាព​។ ក្រៅពី​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់ អ្នកស្រី ចាន់​ធឿន បាន​ស្រែ​បន្ថែម រួមទាំង​បង្កើត​ក្រុម​សន្សំ​មួយ​នៅក្នុង​ភូមិ​ផងដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com