ជាតិ
សេ​ដាក ជំរុញ​កសិករ​អាស៊ាន​ឲ្យ​ដាំ​កាហ្វេ​សរីរាង្គ ដោយ​ចាប់ផ្តើម​ពី​កម្ពុជា និង​ឡាវ​
13, Jan 2019 , 1:59 pm        
រូបភាព
​ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​)៖ អង្គការ​សេ​ដាក មានបំណង​លើកកម្ពស់ និង​សហការ​ជាមួយ​កសិករ​នៅ​តំបន់​មេគង្គ​, តំបន់​អាស៊ាន d​ដោយ​ផ្ដោតលើ​ផលិតផល​កាហ្វេ​សរីរាង្គ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ខេត្ត​ចម្ប៉ា​សាក់ លោក​បណ្ឌិត យ៉ង សាំង​កុមារ បញ្ជាក់ថា សេ​ដាក ចង់​លើកកម្ពស់​កសិករ​អាស៊ាន​ឲ្យ​ដាំ​កាហ្វេ​សរីរាង្គ ដោយ​ចាប់ផ្ដើម​ពី​កសិករ​នៅ​មណ្ឌលគិរី និង​កសិករ​នៅ​ចម្ប៉ា​សាក់​។ បន្ថែម​លើ​នេះ ជា​បណ្ដើរៗ​សេ​ដាក នឹង​ពង្រីក​កសិករ រួមទាំង​កសិផល​ផងដែរ​។​



​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ កាលពី​ថ្ងៃទី​២៦-២៩​ធ្នូ​កន្លងទៅ ក្រុមការងារ​សេ​ដាក​, ក្រុម​តំណាង​កាហ្វេ​សរីរាង្គ​, អ្នក​ផលិត​កសិផល​សរីរាង្គ និង​អ្នកសារព័ត៌មាន បាន​ទៅ​ទស្សនា​ចម្ការ​កាហ្វេ Arabica របស់​ជនជាតិ​ឡាវ​នៅ​ខេត្ត​ចម្ប៉ា​សាក់​។ ក្នុង​ចម្ការ​កាហ្វេ​ប្រមាណ ៣​ហិកតា​នេះ បាន​ដាំ​ដុះ​កាហ្វេ​តាមបែប​ក​សិ​-​រុក្ខកម្ម ដែលមាន​ដំណាំ​ចម្រុះ​ក្នុង​ចម្ការ​តែមួយ​។ លោក​បណ្ឌិត យ៉ង សាំង​កុមារ លើកឡើង​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​មាន​អារម្មណ៍​ប្លែក ដោយសារ​កសិករ​នៅទីនេះ​ដាំ​កាហ្វេ​ជាមួយ​ដំណាំ​ចម្រុះ ដែល​អនុលោម​តាម​ស្ដង់ដារ​សរីរាង្គ​។ ហើយ​វា​ជា​កន្លែង​ល្អ​មួយ ដែល​កសិករ​អាចមក​រៀនសូត្រ​បាន​»​។ 
 
​ស្ថាបនិក​អង្គការ​សេ​ដាក​រូបនេះ បញ្ជាក់ថា​៖ «​អង្គការ​សេ​ដាក ចង់​លើកកម្ពស់ និង​សហការ​ជាមួយ​កសិករ​នៅ​តំបន់​មេគង្គ និង​តំបន់​អាស៊ាន ផ្ដោតលើ​ផលិតផល​កាហ្វេ​សរីរាង្គ ហើយ​ចាប់ផ្ដើម​ពី​កសិករ​នៅ​មណ្ឌលគិរី និង​កសិករ​នៅ​ចម្ប៉ា​សាក់​»​។ មួយវិញទៀត ដោយសារ​ការនិយម​បរិភោគ​កាហ្វេ​មានការ​កើនឡើង ទើប​សេ​ដាក ជួយ​សម្របសម្រួល​និង​សហការ​ជាមួយ​កសិករ​ឡាវ ក្នុងការ​នាំចូល​កាហ្វេ​ដែលមាន​ប្រភព​ច្បាស់លាស់ ជាពិសេស​គោលការណ៍​សរីរាង្គ​។ ទន្ទឹមនឹងនេះ សេ​ដាក ក៏មាន​បំណង​ផ្សារភ្ជាប់​ការសហការ​គ្នា​រវាង​ក​សិ​ករ​ខ្មែរ និង​កសិករ​ឡាវ ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ដែល​ឈានទៅ​បង្កើត​សមាគម​ឆ្លង​ប្រទេស​ផងដែរ​។ នេះ​បើតាម​លោក​បណ្ឌិត យ៉ង សាំង​កុមារ​។ 

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ ស្ថាបនិកអង្គការសេដាកនៅក្នុងចម្ការកាហ្វេនាខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដូចតទៅ៖
 
 

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ ស្ថាបនិក​អង្គការ​សេ​ដាក​នៅក្នុង​ចម្ការ​កាហ្វេ​នា​ខេត្ត​ចម្ប៉ា​
​អង្គការ​សេ​ដាក បាន​លើកកម្ពស់​កាហ្វេ​សរីរាង្គ Robusta នៅ​ខេត្តមណ្ឌលគិរី និង​កាហ្វេ Arabica នៅ​ខេត្ត​ចម្ប៉ា​សាក់ ដែល​អំណោយផល​លើ​ដំណាំ​កាហ្វេ​។ លោក​បណ្ឌិត យ៉ង សាំង​កុមារ បញ្ជាក់ថា កសិករ​ជនជាតិ​ឡាវ​បាន​ឯកភាព​ជាមួយ​អង្គ​សេ​ដាក  ដោយ​សេ​ដាក នឹង​បញ្ជូន​អ្នកជំនាញ​មក​ត្រួតពិនិត្យ ក្នុងការ​កំណត់​ស្ដង់ដារ​សរីរាង្គ​សេ​ដាក ដែល​ឈានដល់​ស្ដង់ដារ​អន្តរជាតិ​។ 
អត្ថបទទាក់ទង
​សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី បាន​អំណោយផល​លើ​កាហ្វេ​ប្រភេទ Robusta ចំណែក​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ​វិញ បាន​អំណោយផល​កាហ្វេ​ប្រភេទ Arabica ដែល​ត្រូវការ​អាកាសធាតុ​ត្រជាក់​ក្នុង​រយៈកម្ពស់​ជាង​១២០០​ម៉ែត្រ​។ ក្នុង​ខេត្ត​ចម្ប៉ា​សាក់​នេះ ប្រជាពលរដ្ឋ​និយម​ដាំ​កាហ្វេ Arabica ៥​ប្រភេទ​ដូចជា  Arabica ទី​វី​កា​, Arabica ចា​កា​, Arabica កា​ទួ​យ​, Arabica កា​ទី​ម័​រ និង Arabica កា​តូ​រ៉ា​៕

Tag:
 កសិកម្ម​
  កាហ្វេ​
  ឡាវ​
  ចម្ប៉ា​សាក់​
  មណ្ឌលគិរី​
  យ៉ង សាំង​កុមារ​
  សរីរាង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com