ជាតិ
មន្ត្រី​៖ តាកែវ សល់​ស្បៀង​ជិត​៨​សែន​តោន ក្នុង​ឆ្នាំ​២០១៩
12, Jan 2019 , 5:19 pm        
រូបភាព
​តាម​ការប៉ាន់ប្រមាណ​តុល្យភាព​ស្បៀង ដោយ​ដកចេញ​ការហូបចុក​រយៈពេល​មួយឆ្នាំ ការ​ទុក​ពូជ ចំណី​សត្វ ការបាត់បង់​ផ្សេងៗ ឃើញថា​ទូទាំង​ខេត្តតាកែវ នៅសល់​ស្បៀង​គិត​ជា​ស្រូវ​ចំនួន​ជិត​៨​សែន​តោន និង​គិត​ជា​អង្ករ​ជាង​៥​សែន​តោន សម្រាប់​ការនាំ​ចេញទៅ​បណ្ដាល​ខេត្ត​ផ្សេងៗ និង​ក្រៅប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួង​ព័ត៌មាន​។



​ក្រសួង​ព័ត៌មាន បាន​ចុះផ្សាយ​ពីស​ម្តី​របស់លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តតាកែវ ថា ក្នុង​ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ មាន​ចំនួន​ប្រហែល ១,១​លាន​នាក់ ហើយ​មនុស្ស​ក្នុង​មួយឆ្នាំ តម្រូវ​ស្បៀង​គិត​ជា​អង្ករ​រយៈពេល​មួយឆ្នាំ​ចំនួន ១,៤​សែន​តោន​។  
 
​ប្រធាន​មន្ទី​រូបនេះ បញ្ជាក់ថា ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៨-២០១៩ របស់​ប្រជា​សិ​ករ​ខេត្តតាកែវ​កន្លងមក អនុវត្តបាន​ចំនួន​ជិត​២​សែន​ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​ចំនួន​ជិត​៧​សែន​តោន​។  
 
​ម​ន្រី្ត​ខាងលើ​ដដែល បន្តថា ចំណែក ស្រូវ​រដូវប្រាំង​វិញ គិតដល់​ពេលនេះ ប្រជាកសិករ​សម្រេច​អនុវត្តបាន​ជាង​៦​ម៉ឺន​ហិកតា​។ ការប៉ាន់ប្រមាណ​នូវ​ទិន្នផល​ជា​មធ្យម មាន​ជិត​៥​ពាន់​តោន​ក្នុង​មួយ​ហិកតា​។ ដូច្នេះ បរិមាណ​ផល​សរុប​ទាំង​ផល​ស្រូវ​រដូវវស្សា​និង​ផល​ស្រូវ​រដូវប្រាំង​មាន​១,១​លាន​តោន​។ 
 
​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩​នេះ សល់​ស្បៀង​ច្រើនជាង ដោយ​គិត​ជា​ស្រូវ​ចំនួន ជិត​២​ម៉ឺន​តោន និង​គិត​ជា​អង្ករ​ចំនួន​ជាង​១​ម៉ឺន​តោន​៕ 

Tag:
 កសិកម្ម​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com